តន្ត្រីល្អសម្រាប់ខួរក្បាលក៏ដូចជាព្រលឹង
លោកអ្នកប្រហែលជាធ្លាប់ស្តាប់ភ្លេង ឬចម្រៀងនានា ដើម្បីបន្ធូរនូវអារម្មណ៍តានតឹង។ លោកអ្នកប្រហែលជាមិនដឹងទេថា កាលពី១៥០០ ឆ្នាំមុន លោកអូហ្គូស្ទីន ដែលជាបព្វជិតដំបូងដែលនិយាយនិងឲ្យតម្លៃលើតន្រ្តីដែលអាចជួយដល់មនុស្សបាន។ ហើយសព្វថ្ងៃនេះ អ្នកស្រាវជ្រាវវិទ្យាសាស្ត្របង្ហាញថា អ្នកច្រៀង សម្តែង ឬស្តាប់តន្ត្រីក៏បង្កើន និងពង្រឹងខួរក្បាលពួកគេផងដែរ។
អ្នកវិទ្យាសាស្ត្រផ្នែកសរសៃប្រសាទកាតូលិក លោកស្រី ខេតលីន ហ្គាន ( Kathlyn Gan) បានអះអាងថា មិនត្រឹមតែប៉ុណ្ណោះទេ តន្ត្រីសាសនាអាចបង្កើតផលដែលមានប្រយោជន៍កាន់តែច្រើន។
លោកស្រី ដែលដឹកនាំមន្ទីរពិសោធន៍ស្រាវជ្រាវនៅសាកលវិទ្យាល័យ តូរ៉ុនតូ (Toronto) បាននិយាយថា តន្ត្រីអាចជាផ្នែកមួយនៃរបៀបរស់នៅដែលមានសុខភាពល្អ ដែលជួយទប់ទល់កុំឲ្យផ្លូវចិត្តធ្លាក់ចុះដែលនាំឲ្យមានភាពចាស់ជរា។
លោកស្រីបានបន្តថា តន្ត្រីក៏អាចជួយការពារការចាប់ផ្តើមនៃជំងឺភ្លេចភ្លាំង រហូតដល់ ៩៥% ហើយវាក៏មានប្រយោជន៍ដល់ជំងឺផ្សេងៗដែលកើតឡើងដោយ ភាពធាត់ ជំងឺលើសឈាម ការជក់បារី ថ្លង់ របួសខួរក្បាល និងភាពឯកោក្នុងសង្គម។
លោកស្រីបានបន្តថា តន្ត្រីមិនត្រឹមតែជំរុញខួរក្បាលតាមវិធីពិសេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជំរុញទំនាក់ទំនងសង្គមដែលមានសុខភាពល្អផងដែរ នៅពេលសម្តែងជាក្រុម៕