ក្រសួងអប់រំ សម្ពោធប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរស័ព្ទដៃ MoEYS EdTech App និងបញ្ញាសិប្បនិម្មិតនៃកម្មវិធីថ្នាលបឋមសម្រាប់គ្រូបង្រៀន

កម្មវិធីទូរស័ព្ទដៃ MoEYS EdTech App និងបញ្ញាសិប្បនិម្មិតនៃកម្មវិធីថ្នាលបឋមសម្រាប់គ្រូបង្រៀន ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានគូសបញ្ជាក់ថា នេះគឺជាជំហានថ្មីមួយក្នុងការផ្លាស់ប្ដូរទស្សនៈ ដែលថាទាល់តែរៀនគួរ ទើបអាចរៀនបន្ថែមបាន ជាក់ស្តែងឥលូវនេះ សិស្សអាចរៀនបន្ថែមដោយខ្លួនឯងនៅផ្ទះតាមរយៈកម្មវិធីទូរស័ព្ទថ្មីនេះ ហើយយើងនឹងបន្តចូលរួមសហការគ្នាបន្ថែមទៀតដើម្បីលើកទឹកចិត្ត និងជំរុញឱ្យមានការផ្លាស់ប្ដូរទម្លាប់ ពីការប្រើប្រាស់ទូរសព្ទដៃដើម្បីលេងហ្គេមឬបណ្ដាញសង្គម មកជាប្រើប្រាស់ទូរសព្ទដៃដើម្បីរៀនបង្កើនចំណេះដឹង។

យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា កម្មវិធី «MoEYS EdTech App» និងបញ្ញាសិប្បនិម្មិតនៃកម្មវិធីថ្នាលបឋមសម្រាប់គ្រូបង្រៀន ត្រូវបានរៀបចំឡើងដើម្បីជាប្រយោជន៍ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ក្នុងការចាប់យកបច្ចេកវិទ្យាសម្រាប់បម្រើដល់ការរៀន និងការបង្រៀនក្នុងបរិបទថ្មី ជាពិសេស ការធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិតទៅក្នុងប្រព័ន្ធអប់រំ។

បើតាមក្រសួងអប់រំ MoEYS EdTech App គឺជាកម្មវិធីទូរស័ព្ទដៃ ផ្តល់នូវធនធាន និងឧបករណ៍ អប់រំដ៏សម្បូរបែបដែលជួយដល់ ការស្វ័យសិក្សារបស់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដោយប្រើបច្ចេកវិទ្យាទំនើប និងរួមទាំងមានការសម្រិតសម្រាំងតេស្តអនុវត្តសម្រាប់មុខវិជ្ជាសិក្សាទាំង១០ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ។ ចំណែកឯ “បញ្ញាបឋម” គឺជាប្រព័ន្ធបញ្ញាសិប្បនិម្មិតផ្នែកអប់រំដំបូងគេបង្អស់របស់កម្ពុជា ដែលបង្កើតឡើងដើម្បីគាំទ្រទាំងសិស្សានុសិស្ស និងគ្រូបង្រៀន ដែលជួយគ្រូបង្រៀនមុខវិជ្ជា គណិតវិទ្យាប្រកបដោយភាពឆ្លាតវៃ ដោយផ្តល់ជំនួយភ្លាមៗដល់គ្រូបង្រៀននិងសិស្ស តាមរយៈការពន្យល់ជាជំហានៗ ការបង្កើតកិច្ចតែងការបង្រៀន និងការបង្កើតសន្លឹកកិច្ចការបន្ថែមសម្រាប់សិស្សហ្វឹកហាត់ ដែលសម្របតាមល្បឿននៃការសិក្សារបស់សិស្សម្នាក់ៗ។

ប្រព័ន្ធនេះបង្កើតបាននូវបរិយាកាសសិក្សាប្រកបដោយអន្តរកម្ម និងសុវត្ថិភាព ដែលអាចឱ្យមានការប្រាស្រ័យទាក់ទងដោយប្រើសំឡេងទៅជាអក្សរ មានសំណួរណែនាំ និងមានការការពារឯកជនភាពយ៉ាងរឹងមាំ ដើម្បីធានានូវបរិយាកាសដ៏មានសុវត្ថិភាពសម្រាប់កុមារ។ “បញ្ញាបឋម” ជួយកាត់បន្ថយគម្លាតផ្នែកអប់រំរវាងតំបន់ទីប្រជុំជន និងជនបទ ធានាឱ្យមានលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពប្រកបដោយសមធម៌ និងផ្តល់នូវស្តង់ដាជាតិដែលមានភាពស៊ីសង្វាក់គ្នា។

ថ្លែងក្នុងកម្មវិធីបើកសម្ពោធកម្មវិធីទួរស័ព្ទដៃនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រុមការងារគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើម អភិវឌ្ឍកម្មវិធីដ៏មានសារៈសំខាន់នេះឡើង។

បន្ថែមពីនេះ លោកបានស្នើឱ្យ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាទាំងអស់ ជំរុញការប្រើប្រាស់កម្មវិធីនេះឱ្យបានទូលំទូលាយ ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីនេះ ដែលអាចធ្វើឱ្យការរៀននៅបង្រៀនរបស់សិស្សកម្ពុជាដើរទាន់និន្នាការរបស់ពិភពលោក បើទោះជាធនធានរបស់យើងនៅមានកម្រិត ហើយនេះក៏ជាវឌ្ឍភាពថ្មីមួយទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការដាក់បញ្ចូលវិធីសាស្ត្រាបង្រៀនថ្មីៗ ឱ្យដល់សិស្សានុសិស្សទូទាំងប្រទេស សំដៅជំរុញអប់រំកាន់តែមានគុណភាព សមធម៌ និងបរិយាបន្ន៕

Daily Program

Livesteam thumbnail