ខួប២៥ឆ្នាំ ការតែងតាំងលោកអភិបាល គីគេ ហ្វីការេដូ នៃ ភូមិភាគបាត់ដំបង

 ឆ្នាំ ២០២៥នេះ គឺជាឆ្នាំសំខាន់សម្រាប់ព្រះសហគមន៍កាតូលិកនៅកម្ពុជា ដែលបានប្រារព្ធខួបលើកទី២៥នៃការតែងតាំងលោកឪពុក អេនរីគេ ហ្វីការេដូ (គីគេ) ពីក្រុមសហជីវិនព្រះយេស៊ូ (Jesuits) ជាអភិបាល ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគបាត់ដំបង។

នៅក្នុងពិធីដ៏សែនរីករាយនេះ ប្រារព្ធឡើងកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ដោយមានការចូលរួមពីសំណាក់ លោកអភិបាល បូជាចារ្យ បព្វជិត បព្វជិតា និងគ្រីស្តបរិស័ទ ចំនួនប្រមាណជិត១,០០០នាក់។

 លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលបានចូលរួមក្នុងពិធីដ៏ឱឡារិកនេះ បានរំលឹកអនុស្សាវរីយ៍សំខាន់ៗកំឡុងឆ្នាំ ២០០០ ដែលលោកជាបូជាចារ្យ បម្រើនៅព្រះសហគមន៍ស្វាយស៊ីសូផុន និងការទទួលស្វាគមន៍លោកគីគេពេលទទួលតំណែងជាអភិបាលភូមិភាគបាត់ដំបង។

 លោកអភិបាលអូលីវីយ៉េ បានរំលឹកអំពីភាពជិតស្និទ្ធដែលលោកមានជាមួយលោកអភិបាលភូមិភាគបាត់ដំបង ដែលតែងតែលើកទឹកចិត្តជាមិត្តភក្តិ និងមានភាពកក់ក្តៅ។ លោកពោលថា «នៅពេលមានអំណសប្បាយ ពេលជួបទុក្ខលំបាក និងពេលមានសេចក្តីសង្ឃឹម គឺលោកគីគេនៅ។ គ្រប់ពេលវេលា ខ្ញុំបានជួបមិត្តភក្តិម្នាក់។ នេះជាអំណោយមួយដែលខ្ញុំទទួលពីលោកផ្ទាល់»។

 លោកអភិបាលអេនរីគេ ហ្វីការេដូ (ហៅគីគេ) ត្រូវបានជ្រើសតាំងជាអភិបាលក្នុងថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០០០ ជាសម័យកាលថ្មីមួយសម្រាប់ព្រះសហគមន៍កាតូលិកនៅបាត់ដំបង។ លោកបានខិតខំ អស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ២៥ឆ្នាំ ដើម្បីបម្រើ កសាងព្រះសហគមន៍ឡើងវិញ ណែនាំនិងថែរក្សាហ្វូងចៀមរបស់ព្រះជាម្ចាស់។ លោកយកចិត្តទុកដាក់ លើកិច្ចសន្ទនាអន្តរសាសនា កិច្ចការមេត្តាករុណា ពង្រឹងជំនឿ និងការអប់រំនៅក្នុងសង្គមកម្ពុជា។

 មនុស្សជាច្រើនបានគេស្គាល់ច្បាស់ថាជា “អភិបាលនៃរទេះរុញ” ដោយសារកិច្ចការងារជាច្រើនដែល លោកបានបំពេញ មិនចេះនឿយហត់ ជាមួយជនមានពិការភាព និងជនរងគ្រោះដោយមីន។ ជួយជនភៀសខ្លួននៅក្នុងជំរុំ តាមបណ្តាយព្រំដែនកម្ពុជា-ថៃ ក្នុងដើមទសវត្សរ៍ ៨០ និង ពេលប្រជាជនធ្វើមាតុភូមិនិវត្តន៍ ដើមទសវត្សរ៍ ៩០ នៅសាលាបច្ចេកទេស សម្រាប់ជនមានពិការភាពនៅបន្ទាយព្រាប ដោយនាំមកជាមួយនូវសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដ៏ជ្រាលជ្រៅ។ លោកបូជាចារ្យ ជួរ ដាម៉ូ បូជាចារ្យបម្រើក្នុងភូមិភាគបាត់ដំបងបានបញ្ជាក់ថា លោកគីគេគឺជាអ្នកដឹកនាំដែលផ្តល់ភាពកក់ក្ដៅ និងស្តាប់អ្នកដទៃ។ លោកបាននិយាយថា៖ “នៅពេលខ្លះ ខ្ញុំមានបញ្ហា មានអំណរសប្បាយ មានសំណូមពរផ្សេងៗ ខ្ញុំនិយាយជាមួយគាត់ គាត់ស្តាប់។”

ចំពោះអ្នកស្រី កៅ ធារ៉ា ដែលបម្រើការជាមួយលោកអភិបាលជាយូរមកហើយជាអគ្គលេខាធិការ និងហេរញ្ញិកភូមិភាគបាត់ដំបងបានអះអាងថា លោកគីគេជាមនុស្សសាមញ្ញ អត់ធ្មត់ និងមានចិត្តសប្បុរស ដែលតែងឧទ្ទិសពេលវេលាដើម្បីជួយបងប្អូន។ “លោកមិនដែលប្រើអំណាចជាអភិបាលទេ តែប្រើសេចក្តីអាណិតអាសូរ និងសេចក្តីស្រឡាញ់។”

 ព្រឹត្តិការណ៍ខួប ២៥ឆ្នាំនេះ មិនត្រឹមតែជាការអរព្រះគុណព្រះជាម្ចាស់និងដឹងគុណចំពោះជីវិតនិងកិច្ចការបម្រើរបស់អភិបាលគីគេនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា ជាពិសេសក្នុងតំបន់ដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម។ សហគមន៍នេះ បានក្លាយជាគំរូមួយនៃសេចក្តីស្រឡាញ់ សន្តិភាព ការថែរក្សាបរិស្ថាន និងការរួបរួមគ្នា។

សម្រាប់ព្រះសហគមន៍កាតូលិកកម្ពុជា ខួប ២៥ឆ្នាំនៃការដឹកនាំរបស់អភិបាលគីគេ មិនមែនត្រឹមតែរំលឹកអំពីបេសកកម្មរបស់លោកបុណ្ណោះទេ ប៉ុន្តែជាខួបនៃការចងចាំអំពីសេចក្តីស្រឡាញ់ កិច្ចប្រកាសដំណឹងល្អដល់បងប្អូន ជំនឿ និងការបន្តឆ្ពោះទៅមុខ៕

Daily Program

Livesteam thumbnail