គ្រួសារដូនជីនមស្ការព្រះកាយព្រះគ្រីស្តទទួលសមាជិកថ្មី

នៅព្រះវិហារក្សត្រីនៃសន្តិភាព អរិយក្សត្រ ដូនជីម៉ារីយ៉ា ង្វៀន ធិ គីម ហៀវ (Maria Nguyen Thi Kim Hue) បានថ្វាយពាក្យសច្ចារនិរន្តរ៍នៅចំពោះមុខលោកអភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីតហស្លេ នៃភូមិភាគភ្នំពេញ រួមនិងដូនជីប្រធាននៃក្រុមគ្រួសារនមស្ការព្រះកាយព្រះគ្រីស្ត (Sisters of Adorers) កាលពីថ្ងៃទី១៣ ខែកញ្ញា ដោយមាន លោកបូជាចារ្យ និងគ្រីស្តបរិស័ទពីទីកន្លែងផ្សេងចូលរួមជាសក្ខីជាង៤០០នាក់។
លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ក្នុងធម្មទេសនាថា ថ្ងៃនេះយើងអរព្រះគុណព្រះជាម្ចាស់សម្រាប់បងស្រីដែលថ្វាយពាក្យសច្ចានិរន្តរ៍ និងអរព្រះគុណព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍របស់យើង ជាពិសេសសម្រាប់ព្រះជាម្ចាស់ដែលស្រឡាញ់យើង។
ក្នុងពេលនោះដែរ លោកអភិបាលបានរំលឹកដល់យុវតីឲ្យភ្ញាក់ស្មារតី ថ្វាយខ្លួនទៅព្រះជាម្ចាស់ក្នុងឋានៈជាអ្នកបួសដូចដូនជីម៉ារីយ៉ា លោកអភិបាលបញ្ជាក់ថា «នៅក្នុងភូមិភាគភ្នំពេញ ក៏ដូចជាព្រះសហគមន៍នៅកម្ពុជា ឥឡូវនេះយើងមានយុវនារីតិចណាស់ដែលបើកភ្នែក បើកត្រចៀកស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងឆ្លើយតប។»
លោកអភិបាលបានជំរុញឲ្យគ្រីស្តបរិស័ទចេះដាក់ខ្លួនជាអ្នកបម្រើ និងចេះស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចកុមារសាមូអែលនៅក្នុងគម្ពីរ «សូមមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើរង់ចាំស្តាប់»។ លោកអភិបាល បន្តថា នេះជាឥរិយាបទដែលយើងត្រូវត្រៀមខ្លួនស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។
សង្គមរបស់យើងបច្ចុប្បន្ននេះ មិនចូលចិត្តស្ងៀមស្ងាត់ តែចូលចិត្តសំលេងឮៗ ប៉ុន្តែព្រះជាម្ចាស់មានព្រះបន្ទូលក្នុងភាពស្ងៀមស្ងាត់។ លោកបន្ថែមថា «ពេលខ្លះយើងធ្វើជាស្តាប់មិនឮ ធ្វើជាមិនដឹង ធ្វើជាមិនយល់... យើងត្រូវទុកឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាអាទិភាពសំខាន់បំផុតសម្រាប់ជីវិតរបស់យើងផ្ទាល់»។
លោកអភិបាលបន្តថា បងស្រីនមស្ការព្រះកាយព្រះគ្រីស្តជាបងស្រីដែលបម្រើសង្គម តាមរយៈកូនក្មេង និងស្ត្រីៗដែលមានបញ្ហាក្នុងជីវិត។ លោកថា «នៅក្នុងផ្ទះបងស្រី ពួកគេអាចរកកន្លែងមួយដែលកក់ក្ដៅ ដែលស្វាគមន៍ ស្រឡាញ់ ដើម្បីឲ្យគេអាចកសាងជីវិតសាជាថ្មី ដើម្បីឲ្យក្មេងមានអនាគត ឲ្យម៉ែមានកម្លាំងសារជាថ្មី ដើម្បីបន្តដំណើរជាមួយកូន»។
កិច្ចការរបស់ក្រុមដូនជី រកឃើញនៅក្នុងការគោរពព្រះកាយព្រះគ្រីស្ត ដោយរកឃើញកម្លាំងនៃសេចក្តីស្រឡាញ់ ដើម្បីកសាងជីវិត សេចក្តីសុខសាន្ត បន្តជីវិតទៅមុខទៀត។ លោកគង្វាលព្រះសហគមន៍បានបញ្ជាក់។
នៅក្នុងពិធីសច្ចាប្រណិធាននេះ ដូនជីម៉ារីយ៉ា បានចុះហត្ថលេខាចូលក្នុងក្រុមគ្រួសារអ្នកបួស ដើម្បីបម្រើព្រះសហគមន៍អស់មួយជីវិត ដោយសច្ចារស់នៅជាព្រហ្មចារិនី ស្តាប់បង្គាប់ និងរស់នៅជាអ្នកក្រីក្រអស់មួយជីវិត បន្ទាប់មកលោកអភិបាលអូលីវីយ៉េ បានប្រគល់ចិញ្ចៀនជូនគាត់ ជាសក្ខីកម្មបញ្ជាក់ថា ដូនជីជាកម្មសិទ្ធិរបស់ព្រះគ្រីស្ត ជាភរិយារបស់ព្រះអង្គអស់មួយជីវិត។
ដូនជីម៉ារីយ៉ា ង្វៀន ធិ គីម ហៀវ កើតនៅឆ្នាំ១៩៨៤ នៅខេត្តបួងម៉េធួក (Buon Me Thuoc) ប្រទេសវៀតណាម ជាកូនទី៤ ក្នុងចំណោមបងប្អូនប្រុសស្រី១១នាក់។
ការត្រាស់ហៅរបស់គាត់កើតឡើងពីសំណួររបស់ប្អូនប្រុសបង្កើតរបស់គាត់ «តើបងចង់ក្លាយជាដូនជីឬទេ?»។ ក្រោយមកយុវតីនេះបានឈ្វេងយល់អំពីការត្រាស់ហៅរបស់ខ្លួន ដោយចូលរួមជាមួយក្រុមគ្រួសារអ្នកបួសបងស្រីនមស្ការព្រះកាយព្រះគ្រីស្ត ហើយបានថ្វាយពាក្យសច្ចាលើកដំបូង នៅថ្ងៃទី២១ ខែ ១១ ឆ្នាំ១០១៨។
គាត់ត្រូវបានចាត់ឲ្យមកប្រទេសកម្ពុជា ដើម្បីបម្រើព្រះសហគមន៍នេះ ជាមួយសមាជិកក្រុមដូនជីនៅបឹងទំពន់។
ដូនជី ភីឡា កាសាស ណាវ៉ារ៉ូ (Sr. Pilar Casas Navarro) ប្រធានធំនៃក្រុមគ្រួសារបងស្រីនមស្ការព្រះកាយព្រះគ្រីស្តនៅប្រទេសកម្ពុជា មានប្រសាសន៍ថា ថ្ងៃនេះយើងសប្បាយចិត្តណាស់ ដោយសារយើងបានទទួលដូនជីម្នាក់ទៀតចូលក្នុងគ្រួសាររបស់យើង ហើយជាឱកាសដែលគ្រួសារយើងអាចចែករំលែកអំណរសប្បាយនេះជាមួយគ្រីស្តបរិស័ទ លោកអភិបាល និងលោកបូជាចារ្យ។
«នេះចាំអំណោយពិសេសដែលព្រះជាម្ចាស់ប្រទានមកយើង។» ដូនជីបញ្ជាក់។
ក្រុមគ្រួសារបងស្រី នមស្ការព្រះកាយព្រះគ្រីស្ត (The Handmaids of the Blessed Sacrament and of Charity_ Sisters Adorers) មានដើមកំណើតពីប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ១៨៥៦ បង្កើតឡើងដោយ សន្តី ម៉ារីយ៉ា មីកាអែលឡា ដេស្មៃស៊ែរ៉េស និងសន្តីលូប៉េស ដេ ឌីកាស្ទីយ៉ូ (St. Maria Micaela Desmaisières y López de Dicastillo) មានបេសកកម្មចំនួន២៣ប្រទេស ដែលក្នុងនោះក្នុងតំបន់អាស៊ីមានចំនួន៥ប្រទេស គឺនៅជប៉ុន ហ្វីលីពីន វៀតណាម ឥណ្ឌានិងកម្ពុជា។
«ពេលនេះ យើងជាគ្រួសារធំមួយនៅតំបន់អាស៊ី។» ដូនជីប្រធានធំបញ្ជាក់ទៀថា ក្រុមគ្រួសារយើង គឺគោរពព្រះកាយព្រះគ្រីស្ត និងធ្វើការងារផ្តោតសំខាន់លើស្ត្រីដែលមានវិបត្តិ ស្ត្រីត្រូវបានគេជួញដូរ ស្ត្រីពេស្យា និងស្ត្រីរងអំពើហិង្សាជាដើម។
ដូនជី ភីឡា បន្តថា «យើងចង់ធ្វើការងារជាមួយអង្គការដៃគូ និងព្រះសហគមន៍របស់យើង ព្រោះយើងជាព្រះសហគមន៍ ហើយផ្លូវវិញ្ញាណរបស់យើងគឺនៅជាមួយព្រះសហគមន៍។ គ្មានព្រះសហគមន៍ យើងគ្មានអ្វីៗទាំងអស់»។
ក្រុមគ្រួសារនេះបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៣ មានទីតាំងនៅសៀមរាប ភ្នំពេញ និងប៉ោយប៉ែត(ខេត្តបន្ទាយមានជ័យ) ដែលមានសមាជិកចំនួន៥នាក់៕
ដោយកែវ កញ្ញា







Daily Program
