ដំណើរទស្សនកិច្ចទិសឦសាន ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

ដំណើរទស្សនកិច្ចទិសឦសានដែលបាន​រៀបចំឡើងដោយឥតគិតថ្លៃ ដើម្បីផ្តល់ឱកាសដល់ប្រជាព​លរដ្ឋបានឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍជាក់ស្ដែងនៅតាមបណ្ដោយព្រំដែន ការកសាងហេដ្ឋារច​នា​សម្ព័ន្ធតាមព្រំដែន ដែលបានចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានបិទបញ្ចប់ប្រកបដោយជោគជ័យនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤។

ក្រសួង​ព័ត៌មាន​បាន​លើកឡើងតាមរយៈ​សេចក្តី​ប្រកាសព័ត៌មាន​នៅថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៤នេះថា ដំណើរទស្សនកិច្ចនេះ​មាន​ចំនួន ១១ លើក ត្រូវបានរៀបចំឡើងលើតម្រាយផ្លូវចំនួន ៣ ខ្សែក្នុងទិសដៅខេត្ត ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលមាន​ប្រជាពលរដ្ឋ និងព្រះសង្ឃចូលរួមចំនួន ២,៤០០ អង្គ/នាក់បានចូលរួម។

ក្រសួងបានបញ្ជាក់ថា ៖ «ដំណើរទស្សនកិច្ចទិសឦសានត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័​យ, សាធារណជន ២៤០០ នាក់ជាសាក្សីរស់ និងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារបាននូវបូរណភាពដែនដីនិងអធិបតេយ្យភាពជាតិ»។

ប្រភពដដែល​បានបន្តថា ក្រោមកិច្ចសហការរៀបចំរវាងក្រសួងព័ត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល និងដោយមានការចូលរួមពីក្រុមការងារនៃបញ្ជាការដ្ឋានវិស្វ​កម្ម អគ្គបញ្ជាការនៃកងយោធពល ខេមរភូមិន្ទ រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទស្សនកិច្ចដ៏កម្រនេះត្រូវបានទទួលការសាទរ និងពេញចិត្តយ៉ាងក្រៃលែងពីសំណាក់អ្នកចូលរួមទាំងអស់គ្នា។

ក្រសួងថា ប្រជាពលរដ្ឋសុទ្ធតែបានកោតសរសើរ និងស្ញប់ស្ញែងចំពោះការលះបង់ប្រកបដោយ ទស្សនៈវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រស៊ីជម្រៅរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដើម្បីបុព្វហេតុការពារទឹកដីឱ្យបានគង់វង្សសម្រាប់កូន ចៅជំ​នាន់ក្រោយ តាមរយៈការបោះបង្គោលព្រំដែនច្បាស់លាស់ និងការកសាងខឿនការពារជាតិរឹងមាំ

ក្រសួងបានបញ្ជាក់ថា ៖ «ទស្សនកិច្ចទិសឦសានបានក្លាយជាសក្ខីកម្មរស់ សបញ្ជាក់ពីភាពស្ថិតស្ថេរគង់វង្ស និងភាពជាម្ចាស់ របស់កម្ពុជាលើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដោយរាជរដ្ឋាភិបាលប្តេជ្ញាមិនអនុញ្ញាតឱ្យបាត់បង់ ទឹកដីសូម្បីតែមួយមិល្លីម៉ែត្រឡើយ»។

ជាងនេះទៀត ទស្សនកិច្ចក៏បានរួមចំណែកបង្កើតបានជារូបភាពវិជ្ជមាន ប្រកបដោយទឡ្ហីករណ៍ពិត និងជាក់លាក់ ដើម្បីបញ្ជាក់ជូនមតិជាតិ និងអន្តរជាតិឱ្យបានយល់ច្បាស់អំពីជំហរ ម៉ឺងម៉ាត់ និងកិច្ចខិតខំជាក់ស្តែងឥតប្រកែកបានរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងការថែរក្សាការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

សូមរម្លឹកដែរថា ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ ដែលធ្វើ​ឡើងនៅរៀងរាល់ ថ្ងៃសៅរ៍ បានចាប់ផ្តើមកាលពីថ្ងៃ​ទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ នេះ ដើម្បីផ្តល់ឱកាសដល់ប្រជា ពលរដ្ឋបានឃើញដោយផ្ទាល់ នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន៕

 

 

 

 

Daily Program

Livesteam thumbnail