គ្រីស្តបរិស័ទឥណ្ឌូនេស៊ីមួយក្រុមអំពាវនាវឲ្យយកចិត្តទុកដាក់លើតម្លៃសីលធម៌ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអភិបាលកិច្ច

វេទិកាសហគមន៍កាតូលិកឥណ្ឌូនេស៊ី ដែលជាស្ថាប័នសង្គមស៊ីវិលមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានអំពាវនាវឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់លើតម្លៃនៃសីលធម៌ដោយជំរុញឱ្យមានការការពារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងយុត្តិធម៌សង្គមកាន់តែខ្លាំងនៅក្នុងប្រទេស។

ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ជាតិលើកទី១៣របស់ស្ថាប័ននេះនៅនៅក្នុងស្រុក ក្លាតេន ( Klaten) ខេត្ត ចាវ៉ា ( Java) ភាគកណ្តាល ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមិថុនាកន្លងទៅថ្មីៗនេះ ។

វេទិកាសហគមន៍កាតូលិកឥណ្ឌូនេស៊ី  បានលើកឡើងពីការព្រួយបារម្ភអំពីអភិបាលកិច្ច និងការទទួលខុសត្រូវតាមបែបប្រជាធិបតេយ្យ ដោយលើកឡើងពីមុខងារត្រួតពិនិត្យចុះខ្សោយនៅក្នុងសភាតំណាងរាស្ត្រ  ការថយចុះគុណភាពនៃស្វ័យភាពក្នុងតំបន់ ការអនុវត្តមានកម្រិតនៃប្រព័ន្ធផ្អែកលើគុណសម្បត្តិ និងការកើនឡើងនៃយោធានៅក្នុងលំហស៊ីវិល។

ស្ថាប័ននេះក៏ បានគូសបញ្ជាក់ពីការព្រួយបារម្ភអំពីការរៀបចំច្បាប់យ៉ាងឆាប់រហ័សជាមួយនឹងការពិគ្រោះយោបល់សាធារណៈមានកម្រិត ការថយចុះឯករាជ្យភាពនៃស្ថាប័នអនុវត្តច្បាប់ និងការប្រើប្រាស់ច្បាប់ព័ត៌មាន និងប្រតិបត្តិការអេឡិចត្រូនិក  ដែលត្រូវបានរិះគន់ចំពោះការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ។

ចំពោះវិស័យសេដ្ឋកិច្ច វេទិកាសហគមន៍កាតូលិកឥណ្ឌូនេស៊ី  ក៏បានកត់សម្គាល់ពីសម្ពាធរូបិយប័ណ្ណលើប្រាក់រូពីឥណ្ឌូនេស៊ី អស្ថិរភាពទីផ្សារ និងការព្រួយបារម្ភលើគម្រោងយុទ្ធសាស្ត្រជាតិ ដែលពួកគេបាននិយាយថាមិនទាន់បានផ្តល់អត្ថប្រយោជន៍មានតុល្យភាពដល់សហគមន៍ក្នុងតំបន់នៅឡើយទេ។

វេទិកាសហគមន៍កាតូលិកឥណ្ឌូនេស៊ី  គឺជាបណ្តាញសង្គមស៊ីវិលកាតូលិកដែលតំណាងឱ្យសហគមន៍គ្រហស្ថមកពីភូមិភាគទូទាំងប្រទេស។ កិច្ចប្រជុំនេះរួមមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីព្រះសហគមន៍កាតូលិក រួមទាំងលោក អេនតូនីញូស ស៊ូប៊ីយ៉ានតូ បុនចាមីន (Antonius Subianto Bunjamin)  ប្រធានក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកឥណ្ឌូនេស៊ី ជាដើម៕

Daily Program

Livesteam thumbnail