ដ្រូននាគរាជរបស់អ៊ុយក្រែន បាចភ្លើងនៅលើទីតាំងរបស់រុស្ស៊ី

អ៊ុយក្រែនអះអាងអំពីការប្រើប្រាស់លើកទី១ នូវដ្រូនដែលបំពាក់ដោយគ្រឿងផ្ទុះឆេះក្នុង​សីតុណ្ហភាព​ដ៏ខ្លាំងក្លា។ នេះគឺជាការផ្សំជាតិគីមី​ដែលធ្វើឡើងដើម្បីរំលាយ​ស្ទើរតែគ្រប់​លោហៈ​ធាតុ។ ការប្រើប្រាស់ដ្រូនប្រយុទ្ធថ្មី មានគុណប្រយោជន៍របស់វា ប៉ុន្តែវាអាចបង្ហាញនូវ​ការជជែកវែកញ៉ែក​បើពិចារណាទៅលើបទដ្ឋានអន្តរជាតិ។

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អង្គភាពទ័ពអ៊ុយក្រែនដែលមានឯកទេសក្នុងការប្រយុទ្ធ​ដោយ​ដ្រូន បានចាប់ផ្តើមពង្រាយអាវុឌព្រួសភ្លើងហោះ។ វីដេអូជាច្រើនបានបង្ហាញឲ្យឃើញ ​ដែល​វា​វាយ​​ប្រហារដូចជាបាចភ្លើងកម្តៅ។ នេះគឺជាគ្រឿងផ្ទុះភ្លើង​ដ៏គួរឲ្យភ័យខ្លាច បាចទៅលើទី​តាំង​រុស្ស៊ី​នៅអ៊ុយក្រែន ដែលបង្ហាញឲ្យឃើញកាន់តែច្រើនឡើងនៅលើបណ្តាញ​សង្គម​តេឡេក្រាម បណ្តាញសង្គម អ៊ិច ចាប់តាំងពីដើមខែកញ្ញា។

កាលពីថ្ងៃពុធទី៤ ខែកញ្ញា ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់អំពីការប្រើប្រាស់នូវអ្វី​ដែល​គេហៅថា ដ្រូននាគរាជ នៅលើសមរភូមិ។ ក្រុម ខូន ដែលជាអង្គភាពដ្រូនមួយ​ដ៏​សំខាន់​ក្នុង​ចំណោមអង្គភាពដ្រូននានារបស់អ៊ុយក្រែន បានហៅឈ្មោះដ្រូននេះ ថា ដ្រូននាគរាជ​ ជា​ការ​ប្រៀបធៀបអួតអំពីប្រសិទ្ធភាពរបស់វា​ក្នុងការសងសឹកដោយនាំមកនូវ​ភ្លើង​បាច​ពី​លើ​មេឃ​ផ្ទាល់។

រាល់វីដេអូដែលផុសដោយយោធាអ៊ុយក្រែនទាក់ទងនឹងរឿងដ្រូននាគរាជនេះ បង្ហាញនូវ​ឆាក​ស្រដៀងគ្នា គឺដ្រូនហោះពីលើតំបន់ព្រៃឈើ និងទម្លាក់នូវភ្លើងបន្តកន្ទុយគ្នា ដែលហាក់ដូចជា ឆេះលេបត្របាក់លើគ្រប់អ្វីៗ ដែលវាធ្លាក់លើ។

ទស្សនីយភាពដែលធ្វើឲ្យគេរំឭកទៅដល់រូបភាព​នៃគ្រាប់បែក ណាប៉ាល់ ដែលជាគ្រឿងផ្ទុះ​ភ្លើង​ដ៏ល្បីល្បាញបំផុត ដែលទម្លាក់ដោយសហរដ្ឋអាម៉េរិក​នៅអំឡុងសង្រ្គាមវៀតណាម។​

លើកនេះ វាមិនមែនជាគ្រាប់បែក ប៉ុន្តែវាជាឆ្នូតភ្លើង ដែលជាសារធាតុផ្សំគីមីដែលអាចឆេះនៅ​ក្នុងសីតុណ្ហភាពដែលខ្ពស់បំផុត។ ការលាយគ្នារវាងដែកអុកស៊ីត និងម្សៅអាលុយមីញ៉ូម ដែល​ដ្រូនអ៊ុយក្រែនបានដឹកនាំ អាចដុតកម្តៅរហូតដល់ 2 200 °C នៅខណៈដែលគ្រាប់​ណាប៉ាល់​​អាម៉េរិកអាចឆេះដល់ត្រឹម 1 000 °C

លោកវីកគី កាយ៉ូទី ដែលជាអ្នកឯកទេសនៃបញ្ហាសន្តិសុខអន្តរជាតិ និងការលេចឡើងនូវ​បច្ចេកវិទ្យា​​​ថ្មីៗ​នៅ​ក្នុងសង្រ្គាម​នៃវិទ្យាស្ថានទំនាកទំនងអន្តរជាតិនៅប្រទេសស៊ុយអែត បាន​អះអាង​ថា នៅ​សីតុណ្ហភា​ពកម្រិតនេះ 2 200 °C កម្តៅនេះអាចធ្វើឲ្យរលាយស្ទើរតែគ្រប់​លោហៈ​ទាំងអស់។ វាគួរឲ្យភ័យខ្លាច។ គ្រឿងផ្ទុះភ្លើងអាចនឹងបំផ្លាញរថក្រោះសត្រូវទាំងស្រុង និងលានដ្ឋានដែល​បាន​ស្ថាបនាយ៉ាងរឹងមាំ។

នៅក្នុងរបាយការណ៍មួយដែលផ្សព្វផ្សាយនៅឆ្នាំ២០២៣ ដោយអង្គការឃ្លាំមើលសិទ្ធមនុស្ស បានកត់ត្រាថា គ្រាប់បែកកម្តៅត្រូវបានគេប្រើប្រាស់នៅប្រទេសវៀតណាម​នៅក្នុងទសវត្ស​ឆ្នាំ​១៩៦០ និង​ថ្មីៗ នេះ​នៅប្រទេសស៊ីរី។

ចំណែកលោកវីកគី កាយ៉ូទី បានពន្យល់ថា អ៊ុយក្រែនបានបង្កើតថ្មី​ ហើយ​ពួកវាត្រូវបានបំពាក់​ទៅ​លើដ្រូនប្រើប្រាស់ធម្មតា”។

អ្នកឯកទេសនៅវិទ្យាស្ថានស៊ុយអែតនៃទំនាក់ទំនងអន្តរជាតិ វាយតម្លៃដែរថា ប្រែក្លាយ​ដ្រូន​​ឲ្យទៅ​ជា​នាគរាជ​​ព្រួសភ្លើង គឺងាយស្រួលធ្វើ និងមានតម្លៃថោក ជាង ប្រសិនបើអ៊ុយក្ឬែន ចង់ធ្វើ ឬ​ទិញ​គ្រាប់បែកភ្លើងកម្តៅមកប្រើ។

លោកវីកគី កាយ៉ូទី បន្ថែមទៀតថា គ្រឿងផ្ទុះប្រភេទនេះក៏ស្ងាត់ផងដែរ។ ដ្រូនទាំងនេះកាន់​តែ​ស្ងាត់ ហើយ​វាអាចហោះទាបជាងយន្តហោះដែលបំពាក់ដោយគ្រាប់បែកភ្លើង។

 

 

Daily Program

Livesteam thumbnail