ខួបលើកទី១៥ នៃការដាក់បញ្ចូលសារមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ​​ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០០៩ ដែលមកដល់ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០២៤នេះគឺជាខួបលើកទី១៥។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញសង្គមថា ៖ «អបអរសាទរខួបលើកទី១៥ នៃបណ្ណសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ»។

​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានចូលរួមអបអរសាទរ​នេះ​ផងដែរ ដោយបាន​លើកឡើងថា ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ គណៈកម្មាធិការប្រឹក្សា​អន្តរជាតិកម្មវិធីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួលស្លែងទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក ជាផ្លូវការនៅទីក្រុងប្រ៊ីតថោន ប្រទេសបារបាដូស។

ក្រសួងបញ្ជាក់ថា ៖ «ថ្ងៃនេះ ជាខួប១៥ឆ្នាំនៃការដាក់បញ្ចូលក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែល សហគមន៍អន្តរជាតិទទួលស្គាល់បណ្ណសារសារមន្ទីរទួលស្លែង។ ​បណ្ណសារសារមន្ទីរទួល​ស្លែង ​ជាភស្ដុតាងដ៏សំខាន់បំផុត បង្ហាញពីអំពើឧក្រិដ្ឋកម្ម​កើតឡើងក្នុងសម័យខ្មែរក្រហម»។

តាមរយៈកិច្ចការខាងលើនេះ សារមន្ទីរទទួលបានការសម្រប​សម្រួល​ជាច្រើនពីសហគមន៍​អន្តរជាតិទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ ជាពិសេសអង្គការ KOICA តាមរយៈការសម្របសម្រួលរបស់អង្គការយូណេស្កូ ក្នុងការអភិរក្សនិងថតចម្លងឯកសារទាំងនេះ ព្រមទាំងផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកព័ត៌មានរបស់ជនរងគ្រោះពីសាច់ញាតិ និងផ្ដល់ការប្រើប្រាស់ឯកសារតាមប្រព័ន្ធអ៊ីធើណេត៕

 

Daily Program

Livesteam thumbnail