ចិនចេញបម្រាមមិនអោយបូជាចារ្យអប់រំជំនឿតាមអ៊ីនធឺណិត

បទប្បញ្ញត្តិថ្មីពីរដ្ឋបាលសម្រាប់កិច្ចការសាសនានៅក្នុងប្រទេសចិនបានអនុម័តការហាមប្រាមលើទម្រង់សំខាន់ៗជាច្រើននៃការប្រកាសដំណឹងល្អតាមអ៊ីនធឺណិត។
ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា បម្រាមនោះគឺចេញតាមរយៈក្រមសីលធម៌ថ្មីសម្រាប់បព្វជិតសាសនានៅលើអ៊ីនធឺណិតដែលមានទាំងអស់ ១៨ មាត្រា។
ប្រភពដដែលបានឲ្យដឹងថា ក្នុងចំណោមលក្ខខណ្ឌនោះ គឺបព្វជិតសាសនាត្រូវតែ «ស្រឡាញ់ជាតិមាតុភូមិ» និងគាំទ្រការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ហើយប្រព័ន្ធផ្សព្វផ្សាយសង្គម បព្វជិត ឬ មេដឹកនាំសាសនាគឺមិនអនុញ្ញាតិ ឱ្យផ្សព្វផ្សាយ និងធ្វើពិធីសាសនា តាមរយៈការផ្សាយបន្តផ្ទាល់ ឬចូលរួមកិច្ចប្រជុំតាមអ៊ីនធឺណិតឡើយ។
ក្រៅពីកម្មវិធីសាសនានិងការប្រកាសដំណឹងល្អ បព្វជិតក៏ជាប់បម្រាមមិនឱ្យរកប្រាក់តាមអ៊ីនធឺណិត និងពីការរៃអង្គាសប្រាក់ដើម្បីសាងសង់កន្លែងសាសនា ឬសម្រាប់ធ្វើសកម្មភាពសាសនាដែរ។
ប្រភពបានបន្ថែមថា "ប្រសិនបើបព្វជិតសាសនាណាមួយបំពានលើបទដ្ឋាននេះ នាយកដ្ឋានកិច្ចការសាសនាត្រូវបញ្ជាឱ្យពួកគេកែតម្រូវក្នុងរយៈពេលកំណត់" ដោយបន្ថែមថា ប្រសិនបើពួកគេមិនព្រមកែតម្រូវ មន្ទីរកិច្ចការសាសនាត្រូវអនុវត្តការផ្តន្ទាទោសតាមច្បាប់ និងបទប្បញ្ញត្តិរដ្ឋបាលពាក់ព័ន្ធ៕
Daily Program
