ខួប៣៣នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ថ្ងៃទី ២៣ តុលា ឆ្នាំ២០២៤នេះ គឺជាខួប ៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាកិច្ចព្រមព្រៀងបើកផ្លូវឱ្យកម្ពុជាដើរទៅរកសុខសន្តិភាព ក្រោយសង្គ្រាមរាំរៃ បំផ្លិចបំផ្លាញ ប្រជាជាតិកម្ពុជាទាំងមូលឱ្យធ្លាក់ដល់ចំណុចសូន្យ។កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺកើតឡើងដោយការខិតខំប្រឹងប្រែងចរចាពីសម្តេច ហ៊ុន សែន និង សម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដើម្បីសន្តិភាពនៅកម្ពុជា។
ថ្ងៃទី២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤ គឺជាខួប៣៣នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ៣៣ឆ្នាំមុន ភាគីទាំង ៤ របស់កម្ពុជារួមមាន៖ សម្តេច ហ៊ុន សែន តំណាងឲ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
មុននឹងឈានមកដល់កិច្ចព្រមព្រៀង នាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេច ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយសម្តេចព្រះ នរោត្តម សីហនុ និង សម្តេច ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ ១៩៨៧)។
បន្ទាប់មក ក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែមករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និង នៅទីកន្លែងផ្សេងៗមួយចំនួនទៀត។ ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។
ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕