ក្រុមហ៊ុនជប៉ុនផ្នែកកែច្នៃសំរាមប្លាស្ទិក សម្រេចចិត្តពង្រីកការវិនិយោគនៅកម្ពុជា
ក្រុមហ៊ុន GOMI RECYCLE បច្ចុប្បន្នបាននិងកំពុងដំណើរការគម្រោងវិនិយោគកែច្នៃសំរាម (ប្រមូលសំរាមប្លាស្ទិកដើម្បីកែច្នៃ) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ប្ដេជ្ញាពង្រីកការវិនិយោគរបស់ខ្លួនលើការប្រមូលសំរាមប្លាស្ទិកឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផលិតជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិម ពិសេសចូលរួមសម្អាតបរិស្ថាននៅកម្ពុជាផងដែរ។
ការប្ដេជ្ញានេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
នាឱកាសនោះ លោក Okumura Yusuke ប្រធានក្រុមហ៊ុន បានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងដំណើរការគម្រោងវិនិយោគកែច្នៃសំរាម (ប្រមូលសំរាមប្លាស្ទិកដើម្បីកែច្នៃ) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ ដោយមានការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការធានាបានូវបរិស្ថានវិនិយោគដ៏ល្អប្រសើរ នៅពេលនេះក្រុមហ៊ុនបានសម្រេចចិត្តពង្រីកការវិនិយោគ ដោយពង្រីកបន្ថែមលើការប្រមូលសំរាមប្លាស្ទិក គឺប្រមូលសំរាមទូទៅពីក្រុមហ៊ុនដែលកំពុងមានផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដើម្បីកែច្នៃ។ កន្លងមក ក្រុមហ៊ុនបានវិនិយោគកែច្នៃសំរាមប្លាស្ទិកដើម្បីផលិតជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិម។
លោក ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគនៅកម្ពុជា និងបានសម្តែងនូវការស្វាគមន៍គម្រោងពង្រីកការវិនិយោគនេះ ដែលនឹងអាចចូលរួមបង្កើតការងារបន្ថែមជូនដល់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមសម្អាតបរិស្ថាន៕