គិតត្រឹមឆ្នាំ២០២៤ អាត្រាគ្របដណ្តប់ទឹកស្អាតនៅទូទាំងប្រទេសមានប្រមាណ ៨៧%
យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២៤ អាត្រាគ្របដណ្តប់ទឹកស្អាតជាមូលដ្ឋាននៅទូទាំងប្រទេសមានប្រមាណ ៨៧% ខណៈអាត្រានៃការគ្រប់គ្រងទឹកប្រកបដោយសុវត្ថិភាព (Safely Managed) សម្រេបាន ២១% ដោយឡែកអាត្រាគ្របដណ្តប់អនាម័យនៅទូទាំងប្រទេសមានប្រមាណ ៩២% ខណៈអត្រាគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាព (Safely Managed) សម្រេចបាន ៥១%។
នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ លោកឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួង បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំមន្រ្ដីជំនាញនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទផងដែរ។
លោករដ្ឋមន្រ្ដី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃនាយកដ្ឋានទាំងពីរ ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ តាមភារកិច្ចដែលក្រសួងប្រគល់ជូន ព្រមទាំងបានបញ្ជាក់ដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញ និងលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទឱ្យមានឥរិយាបថល្អ ក្នុងការរស់នៅ ប្រកបដោយអនាម័យល្អ បរិស្ថាបស្អាត និងផាសុកភាព។
ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្រ្ដី ក៏បានផ្ដល់អនុសាសន៍គន្លឹះចំនួន ៧ចំណុច ដូចខាងក្រោម៖
១. ជំរុញការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យ ដោយចុះពិនិត្យ និងវាយតម្លៃជាក់ស្ដែងអំពីស្ថានភាពការប្រតិបត្តិអនាម័យ និងការផ្គត់ផ្គង់ទឹកតាមភូមិ និងខ្នងផ្ទះ ។
២. បន្តពង្រឹងយន្តការប្រព័ន្ធគ្រប់គ្រងទិន្នន័យ (MIS) អាត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ ដោយបន្ដបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ។
៣. ជំរុញការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ចំនួន ៧ខេត្តបន្ថែមទៀត ក្នុងឆ្នាំ២០២៥នេះ និងត្រូវធ្វើបុរេសកម្ម ដោយសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។
៤.ត្រូវធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យជនបទ និងបណ្តុះបណ្តាលមន្ត្រីជំនាញ។
៥. ត្រូវរៀបចំផលិតវីដេអូអប់រំខ្លី ដើម្បីផ្សព្វផ្សាយអំពីការប្រតិបត្តិអនាម័យ និងការប្រើប្រាស់ទឹកស្អាត ។
៦. បន្ដកិច្ចសហប្រតិបត្តិការ និងគៀគរថបិកាដើម្បីពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទតាមរយៈដៃគូអភិវឌ្ឍន៍, NGOs វិស័យឯកជន និងសប្បុរសជនផងដែរ និងធ្វើលិខិតថ្លែងអំណរគុណ និងគ្រឿងឥស្សរិយយសជូនសប្បុរសជន និងអង្គការដៃគូ ។
៧. បន្ដរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដោយប្រកាន់យកនូវគោលការណ៍ រួមគិត រួមអនុវត្ត និងរួមទទួលខុសត្រូវដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕