ជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោកមកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកកម្ពុជា
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា ជាមោទនភាពជាតិខ្មែរ! កម្ពុជាកំពុងសាទរចំពោះជើងហោះហើរត្រង់លើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកកាន់ព្រលានយន្តហោះអន្តរជាតិតេជោ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ ដោយលោកបានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន រួមជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិលទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោកមួយនេះ ដែលបានសម្រេចបើកជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនេះសបញ្ជាក់ឱ្យឃើញពីការចាប់ផ្តើមប្រតិបត្តិការហោះហើរភ្ជាប់កម្ពុជាទៅកាន់ពិភពលោក និងភ្ជាប់ពិភពលោកមកកាន់កម្ពុជា។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការតភ្ជាប់ជើងហោះហើរកម្រិតពិភពលោកនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់នូវកំណើនភ្ញៀវទេសចរមកកាន់កម្ពុជា ជាពិសេសពិតជាឆ្លើយតបទៅនឹងការជឿនលឿនយ៉ាងឆាប់រហ័សក្នុងវិស័យអាកាសចរណ៍របស់កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ក្នុងន័យនេះបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Etihad Airways (Cambodia) ជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways នាពេលនេះទទួលបានអ្នកដំណើរសរុបចំនួន ១៥៤នាក់ និងអ្នកដំណើរដែលត្រូវអញ្ជើញត្រឡប់ទៅវិញមានចំនួន ៩០នាក់ ដោយចំណាយពេលក្នុងការហោះហើរជាង ៧ម៉ោងមិនឈប់។ ជើងហោះហើរនេះមានចំនួន ៤ជើង ក្នុង១សប្តាហ៍៕

Daily Program
