គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២៤«ថយចុះ»១៤% បើធៀបនឹងឆ្នាំ២០២៣

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ ថយចុះ១៤% បើធៀបនឹងឆ្នាំ២០២៣ គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានគូសបញ្ជាក់ថា ពេញមួយឆ្នាំ២០២៤ ជាមធ្យមក្នុងមួយថ្ងៃៗ មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤នាក់បានស្លាប់ ខណៈដែលមូលហេតុបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ច្រើនជាងគេ គឺកត្តាល្បឿន និងការមិនគោរពសិទ្ធិ។

តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ បានបញ្ជាក់ថា គ្រោះថ្នាក់កើតឡើងចំនួន ២.៨៤៤លើក, អ្នកស្លាប់ចំនួន ១.៥០៩នាក់(ជាមធ្យមស្លាប់៤នាក់/ថ្ងៃ), របួសធ្ងន់ចំនួន ២.២៧៣នាក់, របួសស្រាល ១.៤៤៧នាក់, និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចំនួន ២.៤៧៧នាក់។ បន្ថែមពីនេះ របាយការណ៍បានប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២៤ និងឆ្នាំ២០២៣ ដោយរកឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកថយចុះ ៤៧៣លើក (ស្មើនឹង ១៤%), អ្នកស្លាប់ថយចុះចំនួន ៨១នាក់ (ស្មើ ៥%), របួសធ្ងន់ថយចុះ ៤៩៣នាក់(ស្មើ ១៨%), របួសស្រាលថយចុះ ៣០២នាក់ (ស្មើ១៧%), និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ថយចុះ ៥៩៦នាក់(ស្មើ១៩%)។

គួរបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ រួមមាន៖ ល្បឿន ១១៥៦លើក ស្មើនឹង ៤០,៦%, មិនគោរពសិទ្ធិ ៦៤៩លើក ស្មើនឹង ២៣%, មិនប្រកាន់ស្តាំ ២៦៨លើក ស្មើនឹង ៩,៤%, បត់គ្រោះថ្នាក់ ២២១លើក ស្មើនឹង ៨%, ប្រជែងគ្រោះថ្នាក់ ២១៥លើក ស្មើនឹង ៧,៦%, កត្តាយាន ១១៤លើក ស្មើនឹង ៤%, ស្រវឹង ១០៥លើក ស្មើនឹង ៣,៧%, អាកាសធាតុ ៣៥លើក ស្មើនឹង ១%, មិនគោរពភ្លើងសញ្ញា ៣៣លើក ស្មើនឹង ១%, ងងុយ ២៩លើក ស្មើនឹង ១%, និងកត្តាផ្លូវ ១៩លើក ស្មើនឹង ០,៧%៕

 

Daily Program

Livesteam thumbnail