ណាតូនឹងស្នើមូលនិធិជំនួយ ១០០ ពាន់លានអឺរ៉ូ ជួយដល់អ៊ុយក្រែន
យោងតាមប្រភពការទូតមួយ កាលពីថ្ងៃអង្គារ បានឲ្យដឹងថា អគ្គលេខាធិការអង្គការណាតូ លោកជេន ស្តូលថេនប៊ឺក នឹងស្នើឲ្យបង្កើតមូលនិធិមួយដែលមានទឹកប្រាក់ចំនួន ១០០ ពាន់ លានអឺរ៉ូសម្រាប់ ៥ឆ្នាំ ដើម្បីជួយដល់អ៊ុយក្រែននៅក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី។ ប្រទេសចំនួន ៣២ នៃក្រុមសម្ព័ន្ធមិត្តអាត្លង់ទិច នឹងនិយាយអំពីរឿងនេះនៅអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការ បរទេសរបស់ពួកគេនៅទីក្រុងប៊្រុចសែល។
មន្រ្តីម្នាក់នៃក្រុមសម្ព័ន្ធមិត្ត បានបញ្ជាក់នៅក្នុងការសុំមិនបញ្ចេញឈ្មោះថា រដ្ឋមន្រ្តីទាំងនេះនឹងពិភាក្សាអំពីមធ្យោបាយល្អប្រសើរបំផុតដើម្បីរៀបចំការគាំទ្ររបស់អង្គការណាតូសម្រាប់អ៊ុយក្រែនដើម្បីធ្វើឲ្យអ៊ុយក្រែនកាន់តែរឹងមាំ មានការបង្ការខ្លួនកាន់តែល្អ និងកាន់តែមានចីរភាព។ មិនមានសេចក្តីសម្រេចណាមួយដែលគេរំពឹងថា នឹងបានមកពីការប្រជុំនេះទេ ប៉ុន្តែកិច្ចពិភាក្សានឹងបន្តនៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតុននៅខែកក្កដា។
លោកជេន ស្តូលថេនប៊ឺក បានរៀបរាប់ថា អង្គការណាតូត្រូវតែស្ថិតនៅក្នុងវិធានការផ្តល់ជំនួយបង្ការសម្រាប់រយៈពេលវែងដល់អ៊ុយក្រែនប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ី។
នៅទីក្រុងប៊្រុចសែល អគ្គលេខាធិការនៃអង្គការណាតូ បានថ្លែងថា ៖ “យើងត្រូវតែធានានូវជំនួយយោធាដែលអាចទុកចិត្ត ជាការបង្ការ និងមានរយៈពេលវែងសម្រាប់អ៊ុយក្រែន”។ លោកជេន ស្តូលថេនប៊ឺក ថ្លែងដូច្នេះ មុនបន្តិចនៃកិច្ចប្រជុំរដ្ឋមន្រ្តីកិច្ចការបរទេសនៃក្រុមសម្ព័ន្ធមិត្តដែលនឹងត្រូវពិភាក្សាអំពីសំណើរនៃការបង្កើតមូលនិធិ ១០០ ពាន់លានអឺរ៉ូ សម្រាប់រយៈពេល ៥ឆ្នាំ ជួយដល់ទីក្រុងគៀវ។
ជាមួយនឹងការមកដល់កាលពីថ្ងៃអង្គារ មកកាន់ទីក្រុងប៉ារីស លោករដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកអន់តូនី ប្ល៊ីនឃិន បានទៅទស្សនកិច្ចជាមួយរដ្ឋមន្រ្តីការបរទេសបារាំង លោក ស្តេហ្វាន សេហ្ស៊ួណេ នៅរោងចក្រផលិតសម្ភារៈយោធា Nexter ដែលមានជាពិសេសការផលិតកាំផ្លើងធំ សេហ្ស៉ា។ រដ្ឋមន្រ្តីបារាំងបានបញ្ជាក់ថា ៖ ”កាណុងសេហ្ស៉ាទាំងនេះ បានក្លាយជានិមិត្តរូបនៃសម្ព័ន្ធមិត្តកាំផ្លើងធំ ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនូវសមត្ថភាពផលិតកម្មដែរ ៖ ពីពីរគ្រឿងក្នុងមួយខែ ឡើងដល់ ៦គ្រឿង ក្នុងមួយខែ ហើយយើងនឹងបង្កើនផលិតកម្មរហូតដល់ ១២គ្រឿង ក្នុងមួយខែ នៅក្នុងពេលវេលាខាងមុខ”។ លោករដ្ឋមន្រ្តីក៏មិនបានផ្តល់សេចក្តីលំអិតអ្វីទៀតដែរ។
ក្រៅពីនេះ ក្នុងអំឡុងទស្សនកិច្ច រដ្ឋមន្រ្តីការបរទេសអាម៉េរិកបាននិយាយថាធ្វើការជារៀងរាល់ថ្ងៃដើម្បីរារាំងឲ្យមានប្រសិទ្ធភាពនូវការបញ្ជូនអាវុធ និងសម្ភារៈទៅកាន់ប្រទេសរុស្ស៊ី ដែលមានគោលដៅផ្គត់ផ្គង់ម៉ាស៊ីនសង្រ្គាមរបស់ខ្លួន និងផ្គត់ផ្គង់មូលដ្ឋានគ្រឹះឧស្សាហកម្មការពារជាតិរបស់ទីក្រុងមូស្គូ។ សហរដ្ឋអាម៉េរិកព្យាយាមរារាំងការផ្ទេអាវុធ ដែលមានប្រភពជាអាទិ៍មកពី អ៊ីរ៉ង ចិន និងកូរ៉េខាងជើង និងដែលបន្ទាប់មកប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន។ លោកអន់តូនី ប្ល៊ីនឃិន បានព្រមានថា ៖ “នេះគឺជាការគំរាមកំហែងសម្រាប់សន្តិសុខអឺរ៉ុបទាំងមូល”។
នៅខណៈដែលកងកម្លាំងទីក្រុងគៀវ ខ្វះខាតទាហានដើម្បីប្រឈមមុខនឹងការឈ្លានពាន
របស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានចុះហត្ថលេខាកាលពីថ្ងៃអង្គារលើពង្រាងច្បាប់ដែលគ្រោងបន្ថយអាយុកំណែនទាហានពី ២៧ឆ្នាំ មកនៅត្រឹម ២៥ឆ្នាំ។
នៅលើគេហទំព័ររបស់ខ្លួន សភា រ៉ាដា របស់អ៊ុយក្រែន បានសរសេរថា ពង្រាងច្បាប់ទីមួយ ត្រូវបានអនុម័តកាលពីខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែមិនទាន់បានត្រូវបានផ្សព្វផ្សាយឲ្យប្រើប្រាស់ជាសាធារណៈទេ។ អត្ថបទច្បាប់ថ្មីនឹងចូលជាធរមានចាប់ពីថ្ងៃពុធ ទី៣ ខែមេសា។
ការបញ្ចូលឲ្យធ្វើទាហាន បង្កបានជាការជជែកវែកញែកតាំងពីច្រើនខែមកហើយ នៅប្រទេសអ៊ុយក្រែន ដែលសព្វថ្ងៃនេះ វាពិបាករកអ្នកស្ម័គ្រចិត្តទៅកាន់សមរភូមិ។