ក្រុមហ៊ុន Yeo's ប្រគល់ថវិកា ១០០លានរៀល ដល់សាលាអប់រំពិសេសនៃការលូតលាស់នៅបឹងទំពុន

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ សាលាអប់រំពិសេសនៃការលូតលាស់ បានរៀបចំពិធីប្រគល់ និងទទួលថវិកាចំនួន ១០០លានរៀល ពីក្រុមហ៊ុន Yeo's (យ៉ូស)។ ពិធីនេះបានប្រព្រឹត្តនៅព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត គីម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ។

ក្នុងឱកាសនោះ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍អបអរសាទរចំពោះ លោកស្រី ភោគ ម៉ានី ស្ថាបនិកសាលាអប់រំពិសេសនៃការលូតលាស់ ដែលបានខិតខំកសាងសាលានេះរហូតមានសិស្សានុសិស្សចំនួន ៣៦០នាក់។

លោកអភិបាលក៏បានថ្លែងអំណរគុណដល់មាតាបិតា និងអាណាព្យាបាល ដែលតែងតែគាំទ្រសាលា និងសង្ឃឹមថាថ្ងៃណាមួយ សាលានឹងមានអគារផ្ទាល់ខ្លួនដូចបំណងប្រាថ្នារបស់ស្ថាបនិក។ ទន្ទឹមនឹងនេះ លោកអភិបាលបានរំឭកពីអត្ថន័យនៃព្រះយេស៊ូប្រសូត ដែលជានិមិត្តរូបនៃសន្តិភាព។ ទាក់ទងនឹងស្ថានភាព សង្គ្រាមតាមព្រំដែន លោកអភិបាលអូលីវីយ៉េ សង្កត់ធ្ងន់ថា យើងសង្ឃឹមនៅថ្ងៃនេះ សំលេងអាវុធឈប់បន្ទាន់។  ពេលកូវីដ ឲ្យយើងភ័យខ្លាច … សង្គ្រាមនាពេលនេះ នាំឲ្យយើងកាន់តែភ័យខ្លាចហេតុនេះ សុំឲ្យសន្តិភាពកើតមានឆាប់ៗគឺនៅពេលនេះ។

លោកអភិបាលមានប្រសាសន៍ ក្នុងនាមយើង ជាអ្នកកាន់សាសនាណាក៏ដោយ យើងមាន អំណាចមួយ គឺ«ជំរុញស្មារតី ប្រមូលគ្នាដើម្បីទូលអង្វរ សូមអោយសុខសន្តិភាពយាងមកឆាប់ៗនេះ»។ សម្រាប់កិច្ចការមនុស្សធម៌ជួយប្រជាជនភៀសសឹក ជាពិសេសកុមារ ដែលមិនអាចទៅរៀនតាមសាលារៀនបានដោយសារសង្គ្រាម ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ក៏បានកៀរគរថវិកាពីគ្រប់សាលាក្រោមឱវាទបានចំនួន ១២លានរៀល (ប្រមាណ ៣,០០០ដុល្លារ) ដើម្បីប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា ជួយដល់ជនភៀសសឹក និងកុមារតាមជំរំ។

លោកជំទាវបណ្ឌិត គីម សេដ្ឋានី បានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការ «១រយរៀល ១កំប៉ុង» របស់ក្រុមហ៊ុន Yeo's។ លោកជំទាវបានបញ្ជាក់ថា នេះគឺជាវេទិកាដ៏សំខាន់ក្នុងការបណ្តុះស្មារតីសាមគ្គីភាព ការចែករំលែក និងសេចក្តីស្រឡាញ់ដល់កុមារតូចៗ។

លោកជំទាវបណ្ឌិត ក៏បានកោតសរសើរសាលាអប់រំពិសេសនៃការលូតលាស់ ដែលបានផ្តល់ការបណ្តុះបណ្តាលដល់សិស្សានុសិស្សអូទីស្សឹមដែលមានគុណភាពខ្ពស់។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិតបានសង្កត់ធ្ងន់ថា មូលនិធិដែលទទួលបានពីយុទ្ធនាការនេះ នឹងក្លាយជាចំណែកយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងកុមារដែលមានបញ្ហាសតិបញ្ញា ឱ្យមានឱកាសរៀនសូត្រ និងអភិវឌ្ឍខ្លួនក្លាយជាសរសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលអនាគត។

សាលា​អប់រំ​ពិសេស​សម្រាប់ការ​លូតលាស់ បច្ចុប្បន្ន​មានទីតាំ​ង​នៅ​លើ​ផ្ទះ​ជួល​ចំនួន​២​ល្វែង​ដែល​នៅ​ជាប់​នឹង​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពន់​ក្នុង​រាជ​ធានីភ្នំពេញ​ ដែល​គាំទ្រដោយ​ព្រះសហគមន៍កាតូលិក ហើយ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៧។

បច្ចុប្បន្ននេះ មានសិស្ស​សរុប​ ៣៦០នាក់ និងបុគ្គលិក ជាង១០០នាក់។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំនេះ សាលា​បាន​​ធ្វើបរិយាបន្នសិស្ស ទៅសិក្សានៅសាលាខាងក្រៅ ប្រមាណជា ៥៩នាក់ ដែលនេះជាការខិតខំប្រែងប្រែងមួយដើម្បីអាចឱ្យកុមារចូលរួមនៅក្នុងសង្គមបាន។

ក្នុងឆ្នាំ២០២៤ ព្រះសហគមន៍​កាតូលិក​មាន​គម្រោង​ក​សាងអគាសិក្សាថ្មី ដែលមានកំពស់១០ជាន់ សម្រាប់​អប់រំ​ដល់​កុមារ​ដែល​ចូលដល់​វ័យ​ជំទង់។ អ្នកស្រីនាយិការសាលា​ឲ្យដឹងថា « ការកសាងអគារទំនើបនេះ មិនគ្រាន់តែបំពេញតម្រូវការផ្នែកអប់រំប៉ុណ្ណោះទេ តែជាកន្លែងដើម្បីឱ្យកុមារអាចរីកលូតលាស់ ទាំងជំនាញ និងបំណិនជីវិត និងអាចរស់នៅដោយខ្លួនឯង។»

ក្នុងពេល​បច្ចុប្បន្ននេះ ព្រះសហគមន៍​កាតូលិក​និង​សាលា​ផ្ទាល់​កំពុង​គៀងគរ​ការ​បរិច្ចាគ​ពីសប្បុរសជន​ដើម្បី​ឲ្យគម្រោងនេះ​អាច​ដំណើរ​ការទៅបាន៕

Daily Program

Livesteam thumbnail