ក្រសួងអប់រំ រៀបចំថ្នាក់រៀនឌីជីថលសម្រាប់សិស្សនៅជំរំភៀសសឹកក្នុងខេត្តឧត្ដរមានជ័យក្រសួងអប់រំ
យុវជន និងកីឡា បានរៀបចំថ្នាក់រៀនឌីជីថល សម្រាប់សិស្សនៅជំរំភៀសសឹកក្នុងខេត្តឧត្ដរមានជ័យ ដើម្បីធានានិរន្តរភាព និងគុណភាពអប់រំរបស់ពួកគេ។ ថ្នាក់រៀនឌីជីថលនេះ ក្រសួងបានរៀបចំដំឡើង និងបំពាក់ឧបករណ៍ឌីជីថលសម្រាប់គាំទ្រការរៀន និងបង្រៀននៅសាលារៀនបណ្ដោះអាសន្ន ក្នុងជំរំសុវត្ថិភាពចុងកាល់ និងវត្តបាត់ថ្កៅ។
ក្រសួងអប់រំ ថ្នាក់រៀនឌីជីថលនេះ គឺជាបន្ទប់កុំព្យូទ័រចល័ត ដែលមានបំពាក់នូវដំណោះស្រាយបច្ចេកវិទ្យាសាមញ្ញទំនើប ប្រើប្រាស់សម្រាប់តំបន់គ្មានអ៊ីនធឺណិត។ ក្នុងថ្នាក់រៀនឌីជីថលចល័តនេះ មានបណ្ណាល័យឌីជីថលក្រៅបណ្ដាញ (Offline Content Server) មានផ្ទុកមាតិកាសិក្សា ដូចជាសៀវភៅប្រមាណ៣ពាន់ក្បាល និងវីដេអូបង្រៀនរាប់ពាន់វីដេអូ ដែលជាជំនួយសម្រាប់គ្រូ និងសិស្សប្រើប្រាស់ Local Wi-Fi ដោយមិនចាំបាច់មានអ៊ីនធឺណិត។
ក្រៅពីនេះ ក្នុងថ្នាក់រៀនឌីជីថលក៏មានគ្រឿងបរិក្ខារបច្ចេកវិទ្យា កុំព្យូទ័រយួរដៃសម្រាប់គ្រូ និងកុំព្យូទ័រចំនួន ១០គ្រឿងសម្រាប់សិស្សអនុវត្តផ្ទាល់ រួមទាំងទូរទស្សន៍ឆ្លាតវៃជាជំនួយដល់ការបង្រៀនបានកាន់តែប្រសើរផងដែរ។ ទន្ទឹមនឹងវត្តមានថ្នាក់រៀនឌីជីថលតាមជំរំសុវត្ថិភាព ក្រសួងក៏បានរៀនចំវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្រៀន២០នាក់ និងសិស្ស៥០នាក់ រួមទាំងអាណាព្យាបាលសិស្សពីរបៀបប្រើប្រាស់ និងថែទាំឧបករណ៍ជាមុនផងដែរ។
ថ្នាក់រៀនឌីជីថលនៅជំរំភៀសសឹកខេត្តឧត្ដរមានជ័យ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ និងអង្គការដៃគូ ដែលមានក្រុមហ៊ុន KOOMPI, មូលនិធិពី ក្រុមហ៊ុន ISI Group, មូលនិធិ KMH Foundation និងអង្គការ Aide et Action (Action Education) និងសម្របសម្រួលដោយមន្ទីរអប់រំខេត្តឧត្ដរមានជ័យ។
ក្រសួងរំពឹងថា កុមារភៀសសឹកនឹងទទួលបានគុណភាពអប់រំឌីជីថលដ៏សម្បូរបែប មានគុណភាព បើទោះស្ថិតក្នុងស្ថានភាពជម្លៀស។ ក្រសួងក៏អំពាវនាវរកការគាំទ្របន្ថែមពីដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រ និងលើកកម្ពស់ការអប់រំ និងពង្រីកវិសាលភាពថ្នាក់រៀនឌីជីថលទៅជំរំភៀសសឹកដទៃផ្សេងទៀត និងសាលារៀននៅតំបន់ដាច់ស្រយាល៕