ចិន និងហ្វីលីពីន ចោទប្រកាន់គ្នាទៅវិញទៅមក​ចំពោះការប៉ះទង្គិច​នាវា​នៅ​សមុទ្រ ចិនខាងត្បូង

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃទីក្រុងប៉េកាំង បានឲ្យដឹងថា នាវាចិន និងហ្វីលីពីន បានប៉ះ ទង្គិចគ្នាកាលពីថ្ងៃចន្ទ នៅសមុទ្រចិនខាងត្បូង។ ប្រទេសចិនចោទប្រកាន់ទីក្រុងម៉ានីលថា មានប្រតិកម្មដោយចេតនា នៅពេលដែលហ្វីលីពីនបង្ហាញនាវាពីរគ្រឿងដែលរងការខូចខាត​​នៅពេលប្រទេសចិនធ្វើប្រតិបត្តិការខុសច្បាប់ និងឈ្លានពាន។

នាវាដែលដោតទង់ជាតិចិន និងហ្វីលីពីន បានបុកគ្នា​កាលពីថ្ងៃចន្ទ ទី១៩ ខែសីហា នៅជិត​កោះ​ថ្មប៉ប្រះ​ទឹក​ដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង។ ប្រទេសទាំងពីរបានចោទប្រកាន់​គ្នា​ទៅវិញទៅមកអំពីការទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ។

ទូរទស្សន៍សាធារណៈចិន CCTV ដែលដកស្រង់សំដីអ្នកនាំពាក្យឆ្មាំឆ្នេរចិន លោកឧត្តមនាវា​ឯកកាន យូ បាន​ថ្លែងថា ៖ ”ទោះបីជាមានការព្រមានជាច្រើនដងពីភាគីចិន នាវាហ្វីលីទីន លេខ ៤៤១០ បាន​បើកចូលដោយចេតនា​បុកជាមួយនាវាចិនលេខ ២១៥៥១។”

ភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បានរីកធំឡើង​នៅប៉ុន្មានខែចុងក្រោយនេះ និង​ត្រូវបានកត់សម្គាល់​ដោយការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់នៅសមុទ្រចិនខាងត្បូង។

ឧប្បត្តិវហេតុថ្មី កើតមានឡើងនៅជិតកោះផ្កាថ្ម សាប៊ីណា ដែលស្ថិតនៅចំងាយ ១៤០​គីឡូម៉ែត្រ ភាគខាងលិច​នៃកោះហ្វីលីពីនប៉ាឡាវ៉ាន។ យោងតាមទីក្រុងម៉ានីល នេះគឺជា​សកម្មភាព​ប្រទូស្តរាយទី១ របស់ទីក្រុងប៉េកាំង​នៅក្នុងតំបន់នេះ ដែលភាគីទាំងពីរ​បោះទីតាំង​នាវា​ឆ្មាំឆ្នេរតាំងពីច្រើនខែ ហើយដែលហ្វីលីពីនភ័យខ្លាចថា ប្រទេសចិនកំពុងស្ថាបនាកោះ​សិប្បនិមិត្ត។

លោកឧត្តមនាវាឯក ចៃ តារីយ៉េឡា អ្នកអ្នកនាំពាក្យនៃឆ្មាំឆ្នេរហ្វីលីពីន បានបញ្ជាក់ថា នាវាចិន បាន​ទម្លុះ​ប្រហោង​​នៅក្នុងសំបកនាវាហ្វីលីពីន BRP Bagacay នៅពេលប៉ះទង្គិចលើកទី១។ លោក​​បាន​បន្ថែម​ថា បន្ទាប់មកនៅពេលបុកទង្គិចថ្មី វាធ្វើឲ្យកំប៉ិចនាវា និងខូចខាត។​ លោក​ប្រាប់​ទៀតថា ការខូចខាតនៅលើសំបកនាវាមានប្រហោង ១,១ ម៉ែត្រ និងនឹងការខូចខាត​បំពង់​ផ្សែង​​នៅលើនាវាហ្វីលីពីនផ្សេងទៀត គឺនាវា BRP Engano។

នៅខាងភាគីចិន លោកកាន យូ បានទម្លាក់កំហុសទៅទីក្រុងម៉ានីល និង​បរិហារ​ថា នេះគឺជា​ប្រតិបត្តិការ​ដែលគ្មានវិជ្ជាជីវៈ និងគ្រោះថ្នាក់របស់ហ្វីលីពីន។ លោកកាន យូ បាន​បញ្ជាក់​ដែរ​ថា ៖ “នាវាឆ្មាំឆ្នេររ​បស់ហ្វីលីពីន បានចូលដោយខុសច្បាប់នៅក្នុងដែនទឹក​នៅ​ជិត​កោះ​ប៉ប្រះ​ទឹក​សៀនប៊ីន នៅក្នុងប្រជុំកោះណានស្ហ៉ា ដោយគ្មានការអនុញ្ញាតពី​រដ្ឋាភិបាល​ចិន។ នេះគឺជា​ការ​ហៅឈ្មោះចិននូវកោះផ្កាថ្ម សាប៊ីណា និងប្រជុំកោះ ស្ព្រាតលី។ ឆ្មាំឆ្នេរ​របស់​​ចិន​បាន​ប្រកាន់​យកវិធានការគ្រប់គ្រងប្រឆាំងនឹងនាវា​ហ្វីលីពីនស្របតាមច្បាប់”។

ទីក្រុងម៉ានីលបានផ្សព្វផ្សាយរូបភាពដែលបង្ហាញអំពីប្រហោង​នៅលើសម្បកនាវា BRP Bagacay និងការខូចខាតផ្សេងៗ ដែលនាវានេះបានទទួលរង។

ចំណែករូបភាពដែលផ្សព្វផ្សាយដោយទូរទស្សន៍ចិន CCTV បានបង្ហាញនូវនាវាមួយគ្រឿង​ដែលទីក្រុងប៉េកាំងផ្តល់អត្តសញ្ញាណថា ជានាវាហ្វីលីពីន បានបើកចូលមកបុក​ចំហៀង​ខាង​ឆ្វេង​របស់នាវាចិន បន្ទាប់មក ក៏បន្តការធ្វើដំណើររបស់វា។

លោកម៉ៅ នីង អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានបរិហារថា ៖ “សកម្មភាព​របស់​នាវា​​ហ្វីលីពីន បានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ចិន។ ហើយទីក្រុងប៉េកាំងនឹង​បន្ត​ចាត់វិធានការដាច់ខាត និងមានថាមភាពស្របតាមច្បាប់ដើម្បីថែ​រក្សាអធិបតេយ្យ​ភាពដែន​ដី សិទ្ធ និងផលប្រយោជន៍ខាងសមុទ្ររបស់ខ្លួន។”

ទីក្រុងប៉េកាំងទាមទារស្ទើតែទាំងមូលនៃសមុទ្រចិនខាងត្បូង រួមទាំងដែនទឹក និងកោះនានា​នៅជិតឆ្នេរនៃប្រទេសជិតខាងជាច្រើននៅក្នុងតំបន់នេះ។

 

 

 

Daily Program

Livesteam thumbnail