ខាងផ្នែករុស្ស៊ី ការបាត់បង់ដ៏ធំធេងដើម្បីចំណេញដែលមិនគ្រប់គ្រាន់

ការខូចខាតដែលកើនកាន់តែខ្ពស់ដែលមិនធ្លាប់មានសម្រាប់រុស្ស៊ី។ នៅអំឡុង ៨ខែដើមឆ្នាំ​២០២៥ រុស្ស៊ី បានបាត់បង់ទាហាន ២៨១៥៥០នាក់ នៅអ៊ុយក្រែន។ តួលេខដែល​មាន​ប្រភព​ពី​ឯកសារ​ដែលទទួលបានពីប្រព័ន្ធផ្សព្វផ្សាយអនឡាញអាម៉េរិក ប៉ូលីទីកូ Politico ដោយយោង​តាម​​សេវាកម្មចារកម្មរបស់អ៊ុយក្រែនពីព័ត៌មានបែកធ្លាយរប​ស់​រុស្ស៊ី។ បើជឿលើឯកសារ នោះ​គឺ​មានទាហានរុស្ស៊ី ៨៦៧៤៤នាក់ បានស្លាប់ ចាប់តាំងដើមឆ្នាំ ៣៣៩៦៦នាក់ បានបាត់ខ្លួន ១៥៨៥២៩នាក់ រងរបួស និង ២៣១១នាក់ ត្រូវបានចាប់ខ្លួន។

ទោះបីជាយ៉ាងណា តួលេខទាំងនេះត្រូវបានតវ៉ា។ គេហទំព័ររុស្ស៊ី ម៉េឌីយ៉ាហ្ស៉ូណា Mediazona ដែលដឹកនាំជាមួយទូរទស្សន៍ BBC នូវគម្រោងការកំណត់អត្តសញ្ញាញទាហាន​រុស្ស៊ី​​ដែល​​បានស្លាប់នៅក្នុងការប្រយុទ្ធចាប់តាំងពីដើមដំបូងនៃសង្រ្គាម និងរហូតមកដល់ពេល​នេះ រាប់​ឃើញមានចំនួនទាហានស្លាប់ ១៣៤០០០នាក់។ វាបង្កបានការសង្ស័យ។ ប៉ុន្តែ សម្រាប់ក្រុម​អន្តរជាតិ​នៃចារកម្ម ហ្វ្រ៉ាន់ថេលីជេន អ៊ីនសាយ Frontelligence Insight បាន​ឲ្យ​ដឹងថា ឯកសារ​នេះ​គឺច្បាស់ល្មម និង​មានទំនាក់ទំនងផ្ទាល់នឹងការវាយតម្លៃត្រឹមត្រូវ​នៃសេវា​ចារកម្ម​ឯករាជ្យ។

ប៉ូលីទីកូ វិនិច្ឆ័យថា ស្ថិតិ ដែលបង្ហាញអំពីរបៀបគ្មានប្រសិទ្ធភាពដែលទីក្រុងក្រឹមឡាំង ដឹកនាំ​ធ្វើ​សង្រ្គាម និងឥទ្ធិពលនៃសង្រ្គាមដ្រូន ដែលកងកម្លាំងដ្រូនអ៊ុយក្រែនដឹកនាំប្រឆាំងនឹងរុស្ស៊ី។

យោង​តាម​របាយការណ៍មួយបានឲ្យដឹងថា អត្រាផលធៀបខាងរុស្ស៊ី គឺក្នុងអ្នករបួស ១,៣ នាក់ មានម្នាក់​ស្លាប់ ទល់នឹង​ អ្នករបួស ៣នាក់ មានម្នាក់ស្លាប់ សម្រាប់សង្រ្គាមផ្សេងៗ។ នេះ​បង្ហាញ​ថា ការ​រស់រាន​​មានជីវិត គឺទាបណាស់សម្រាប់ទាហានរុស្ស៊ី។  ឯកសារក៏បានធ្វើសេចក្តី​លំអិតថា មានអត្រាដ៏ទាបនៃការរស់រានមានជីវិតនៃ​ទាហានរង​របួស ដែលបានមកពី​គ្រូពេទ្យ​ដែលទទួលបានការបណ្តុះបណ្តាលមិនល្អ និងជាទូទៅ ទាហានត្រូវបាន​បោះបង់ចោលដោយ​គ្មាន​ជំនួយ បន្ទាប់ពីបានរងរបួស។

ចាប់តាំងពីដើមនៃការឈ្លានពានរបស់រុស្ស៊ីនៅឆ្នាំ២០២២ អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន វាយតម្លៃថា ការបាត់បង់របស់ទាហានរុស្ស៊ី ឡើងហួសជាង ១លាននាក់ បានស្លាប់ រងរបួស និង​បាត់ខ្លួន ឬប្រមាណ ១០០០នាក់ ក្នុងមួយថ្ងៃ។

កងកម្លាំង​របស់​រុស្ស៊ីបាត់បង់ដ៏សម្បើមដែរ។ ដ្រូនរបស់​អ៊ុយក្រែន ដាក់លើ​គោលដៅទាហាន​ម្នាក់ៗ នៅខណៈដែលរ៉ូកែត និងកាំភ្លើងធំវាយប្រហារលើ​ខ្សែ​​​ផ្គត់ផ្គង់។ ទាហាន​ដែល​ប្រើ​ប្រាស់​​ក្នុង​ការវាយប្រហារជារលកទ័ពថ្មើរជើង គឺទទួលរង​ការ​​បាត់បង់​កើនឡើង​ដូចព្រួញ។ កាល​​ពី​ខែមិថុនា ឆ្នាំ២០២៥ ហ្វ្រ៉ាន់ថេលីជេន អ៊ីនសាយ Frontelligence Insight វាយតម្លៃថា រុស្ស៊ី​បាន​បាត់បង់បុគ្គលិកយោធាពី៨៤០០នាក់ ទៅដល់ ១០៥០០ នាក់ ក្នុងមួយខែ​ ឬ​ត្រូវ​សម្លាប់​ក្នុង​ការ​ប្រយុទ្ធ។  ទោះបីជាមានការបាត់បង់ទាំងនេះ ទាហាន​រុស្ស៊ី​បន្តការវាយ​ប្រហារ ដែល​សម្រេច​វឌ្ឍនភាព​ទៅមុខផ្នែកតាក់ទិកដែលមានកម្រិត ប៉ុន្តែពួកគេនៅ​តែ​​ស៊ូទ្រាំ​​នៅ​ក្នុង​សង្រ្គាម​ដែល​ចំណាយ​ដ៏ថ្លៃខាងជីវិតមនុស្ស។

នៅលើសមរភូមិ ទាហានទីក្រុងក្រឹមឡាំងបន្តដណ្តើមបាន​ទឹកដី​ដោយមានប្រសិទ្ធភាព។ កាល​​ពីខែកញ្ញា មុន ឧត្តមសេនីយ៍ អូឡេចសានដ្រ៍ សៀស្គី អគ្គមេបញ្ជាការទាហានអ៊ុយក្រែន វាយ​តម្លៃប្រាប់សារព័ត៌មានថា ខ្សែត្រៀមសមរភូមិ បានរីកលាតសន្ធឹង ២០០ គម នៅឆ្នាំនេះ។

លើសពីនេះ ខ្សែសមរភូមិ ២៤០០ គម មិនមានប្រតិបត្តិការប្រយុទ្ធ ប៉ុន្តែអ៊ុយក្រែន​ក៏​ត្រូវ​ឈ​ជើង​ថែរក្សា និងដាក់កម្លាំងប្រចាំការ។ លោកឧត្តមសេនីយ៍ ក៏ធ្វើសន្និដ្ឋានអំពីស្ថានភាព​ជាទូទៅ​​នៃខ្សែត្រៀមសមរភូមិដែលស្ថិតនៅតែលំបាក និងរុស្ស៊ីបន្តឆ្ពោះទៅមុខលើទិសដៅ​សំខាន់ៗ មានជាអាទិ៍នៅតំបន់ ប៉ូក្រូវស្ក៍ និងដូប្រូពីយ៉ាជាដើម។

 

Daily Program

Livesteam thumbnail