ចុងបញ្ចប់នៃមហាសន្និបាត FABC អំពាវនាវឱ្យព្រះសហគមន៍អាស៊ីក្លាយជា «ស្ពាន និងជាអ្នកកសាងស្ពាន»
សភាលោកអភិបាលកាតូលិកអាស៊ី (FABC) បានបញ្ចប់មហាសន្និបាតពេញអង្គលើកទី ១២ របស់ខ្លួនកាលពីថ្ងៃទី ២៦ ខែកក្កដា នៅព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ក្នុងទីក្រុងហ្សាការតា ដោយបានប្រកាសឱ្យប្រើប្រាស់នូវសារចុងក្រោយរបស់ខ្លួនដែលមានចំណងជើងថា "អ្នករាល់គ្នានឹងបានឃើញការអស្ចារ្យលើសពីនេះទៀត " (យ៉ូហាន ១:៥០) ដែលត្រូវបានចុះហត្ថលេខាដោយប្រធាន FABC គឺកាឌីណាល់ ហ្វីលីព នេរី ហ្វើរ៉ាវ (Filipe Neri Ferrão) និងត្រូវបានអានដោយលោកអគ្គអភិបាលហ្គីលប៊ើត អាមៀ ហ្គាសេរ៉ា (Gilbert Armea Garcera) បន្ទាប់ពីពិធីអរព្រះគុណបិទអង្គប្រជុំ។
ផ្ញើជូនចំពោះប្រជាជនដែលមានចិត្តសប្បុរសទាំងអស់នៅទូទាំងទ្វីប ក្រោមប្រធានបទ "ការប្រែចិត្តគំនិតតាមបែបស៊ីណូដ និងបេសកកម្មធ្វើជាស្ពាន និងជាអ្នកកសាងស្ពាននៅអាស៊ី" លោកអភិបាលទាំងឡាយបានប្រកាសថា ស៊ីណូដាល "មិនមែនគ្រាន់តែជាវិធីសាស្ត្រនៃការធ្វើការរួមគ្នានោះទេ" ប៉ុន្តែជា "ផ្លូវនៃការប្រែចិត្តគំនិតដែលតម្រង់ទិសទៅរកបេសកកម្ម" ដោយតម្រូវឱ្យមានការផ្លាស់ប្តូរពិតប្រាកដនៃដួងចិត្ត ទំនាក់ទំនង និងរចនាសម្ព័ន្ធព្រះសហគមន៍។ ដោយផ្អែកលើការពិចារណារបស់ពួកគេ និងទស្សនកិច្ចដ៏មានអត្ថន័យទៅកាន់ "ផ្លូវក្រោមដីនៃមិត្តភាព" (Tunnel of Friendship) នៅហ្សាការតា ដែលតភ្ជាប់រវាងព្រះវិហារកាតូលិក និងវិហារឥស្លាម Istiqlal ដែលជាការរំលឹកថាជំនឿជម្រុញគ្រីស្តសាសនិក "ឱ្យកសាងស្ពាន មិនមែនកសាងរចនាសម្ព័ន្ធរាំងស្ទះនោះទេ"។
លោកបន្ថែមទៀតថា សារនេះបានបង្ហាញពីព្រះគ្រីស្តជា "ស្ពានដែលមានជីវិត" និងបានជម្រុញឱ្យព្រះសហគមន៍អាស៊ីដោះស្រាយបញ្ហាប្រឈមធំៗក្នុងតំបន់ ដូចជាការបែកបាក់ ការផ្លាស់ទីលំនៅ ការខូចខាតបរិស្ថាន លំហប្រជាធិបតេយ្យដែលរួមតូច និងអំណាចគ្រប់គ្រងរបស់អ្នកបួស (clericalism)។ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចប៉ាប ឡេអូ ទី ១៤ ក្នុងការរឹតចំណងការរួបរួមក្នុងចំណោមព្រះសហគមន៍ក្នុងស្រុក។ អង្គមហាសន្និបាតបានប្តេជ្ញាចិត្តត្រឡប់ទៅកាន់ភូមិភាគវិញ ក្នុងនាមជាព្រះសហគមន៍ស៊ីណូដាលដែលចេះស្តាប់ មិនកំណត់ព្រំដែន ប្តេជ្ញារួមដំណើរជាមួយជនក្រីក្រ ប្រកាន់ខ្ជាប់នូវកិច្ចសន្ទនារវាងសាសនា លើកកម្ពស់ការប្រែចិត្តគំនិតផ្នែកបរិស្ថាន និងប្រគល់បេសកកម្មរបស់ពួកយើងទៅលើការអន្តរាគមន៍របស់ព្រះនាងម៉ារី ជាមាតានៃទ្វីបអាស៊ី៕