សន្តអាសនៈ គាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារសន្តិភាពនៅប្រទេសហៃទី

សន្តអាសនៈបានរំលឹកឡើងវិញនូវភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់របស់ព្រះសហគមន៍កាតូលិក ចំពោះប្រជាជនហៃទី ដោយបញ្ជាក់ជាថ្មីនូវការគាំទ្រឥតឈប់ឈររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសដែលទទួលរងអំពើហិង្សា។
ពាក់ព័ន្ធនឹងកិច្ចប្រជុំរបស់អង្គការរដ្ឋអាមេរិក (OAS) នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែសីហា ដើម្បីជជែកពិភាក្សាអំពី ផែនទីបង្ហាញផ្លូវសម្រាប់ប្រទេសហៃទី ដែលបានស៊ូទ្រាំនឹងវដ្តនៃអំពើហិង្សារបស់ក្រុមក្មេងទំនើងដែលមិនចេះចប់អស់រយៈពេលជាង ៤ឆ្នាំ សន្តអាសនៈបានបង្ហាញនូវជំហរគាំទ្រសន្តិភាព និងស្តារច្បាប់ទម្លាប់ឡើងវិញនៅប្រទេសនេះ។
លោកឪពុក ហ្ស័ន អេនតូនីញ៉ូ ក្រូហ្ស សេរ៉ានណូ (Juan Antonio Cruz Serrano ) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈប្រចាំអង្គការនេះ បាននិយាយនៅក្នុងបទបង្ហាញមួយ ថា សន្តអាសនៈស្វាគមន៍នូវរាល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាសន្តិសុខ និងវិបត្តិស្ថាប័ននៅក្នុងប្រទេសការាបៀននោះ។
លោកឪពុកបាននិយាយថា ផែនទីបង្ហាញផ្លូវនេះជាការស្វែងរកការឆ្លើយតបទៅនឹងស្ថានភាពដ៏ជ្រាលជ្រៅ និងគួរឱ្យភ្ញាក់ផ្អើលដែលប្រទេសហៃទីកំពុងឆ្លងកាត់ ទាំងផ្នែកសង្គមនយោបាយ និងមនុស្សធម៌ ដែលមានលក្ខណៈជាពិសេសដោយអសន្តិសុខជាប់លាប់ ភាពក្រីក្រជាសកល និងអំពើហិង្សារបស់ក្រុមប្រដាប់អាវុធ។
លោកឪពុកក៏ បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ សម្តេចប៉ាបឡេអូទី១៤ កាលពីថ្ងៃទី ១០ ខែសីហា សម្រាប់ប្រជាជនហៃទី ដែលបានបន្តទទួលរងនូវការគំរាមកំហែងជាបន្តបន្ទាប់នៃឃាតកម្ម អំពើហិង្សា ការជួញដូរមនុស្ស ការនិរទេសដោយបង្ខំ និងការចាប់ពង្រត់។
សម្តេចប៉ាបបាននិយាយថា "ខ្ញុំធ្វើការអំពាវនាវជាបន្ទាន់ទៅកាន់អ្នកទទួលខុសត្រូវទាំងអស់ឱ្យដោះលែងចំណាប់ខ្មាំងជាបន្ទាន់" ហើយខ្ញុំស្នើសុំការគាំទ្រជាក់ស្តែងពីសហគមន៍អន្តរជាតិដើម្បីបង្កើតលក្ខខណ្ឌសង្គម និងស្ថាប័នដែលនឹងអនុញ្ញាតឱ្យជនជាតិហៃទីរស់នៅដោយសន្តិភាព៕
Daily Program
