ក្រសួងសុខាភិបាល អំពាវនាវឱ្យពលរដ្ឋកុំជឿលើការផ្សព្វផ្សាយបំផ្លើសថាមានថ្នាំអាចព្យាបាលជំងឺទឹកនោមផ្អែមជាសះស្បើយ
ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា បច្ចុប្បន្នក្រសួងសុខាភិបាលបានសង្កេត ឃើញ មានការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណមួយ ដែលនិយាយបំផ្លើសថាអាចព្យាបាលជំងឺទឹកនោមផ្អែមជាសះស្បើយបានដោយមិនចាំបាច់ប្រើប្រាស់ឱសថសម័យ។
ទាក់ទងនឹងការផ្សព្វផ្សាយដូចនេះ ត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថា មិនមែនជាការពិតនោះឡើយ។
ការអះអាងនេះ ត្រូវបានធ្វើឡើងដោយក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយបំផ្លើស និងការលក់ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណ គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល តាមបណ្តាញទំនាក់ទំនងសង្គម ដែលអាចព្យាបាលជំងឺទឹកនោមផ្អែម នាថ្ងៃទី៦ ខែកក្កដានេះ។
ក្រសួងសុខាភិបាល បញ្ជាក់ថា ៖ «ការផ្សព្វផ្សាយផលិតផលទាំងនេះគឺជាការភូតកុហក ដោយពុំមានហេតុផលវេជ្ជសាស្ត្រត្រឹមត្រូវ ម្យ៉ាងទៀតផលិតផលទាំងនោះពុំមានចុះបញ្ញិកានៅក្រសួងសុខាភិបាលឡើយ»។
ក្រសួងសុខាភិបាល បានបដិសេធទាំងស្រុងនូវការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផល បំប៉នសុខភាព និងឱសថបុរាណដូចជា ផលិតផល Gymnova ផលិតផល បាណាបា ផលិតផល Hypoly និងផលិតផលផ្សេងទៀត ដែលបានអះអាងថាអាចព្យាបាលជំងឺទឹកនោមផ្អែម ដោយមិនចាំបាច់ចាក់អាំងស៊ុយលីន និងប្រើឱសថសម័យ គឺជាការផ្សព្វផ្សាយបំផ្លើស ភូតកុហក បោកប្រាស់ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ ច្រឡំ រហូតដល់ការទិញផលិតផលទាំងនោះមកប្រើប្រាស់ សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមដែលអាច មានផលប៉ះពាល់ធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់សុខភាព។
ការមិនចាក់អាំងស៊ុយលីន ឬមិនប្រើឱសថសម័យ គឺមិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ ដែលនាំឱ្យជាតិស្ករក្នុងឈាមមិនប្រក្រតី ហើយអាចបណ្តាលឱ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ និងមានផលវិបាកដល់អាយុជីវិតចំពោះមុខ និងរយៈពេលវែង ការយឺតយ៉ាវក្នុងការទទួលបានការព្យាបាលបានត្រឹមត្រូវ។
ការពឹងផ្អែកលើការព្យាបាលដែល គ្មានប្រសិទ្ធភាព អាចបង្កើនហានិភ័យ និងផលវិបាកជាច្រើនដូចជា នាំឱ្យមានជំងឺសរសៃប្រសាទ ជំងឺសរសៃបាតភ្នែក ជំងឺសរសៃឈាមបេះដូង និងងាយទទួលការឆ្លងមេរោគ ជាដើម។
ការខូចខាតសរីរាង្គបណ្តាលមកពីការប្រើប្រាស់ឱសថ ឬផលិតផលបំប៉នសុខភាព ឬឱសថ បុរាណគ្មានចុះបច្ឆិកា ដែលអាចមានសារធាតុប៉ះពាល់ដល់សរីរាង្គដូចជា ថ្លើម និងតម្រងនោម ជាពិសេសប្រសិនបើលេបរយៈពេលយូរ ឬក្នុងកម្រិតខ្ពស់កង្វះអាហារូបត្ថម្ភ ដោយការព្យាបាលមិនសមស្របមួយចំនួនអាចពាក់ព័ន្ធនឹងការរឹតបន្តឹងរបបអាហារ ដែលអាចនាំឱ្យមានកង្វះអាហារូបត្ថម្ភធ្វើឱ្យការគ្រប់គ្រងជំងឺទឹកនោមផ្អែមកាន់តែមានភាពស្មុគស្មាញ។
ក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋ និងអ្នកជំងឺទឹកនោមផ្អែមទាំងអស់ត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងធ្វើការព្យាបាលឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រនៅតាមមន្ទីរនិងមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត៕