ច្បាប់ពន្ធគយ ភាពតានតឹងរវាងលោកដូណាល់ ត្រាំ និងប្រទេសប្រេស៊ីល

វិបត្តិរវាងសហរដ្ឋអាម៉េរិក និងប្រទេសប្រេស៊ីល បានរីកធំកាលពីថ្ងៃពុធទី៩ ខែកក្កដា ជាមួយ​និងការប្រកាសរបស់លោកដូណាល់ ត្រាំ និងក្តីប្រាថ្នារបស់លោកដាក់ពន្ធគយ ៥០% បន្ថែម​ទៅលើទំនិញរបស់ប្រទេសប្រេស៊ីល ជាការសងសឹកលើដំណើរការក្តីដែលដាក់ប្រឆាំង​នឹង​អតីតប្រធានាធិបតីប្រេស៊ីល លោកហ្ស៊ែរ៍ បូលសូណារ៉ូ។

ជោគវាសនានៃ​អតីតប្រមុខរដ្ឋប្រេស៊ីលមកពីគណបក្សស្តាំនិយមជ្រុល លោកហ្ស៊ែរ បូលសូណារ៉ូ (ដែលដឹក​នាំ​ប្រេស៊ីលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២) និងជាសម្ព័ន្ធមិត្តរបស់​ប្រធានាធិបតី​​អាម៉េរិក លោក​ដូណាល់ ត្រាំ កំពុងត្រូវបានកាត់ក្តីសម្រាប់ការប៉ុនប៉ងធ្វើរដ្ឋ​ប្រហារ។​ លោក​ហ្ស៊ែរ បូលសូណារ៉ូ ប្រឈមមុខ​នឹងការជាប់គុករហូតដល់ ៤០ឆ្នាំ ប្រសិនបើ​លោក​ត្រូវបាន​ចោទ​​ប្រកាន់​​នៅអំឡុងដំណើរការក្តីនៅតុលាការកំពូល ដែលអាចនឹងត្រូវបញ្ចប់​នៅប៉ុន្មានខែ​ខាង​​មុខ។

អ្នកអភិរក្សជ្រុលនិយម លោកហ្ស៊ែរ៍ បូលសូណារ៉ូ ត្រូវបានចោទប្រកាន់ថា បានធ្វើជាមេដឹក​នាំ​នៃ​​អង្គការឧក្រិដ្ឋកម្ម និងបានឃុបឃិតដើម្បីក្រាញអំណាចបន្ទាប់ពីការបោះឆ្នោត​​នៅខែតុលា ឆ្នាំ២០២២ និងចុងក្រោយត្រូវបានបរាជ័យចំពោះមុខប្រមុខ​គណបក្ស​ឆ្វេងនិយមរបស់​ប្រេស៊ីល គឺលោកល្វីស អ៊ីណាស្យូ លូឡា ដា ស៊ីលវ៉ា។

ចំណែកលោកដូណាល់ ត្រាំ ក៏យកចិត្តទុកដាក់ចំពោះរឿងនេះ។ កាលពីថ្ងៃពុធទី៩ ខែកក្កដា នៅក្នុងសំបុត្រមួយផ្ញើទៅកាន់​លោកលូឡា ម្ចាស់សេតវិមានអាម៉េរិក បានបញ្ជាក់ថា របៀប​ដែល​ប្រទេសប្រេស៊ីលធ្វើចំពោះ​អតីតប្រធានាធិបតី បូលសូណារ៉ូ គឺជាសេចក្តីខ្មាស់អៀនជា​អន្តរជាតិ។ លោកប្រធានាធិបតីអាម៉េរិកបន្ថែមថា ដំណើរការយុត្តិធម៌ចំពោះរូបលោកគឺជាការ​ប្រមាញ់​របស់មេធ្មប់ ដែលត្រូវតែបញ្ឈប់ជាបន្ទាន់។

ប្រធានាធិបតីអាម៉េរិកក៏បានចោទប្រកាន់ប្រទេសប្រេស៊ីល វាយប្រហារពីខាង​ក្នុង​ប្រឆាំងនឹង​ការ​​​បោះឆ្នោត​​សេរី និងសេរីភាពនៃការបញ្ចេញមតិជាមូលដ្ឋាន​របស់ជនជាតិអាម៉េរិក និងលើក​ឡើងអំពីការប៉ុនប៉ង់នៃតុលាការកំពូលប្រេស៊ីលដើម្បីបង្កើតច្បាប់គ្រប់គ្រងបណ្តាញសង្គម និង​ព័ត៌មាន​ក្លែងក្លាយនៅលើបណ្តាញសង្គមទាំងនោះ។

នៅក្នុងសំបុត្ររបស់ខ្លួន លោកដូណាល់ ត្រាំ ក៏បានប្រកាសវាយប្រហារ​ដែលលោកនឹងដាក់​ចេញ​ពី​ពេលនេះ​រហូតដល់ដំណាច់ខែកក្កដា ទៅលើប្រធានាធិបតីប្រេស៊ីល លូឡា។ លោក​ថ្លែង​ថា ៖ “ដោយរាប់គិតពីថ្ងៃទី១ ខែសីហា យើងនឹងអនុវត្ត ៥០% នៃច្បាប់ពន្ធគយលើរាល់​មុខ​​ទំនិញ​របស់ប្រេស៊ីល​ដែលចូលមកក្នុង​សហរដ្ឋអាម៉េរិក ពីលើច្បាប់ពន្ធគយ​ដែលមានតាម​វិស័យ​​រួចហើយ។ នៅក្នុងសេចក្តីសំបុត្រក៏បានព្រមានទៀតថា រាល់វិធានការសងសឹករបស់​ប្រេស៊ីល​នឹងបង្កបាន​ជាការតម្លើងពន្ធគយបន្ថែមពីអាម៉េរិកក្នុងកម្រិតដូចគ្នា។

ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក លោកលូឡា បានព្រមានថា  ប្រទេសរបស់លោកអាចនឹង​សម្រេច​ចិត្ត​ប្រតិកម្ម​ឆ្លើយតបដូចគ្នាទៅនឹងរាល់វិធានការនៃច្បាប់​តម្លើងពន្ធដោយរបៀប​ឯកតោ​ភាគី​បែប​នេះ។   

នៅក្នុងសេចក្តីប្រកាសមួយ លោកបានបញ្ជាក់ថា ប្រេស៊ីលគឺជាប្រទេសអធិបតេយ្យជាមួយ​នឹង​ស្ថាបនឯករាជ្យ ដែលនឹងមិនទទួលយល់ព្រម​អាណាព្យាបាលពីនរណាឡើយ។ លោក​បដិសេធ​រាល់ការជ្រៀតជ្រែក ឬការគំរាមកំហែងប្រឆាំងនឹងតុលាការប្រេស៊ីល។

ម្យ៉ាងវិញទៀត រដ្ឋមន្រ្តីក្រសួងការបរទេសប្រេស៊ីលបានកោះហៅមន្រ្តីទូត​អាម៉េរិកដើម្បីតវ៉ា​នឹង​​ការគាំទ្រដែលនាំមកដោយស្ថានទូតអាម៉េរិកសម្រាប់លោកហ្ស៊ែរ៍ បូលសូណារ៉ូ ដែល​ដើរតាមគន្លងលោកដូណាល់ ត្រាំ។

 

 

 

Daily Program

Livesteam thumbnail