ជនត្រូវចោទ លី សាម៉េត ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ លី សាម៉េត កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលត្រូវបានដាក់ក្រោមការពិនិត្យពីបទៈ ឆបោក តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
នេះបើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ដែលចុះហត្ថលេខាដោយលោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
ដីកាបង្គាប់ឱ្យឃុំខ្លួនបានបញ្ជាក់ថា៖ «បង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ លី សាម៉េត ទៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់»។
ប្រធានមណ្ឌលអប់រំកែប្រែទី១ “ម១” ត្រូវទទួល និងឃុំខ្លួនជននេះរហូត ដល់មានបញ្ហាថ្មីសម្រេចផ្សេងពីនេះ និងបង្គាប់ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់។
សូមរម្លឹកថា អតីតទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក លី សាម៉េត ត្រូវបានបញ្ចូនខ្លួនពីផ្ទះកូនមួយកន្លែងនៅខេត្តព្រះសីហនុ មកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយនៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ជនត្រូវចោទរូបនេះ បានយកឈ្មោះសម្តេចតេជោ ហ៊ុន សែន ឆបោកអ្នកដទៃមានទឹកប្រាក់រាប់លានដុល្លារ រហូតបែកការណ៍ ឈានដល់មានការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួននៅក្នុងពន្ធនាគារ៕