ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបោះឆ្នោតគាំទ្រការដាក់ពង្រាយកង​កម្លាំងអន្តរជាតិនៅហ្គាហ្ស៉ា

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី១៧ វិច្ឆិកា បានបោះឆ្នោត​សម្រាប់​ផែនការសន្តិភាពរបស់លោកដូណាល់ ត្រាំ នៅតំបន់ហ្គាហ្ស៉ា ដែលជាពិសេស​គ្រោង​ដាក់ពង្រាយកងកម្លាំងអន្តរជាតិ ក្រោមសំពាធរបស់សហរដ្ឋអាម៉េរិក​ដែលធ្លាប់បានព្រមាន​ប្រឆាំង​នឹងហានិភ័យនៃការផ្ទុះសង្រ្គាមឡើងវិញ។

សមាជិក ១៣រូប នៃក្រុមប្រឹក្សានេះ បានថ្លែងគាំទ្រដំណោះស្រាយ។ ប្រធានាធិបតីអាម៉េរិក​បាន​អបអរសាទសម្រាប់ការខិតទៅជិតដំណោះស្រាយដ៏សំខាន់នៃប្រវត្តិសាស្រ្តរបស់អង្គការ​សហប្រជាជាតិ។ លោកដូណាល់ ត្រាំ បានអរគុណប្រទេសដែលកាន់អសនៈនៅក្រុមប្រឹក្សា​សន្តិសុខ រួមទាំងប្រទេសរុស្ស៊ី និងចិន ដែលបានបោះឆ្នោតអនុបវេទ។

ដោយត្រូវបានកែសម្រួលជាច្រើនសានៅអំឡុងកិច្ចចរចាដ៏រស៊ើប ដំណោះស្រាយអនុម័តផែន​ការរបស់ប្រធានាធិបតីអាម៉េរិក បានអនុញ្ញាតតាំងពីថ្ងៃទី១០ តុលា នូវបទឈប់បាញ់​ដ៏​ផុយ​ស្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅក្នុងដែនដីប៉ាឡេស្ទីន។

សម្រាប់រូបលោកស្តេហ្វ៉ាន ឌុយហ្ស៉ារីក អ្នកនាំពាក្យនៃអគ្គលេខានៃអង្គការសហប្រជាជាតិ  ការ​អនុម័តដំណោះស្រាយនេះ​គឺជាជំហានដ៏មានសារសំខាន់នៅក្នុងការពង្រឹង​បទ​ឈប់បាញ់​នៅ​ហ្គាហ្សា​ដែលត្រូវបានបំផ្លាញអស់រយៈពេល ២ឆ្នាំ នៃសង្រ្គាមដែលចាប់ផ្តើម​បង្ក​ដោយការ​វាយ​ប្រហារបង្ហូរឈាម​នៃចលនាឥស្លាមហាម៉ាសប៉ាឡេស្ទីន​នៅថ្ងៃទី៧ ខែតុលា ឆ្នាំ​២០២៣។

ចលនាហាម៉ាស បានសរសេរថា អត្ថបទច្បាប់​ដែលត្រូវបានគាំទ្រ​ដោយ​អាជ្ញាធរប៉ាឡេស្ទីន ផងដែរ​ មិន​បានឆ្លើយតបនឹងការទាមទារសិទ្ធនយោបាយ និងសិទ្ធ​មនុស្ស​​នៃជនជាតិ​ប៉ាឡេស្ទីន​​​នោះ​ទេ។​ វាដាក់ចេញនូវប្រព័ន្ធតាមដានត្រួតពិនិត្យអន្តរជាតិ​លើ​ដែនដីហ្គាហ្សា ជា​អ្វី​​ដែលប្រ​ជា​ជនយើង កម្លាំងរបស់យើង និងភាគីរបស់យើងបដិសេធ​ចោល។

ដំណោះស្រាយផ្តល់នូវអណត្តិរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧ ដល់គណៈកម្មាធិការ​សន្តិភាព ជាអង្គភាពអភិបាល​អន្តរកាល រហូតដល់មានការកែទម្រង់​អាជ្ញាធរប៉ាឡេស្ទីន។ គណៈកម្មាធិការ​នេះ​ត្រូវបានធ្វើជាអធិបតីភាពដោយលោកដូណាល់ ត្រាំ។

អត្ថបទដំណោះស្រាយក៏អនុញ្ញាតឲ្យមានកងកម្លាំងស្តារស្ថិរភាពអន្តរជាតិ (ISF) ដែលទទួល​បន្ទុកជាពិសេសរក្សាសន្តិសុខនៅតាមព្រំដែនរវាងអ៊ីស្រាអែល និងអេហ្ស៊ីប និងរក្សាតំបន់គ្មាន​យោធា​​នៅតំបន់ហ្គាហ្ស៉ា ការដកអាវុធពីកងកម្លាំងយោធាដែលមិនមានរដ្ឋ ការការពារជន​ស៊ីវិល និងការបង្កើតប៉ូលីសប៉ាឡេស្ទីន។

ផ្ទុយពីអត្ថបទដំណោះស្រាយលើកមុនៗ ការបង្កើតជាយថាហេតុនៃរដ្ឋប៉ាឡេស្ទីន​មិនបាន​លើក​ឡើងទេ។​ អត្ថបទនៃដំណោះស្រាយនិយាយថា បន្ទាប់ពីកំណែទម្រង់អាជ្ញាធរប៉ាឡេស្ទីន ចុងក្រោយលក្ខខណ្ឌនានានឹងអាចដាក់ឲ្យដំណើរការលើផ្លូវដែលអាចជឿទុកចិត្តបាន ឆ្ពោះ​ទៅ​កាន់ការស្វ័យសម្រេចចិត្តរបស់ប៉ាឡេស្ទីន និងលក្ខន្តិកៈជារដ្ឋ”។

នេះគឺជាអនាគតដែលច្បាស់ណាស់ ត្រូវបានបដិសេធដោយអ៊ីស្រាអែល។ កាលពីថ្ងៃទី១៦ ខែ​វិច្ឆិកា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេចាម៊ីន ណេតាន់យ៉ាហ៊ូ បានទទូចថា ៖ “ការ​ប្រឆាំង​ដ៏​ម៉ឺងម៉ាត់របស់យើងសម្រាប់ការទទូលស្គាល់រដ្ឋប៉ាឡេស្ទីន​ គឺមិនមានការផ្លាស់ប្តូរ​ទេ”។

សម្រាប់ប្រទេសបារាំងដែលបានបោះឆ្នោតគាំទ្រនូវដំណោះស្រាយនេះ បារាំងឆ្លើយតបនឹង​តម្រូវ​ការដែលមានភាពបន្ទាន់បំផុតនៃប្រជាជន និងអនុញ្ញាតឲ្យមានការគាំទ្រនៃកិច្ចខិតខំ​ប្រឹងប្រែង​សន្តិភាពដែលកំពុងដំណើរការ។ ប្រភពការទូតបារាំង បន្ថែមថា យើងបាន​ប្រកាន់​យក​វិធានការដើម្បីផ្ទៀងផ្ទាត់ថា អត្ថបទនៃដំណោះស្រាយរួមបញ្ចូលនូវធាតុសំខាន់ៗ​សម្រាប់​យើង និងជាពិសេស​សេចក្តីយោង​សម្រាប់ទស្សនវិស័យនៃរដ្ឋប៉ាឡេស្ទីន។

 

Daily Program

Livesteam thumbnail