តុលាការដោះលែងលោក ម៉ិច ដារ៉ា ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន
លោក ម៉ិច ដារ៉ា អ្នកសារព័ត៌មានឯករាជ្យ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ និងសម្រេចដាក់ពន្ធនាគារជិត១ខែ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
ការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានសរសេរលិខិត និងចេញវីដេអូទទួលកំហុស និងសុំអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក ម៉ិច ដារ៉ា ត្រូវបានកម្លាំងរាជអាវុធហត្ថចាប់ខ្លួន ហើយបញ្ជូនទៅប្រឈមមុខនឹងការកាត់ទោសនៅតុលាការក្រុងភ្នំពេញ ក្រោយលោកត្រូវបានអាជ្ញាធរមូលដ្ឋាននៅស្រុកបាភ្នំ ខេត្តព្រៃវែង ចោទប្រកាន់ថា បានបង្ហោះរូបភាពមិនពិតចំនួន២សន្លឹកលើបណ្តាញសង្គម ដែលបង្ហាញពីការបំផ្លិចបំផ្លាញភ្នំឈើកាច់ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។
លោកត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ អស់រយៈពេល២៥ថ្ងៃ បន្ទាប់ពីលោកត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ ដោយសារលោកបានបង្ហោះព័ត៌មានមួយចំនួន នៅលើបណ្តាញសង្គម ហ្វេសប៊ុក របស់លោក ។ ព័ត៌មានដែលលោកបានបង្ហោះទាំងនោះ ត្រូវបានគេចោទថាជាព័ត៌មានក្លែងក្លាយ ។
អង្គការលីកាដូ បានឱ្យដឹងថា ដារ៉ាបានចាកចេញពីពន្ធនាគារ បន្ទាប់ពីមេធាវីរបស់លោកបានដាក់ពាក្យស្នើសុំនៅក្រៅឃុំម្តងទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
កាលពីថ្ងៃទី២៣ ខែតុលា លោកដារ៉ាបាននិយាយសូមអភ័យទោសតាមរយៈវីដេអូ និងលិខិតដែលលោកសរសេរដោយផ្ទាល់ដៃ ចំពោះការបង្ហោះព័ត៌មានមួយចំនួននៅលើបណ្តាញសង្គមរបស់លោក កាលពីខែកញ្ញា ដែលសកម្មភាពបង្ហោះទាំងនោះ គឺជាមូលហេតុនៃការចោទប្រកាន់ទៅលើលោក ពីបទ ញុះញង់ ។
សូមរម្លឹកថា លោកដារ៉ា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា ដោយមន្ត្រីមួយចំនួនមកពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ខណៈដែលលោកនិងក្រុមគ្រួសារ កំពុងធ្វើដំណើរត្រលប់មកពីខែត្រព្រះសីហនុ ។
លោកត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃបន្ទាប់ និងត្រូវបានចោទប្រកាន់ពីបទ ញុះញង់ ហើយត្រូវបានបញ្ជូនខ្លួនទៅឃុំ នៅពន្ធនាគារខេត្តកណ្តាល ។
ការងាររបស់ដារ៉ា រួមមាន ការស៊ើបអង្កេតទៅលើអាជីវកម្មចាប់ជំរិតតាមអ៊ិនធើណេត ដែលពាក់ព័ន្ធនឹងការជួញដូរ និងការធ្វើទារុណកម្មលើមនុស្ស នៅក្នុងអាគារដែលប្រកបអាជីវកម្មនោះ។
ការងាររបស់ដារ៉ាបានលេចឡើងតាមរយៈអត្ថបទសារព័ត៌មានរបស់កាសែត ឌឹខេមប៊ូឌាដេលី កាសែតភ្នំពេញប៉ុស្តិ៍ វិទ្យុសំឡេងប្រជាធិបតេយ្យ និងសារព័ត៌មានអន្តរជាតិជាច្រើនផ្សេងទៀត៕