ជញ្ជាំងដ្រូន អឺរ៉ុបអាចសង់ជញ្ជាំងប្រឆាំងនឹងការគំរាមរបស់រុស្ស៊ីដែរឬទេ?

ប្រទេសចំនួន ១០ នៅអឺរ៉ុប រួមទាំងអ៊ុយក្រែន បានជួបជុំគ្នាកាលពីចុងខែកញ្ញា ដើម្បីព្យាយាម បញ្ចប់ផែនការនៃការសាងសង់ជញ្ជាំងដ្រូនដែលរំពឹងថា នឹងអាចការពារអឺរ៉ុបពីការវាយប្រហាររបស់រុស្ស៊ី។
នេះគឺជាប្រព័ន្ធមួយដែលនឹងត្រូវរៀបចំដើម្បីដាក់ពង្រាយមធ្យោបាយចាប់ដានសញ្ញាការ បំផ្លិចបំផ្លាញនៅលើព្រំដែនខាងកើតនៃសហគមន៍អឺរ៉ុប ដែលនៅពេលថ្មីៗ នេះមានការរំលោភដោយការវាយប្រហារពីដ្រូនរបស់រុស្សីមកលើប្រទេសប៉ូឡូញ និងរូម៉ានី និងដោយ យន្តហោះ Mig-31 នៅប្រទេសអេស្តូនី។
កិច្ចប្រជុំនេះ បានកើតមានឡើងនៅខណៈដែលព្រលានយន្តហោះដាណឺម៉ាក ជាច្រើន និង ព្រលានយន្តហោះណ័រវេស ត្រូវបង្ខំបិទទ្វារបណ្តោះអាសន្នប៉ុន្មានថ្ងៃ បន្ទាប់ពីមានការហោះពីលើដោយដ្រូនដែលមិនអាចកំណត់អត្តសញ្ញាណបាន ដែលពួកវាអាចជាការបាញ់បង្ហោះមកពីនាវាដែលមានទំនាក់ទំនងជាមួយរុស្ស៊ី។
នៅក្នុងករណីមានការហោះពីលើអាកាសដោយអនាមិក ហើយដ្រូនទាំងនោះមិនត្រូវបាន រក ឃើញ រុស្ស៊ីក៏ក្លាយជាជនសង្ស័យចម្បង។ អាជ្ញាធរដាណឺម៉ាក វាយតម្លៃថា ការហោះពីលើគឺជាស្នាដៃរបស់អ្នកបញ្ជាដែលប្រកបដោយវិជ្ជាជីវៈ និងបង្កបានជាការគំរាមកំហែងជាប្រព័ន្ធ។ ប៉ុន្តែគេមិនទាន់ចោទប្រកាន់ទីក្រុងមូស្គូនៅឡើយទេ នៅខណៈដែលទីក្រុងមូស្គូបានច្រានចោលថា វាជាទង្វើរបស់ខ្លួនដោយដាច់អហង្ការ។
លោកជេម ផាតតុន រូហ្ស៉េ អ្នកឯកទេសខាងដ្រូនយោធានៅសកលវិទ្យាល័យ ក័រណេល រដ្ឋញូយ៉ក សហរដ្ឋអាម៉េរិក បញ្ជាក់ថា ៖ “វាមានសារសំខាន់ជាអាយុជីវិតនៅពេលនេះដើម្បីស្វែងរកវិធីការពារខ្លួនតទល់នឹងការកើនឡើងនូវការជ្រៀតចូលវាយប្រហាររបស់ដ្រូន ហើយក៏ត្រូវធ្វើឲ្យលឿនដែរ ដោយសារស្ថានការណ៍សន្តិសុខនៅអឺរ៉ុបបានផ្លាស់ប្តូរ”។
ប្រធាននៃគណកម្មការអឺរ៉ុប លោកស្រី អៀស៊ូឡា វ៉ន ដឺ លីយ៉េន ក៏បានធ្វើសេចក្តីយោងជាផ្លូវការនៅអំឡុងពេលសេចក្តីថ្លែងសន្ទរកថារបស់លោកអំពីសភាពនៃសហគមន៍អឺរ៉ុបនៅពីមុខសភាអឺរ៉ុបនៅកាលពីថ្ងៃទី១០ ខែកញ្ញា ថា សម្រាប់រូបលោកស្រី គំរោងជញ្ជាំងដ្រូនត្រូវតែតំណាងឲ្យមូលដ្ឋានគ្រឹះនៃការការពារអឺរ៉ុបដែលអាចជឿទុកចិត្តបាន។
ស្នងការអឺរ៉ុបសម្រាប់ការការពារសន្តិសុខ លោកអន់ឌ្រីយ៉ុស គូប៊ីលីយ៉ុស ជនជាតិលីទុយអានី បានថ្លែងកាន់តែស៊ីជម្រៅ និងបញ្ជាក់ថា គេត្រូវធ្វើឲ្យជោគជ័យស្ថាបនាជញ្ជាំងនេះ ក្នុងរយៈពេល ១២ខែ។
តើនេះជាការសុទិដ្ឋិនិយមពេកឬ? អ្នកឯកទេស បានវាយតម្លៃថា ប្រហែលជាអីចឹង។ លោកជេម ផាតតុន រូហ្ស៉េ វាយតម្លៃថា ត្រូវស្រមៃអំពីជញ្ជាំងការពារមួយដែលដូចជាអាវភ្លៀងដែលការពារទឹកភ្លៀង និងធ្វើឲ្យសហគមន៍អឺរ៉ុបជៀសផុតពីរាល់ការវាយប្រហារដែលចេញពីប្រទេសរុស្ស៊ី និងបេឡារុស ដែលជាតួអង្គពីរសំខាន់ដែលគំរាមកំហែង។
នៅក្នុងករណីនេះ លោកអន់ឌ្រីយ៉ុស គូប៊ីលីយ៉ុស បានអះអាងថា អ្វីដែលត្រូវធ្វើឲ្យរហ័សគឹត្រូវដាក់ឲ្យដំណើរការនូវប្រព័ន្ធចាប់ដានឧបរកណ៍យោធាសម្រាប់ អ្វីដែលគេហៅថា ជញ្ជាំងដ្រូន។ ដ្រូនជាង២០ ដែលអាចហោះចូលក្នុងដែនដីអាកាសប៉ូឡូញ រាប់ចាប់តាំងពីដើមខែកញ្ញា និងការជ្រៀតចូលជាបន្តបន្ទាប់មកលើដាណឺម៉ាក នៅប៉ុន្មានថ្ងៃចុងក្រោយនេះ បង្ហាញថា ប្រទេសអឺរ៉ុបនៅខ្វះខាតប្រឈមនឹងការគំរាមកំហែងនានា។
លោកហ្ស៊ូស្ទីនណាស់ លីនហ្ស៉ឺវីស្យុស អ្នកឯកទេសនៃបញ្ហាសន្តិសុខពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីៗ នៅសកលវិទ្យាល័យ វីលនីញុស ប្រទេសលីទុយអានី បញ្ជាក់ថា ដើម្បីការពារឲ្យបានប្រសើរពីការវាយប្រហារចូលរបស់ដ្រូនសត្រូវនៅក្នុងដែនអាកាស អឺរ៉ុបប្រហែលជាត្រូវការចាំបាច់នូវប្រព័ន្ធមួយដែលមានច្រើនស្រទាប់ចាប់ដានសញ្ញាយោធាទាំងអស់”។
Daily Program
