គ្រីស្តបរិស័ទមួយក្រុមនៅឥណ្ឌារៀបចំយុទ្ធនាការបរិច្ចាគឈាមដើម្បីគាំទ្រដល់មន្ទីរពេទ្យនៅក្នុងស្រុក
សមាគមកាតូលិកដាជីឡីង ( Darjeeling) នៃព្រះវិហារ អ៊ីមម៉ាគូឡេត កុងសិបសិន ( Immaculate Conception) ក្នុងរដ្ឋ បឹងហ្គាល់ខាងលិច( West Bengal )ភាគខាងកើតនៃប្រទេសឥណ្ឌា បានរៀបចំជំរុំបរិច្ចាគឈាមមួយកាលពីពេលថ្មីៗ ដើម្បីគាំទ្រដល់ធនាគារឈាម សម្រាប់បែងចែកដល់មន្ទីរពេទ្យក្នុងស្រុកដែលកំពុងប្រឈមមុខនឹងកង្វះខាតឈាមសម្រាប់សង្រ្គោះជីវិត។
កម្មវិធីនេះត្រូវបានធ្វើឡើងនៅវិសាលវិហារ ក្នុងទីក្រុង ដាជីឡីង ដោយសហការជាមួយ Grace Paramedical & Health Academy។
គំនិតផ្តួចផ្តើមនេះត្រូវបានធ្វើឡើងដើម្បីគាំទ្រដល់ធនាគារឈាមនៃមន្ទីរពេទ្យស្រុក ដាជីឡីង ដែលបានរាយការណ៍ពីការខ្វះខាតដដែលៗដែលប៉ះពាល់ដល់អ្នកជំងឺ និងមន្ទីរពេទ្យក្នុងស្រុក។
មនុស្សប្រហែល ៧០ នាក់បានចុះឈ្មោះសម្រាប់បំពេញតាមការអំពាវនាវនេះ ។ បន្ទាប់ពីការត្រួតពិនិត្យសុខភាព និងការសាកសួរស្ថានភាពសុខភាពរួចរាល់ អ្នកបរិច្ចាគចំនួន៤០ នាក់ត្រូវបានរកឃើញថាមានសិទ្ធិបរិច្ចាគឈាម។
អ្នករៀបចំព្រះវិហារបាននិយាយថា ព្រះសហគមន៍កាតូលិកនៅ ដាជីឡីង បានបន្តលើកកម្ពស់ការយល់ដឹងអំពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងតួនាទីរបស់ខ្លួនក្នុងការជួយសង្គ្រោះជីវិតអ្នករងគ្រោះ។ ពួកគេបានបន្ថែមថា ជំរុំស្រដៀងគ្នានេះត្រូវបានគ្រោងទុករៀងរាល់ពីរទៅបីខែម្តង រួមទាំងនៅតំបន់ជនបទនៃស្រុកនេះផងដែរ។
អ្នករៀបចំក៏បានលើកទឹកចិត្តយុវជន និងសហគមន៍ព្រះសហគមន៍កាតូលិកឱ្យចូលរួមក្នុងកម្មវិធីមនុស្សធម៌ និងសង្គមតាមរយៈយុទ្ធនាការបរិច្ចាគជាប្រចាំ។
សមាជិកព្រះវិហារ បងប្អូនសាសនា សិស្ស និស្សិត អ្នកស្ម័គ្រចិត្ត និងបុគ្គលិកពេទ្យបានចូលរួមក្នុងព្រឹត្តិការណ៍នេះ និងបានជួយរៀបចំជំរុំនេះ។
អ្នករៀបចំបានថ្លែងអំណរគុណដល់អ្នកបរិច្ចាគ និងអ្នកស្ម័គ្រចិត្តសម្រាប់ការគាំទ្រគំនិតផ្តួចផ្តើមនេះ ដោយពណ៌នាអំពីការបរិច្ចាគឈាមថាជាសកម្មភាពសំខាន់មួយនៃការបម្រើអ្នកជំងឺដែលត្រូវការការថែទាំសុខភាពបន្ទាន់៕