គណបក្សភ្លើងទៀន លុបឈ្មោះ​ស៊ិន ចា​ន់​ពៅ​​រ៉ូហ៊្សេត ដែលជា​បុគ្គលខ្លាំង​​ក្នុង​ខេត្តបាត់ដំបង ​ចេញពីបក្ស

គណបក្សភ្លើងទៀន ដែលមានអតីតភាពជាគណបក្សសមរង្ស៊ី បានសម្រេចលុបឈ្មោះអ្នកស្រី ស៊ិន ចា​ន់​ពៅ​​រ៉ូហ៊្សេត ចេញពីគណបក្ស កាល​ពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ នេះបើយោងតាម​សេចក្តីសម្រេចរបស់​គណបក្សភ្លើងទៀនស្តីពីការលុបឈ្មោះសមាជិកភាពចេញពីគណបក្ស។​

លោក សំ វង្សតារ៉ា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តបាត់ដំបង បាន​ចុះហត្ថលេខា​លើសេចក្តីសម្រេច​នៃការលុបឈ្មោះលោកស្រី ស៊ិន ចា​ន់​ពៅ​​រ៉ូហ៊្សេត ចេញពីសមាជិកភាពគណបក្ស។

​ទាក់ទងនឹង​ការលុបឈ្មោះនេះ លោកស្រី​ ស៊ិន ចា​ន់​ពៅ​​រ៉ូហ៊្សេត បានលើកឡើងពីមូលហេតុនៃការដកលោកស្រីចេញពីសមាជិកភាពបក្ស​ក្រោយពីលោកស្រីគាំទ្រគណបក្ស​ កម្លាំងជាតិ​ និងរកជំនួយជួយគណបក្ស កម្លាំងជាតិ។

លោកស្រីក៏បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស​ និងក្រៅ​ប្រទេសឈប់គាំទ្រគណបក្សភ្លើងទៀន​បន្តទៀត​។

លោកស្រីបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក​របស់​លោកស្រីនៅថ្ងៃទី១៧ ខែធ្នូថា គណបក្សនេះ​ ពីដើម​ ជាគណបក្សដែលល្អ​ តែក្រោមការគ្រប់គ្រងរបស់បក្ខពួកមេបច្ចុប្បន្ន​ បានបំផ្លាញស្មារតីដើម​ បំ​ផ្លាញកេរ្តិ៍ឈ្មោះដ៏ល្អរបស់បក្ស​ដែលជាគណបក្ស​ សម​ រង្ស៊ី​។

«ពួកអស់នេះធ្វើការដកសកម្មជ​នណាដែលស្មោះត្រង់នឹងពលរដ្ឋ​ ដែលបម្រើទុក្ខលំបាករបស់ពលរដ្ឋ​ ហើយមិនចេះរណ​បគេ​ បង្ខិត​បង្ខំសកម្មជ​នឱ្យទៅបោះឆ្នោតឱ្យគណបក្សផ្សេងដែលគេមិនស្រឡាញ់​ ។ មូលហេតុនៃការដកខ្ញុំដោយបំពានលក្ខន្តិកៈនេះ​ គឺក្រោយពីខ្ញុំគាំទ្រគណបក្ស​ កម្លាំងជាតិ​ និងរកជំនួយជួយគណបក្ស កម្លាំងជាតិ»។

លោកស្រីបានបញ្ជាក់បន្តទៀតថា ក្រោយពីគណបក្ស​ភ្លើងទៀនមិនអោយលោកស្រី​ចូលប្រកួតមក ​ពួកគេបានបង្ខំឲ្យសកម្មជនភ្លើងទៀនទៅបោះឆ្នោតឲ្យបក្សផ្សេង​ ដែលជាបក្សដែលក្រុមពួកគេឈរឈ្មោះ​ តែបើសកម្មជនរូបណាមិនស្តាប់តាម​គេ​ទេ​ ពួកគេគំរាមដក​តួនាទីនិងលុបឈ្មោះ។

«ការដកខ្ញុំនេះ​ គឺខុសពីលក្ខន្តិកៈគណបក្ស​ ដោយខ្ញុំជាគណៈកម្មាធិការនាយករបស់គណបក្សភ្លើងទៀន​នៅឡើយ​ តែត្រូវបានពួកនេះធ្វើខុសលក្ខន្តិកៈដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ​»។ លោកស្រី  ស៊ិន ចា​ន់​ពៅ​​រ៉ូហ៊្សេត បានលើកឡើង។

លោកស្រីបន្តថា ៖ «បើលុបឈ្មោះខ្ញុំពីគណបក្សនោះ​ គួរមានលិខិតមួយទៀតពីគណៈកម្មាធិការនាយកបក្ស ជាពិសេសពួកនេះមិនចេះច្បាប់ដែលខ្លួនឯងបានបង្កើត​ឡើងឡើយ​ ដោយដកខ្ញុំម្តងហើយពីលេខាធិការបក្សខេត្តដោយបំពាន​ ហើយពេលនេះលុបឈ្មោះខ្ញុំម្តងទៀត​ ទាំងខ្ញុំនៅជាគណៈកម្មាធិការនាយក​ និយាយរួមពួកនេះបំពានច្បាប់លក្ខន្តិកៈគណបក្ស​ បំពានច្បាប់គណៈកម្មាធិការនា​យក​»។

សូមបញ្ជាក់ដែរថា នៅថ្ងៃទី១៦ ខែធ្នូដដែលនោះ គណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តបាត់ដំបង ក៏បាន​លុបឈ្មោះលោក ឌុច សាវុធ ចេញពីសមាជិកភាព​របស់​គណបក្សនេះដែរ៕

 

 

 

Daily Program

Livesteam thumbnail