ក្រសួងសុខាភិបាល សុំឱ្យពលរដ្ឋនាំគ្នាទៅចាក់«វ៉ាក់សាំងកូវីដ-១៩» ខណៈប្រទេសជិតខាងកម្ពុជាផ្តើមផ្ទុះឆ្លងកូវីដឡើងវិញ
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ បន្ទាប់ពីមានការកត់សម្គាល់ឃើញការឆ្លងរាលដាលឡើងវិញនៃវីរុសកូវីដ-១៩ បំប្លែងថ្មី ជាពិសេសប្រភេទ JN.1 ដែលកំពុងរាតត្បាតនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា និងនៅទូទាំងពិភពលោក។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងថា ក្រសួងសុខាភិបាលបានលើកឡើងថា ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មីនេះ ក្រសួងសុំឱ្យពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាព ជាពិសេសចំពោះអ្នកដែលមានហានិភ័យខ្ពស់ ដូចជាជនវ័យចាស់ ជនដែលមានជំងឺរ៉ាំរ៉ៃ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។
ដើម្បីការពារខ្លួនពីការវាយលុកនៃជំងឺកូវីដ-១៩ ជាពិសេសចំពោះក្រុមដែលមានហានិភ័យខ្ពស់ដែលអាចឈានទៅដល់ភាពធ្ងន់ធ្ងរ និងបាត់បង់ជីវិត ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសក្រុមងាយរងគ្រោះ ឱ្យរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ម៉ាក Pfizer ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ) ចាប់ពីពេលនេះតទៅ។
ក្រសួងបានសង្កត់ធ្ងន់ថា ការអនុវត្តវិធានការ "៣ការពារ និង ៣កុំ" រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ ដូចដែលកម្ពុជាធ្លាប់ទទួលបានជោគជ័យយ៉ាងល្អប្រសើររួចមកហើយក្នុងអំឡុងឆ្នាំ២០២១ ដល់ឆ្នាំ២០២២។
ទោះបីជាបច្ចុប្បន្នកម្ពុជាមិនទាន់មានការផ្ទុះឡើងវិញនៃការឆ្លងវីរុសកូវីដ-១៩ក៏ដោយ ក្រសួងសុខាភិបាលបានបញ្ជាក់ថា "ការការពារប្រសើរជាងព្យាបាល" គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋទាំងអស់ ហើយក្រសួងកំពុងតែធ្វើការផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានការការពារខ្លួនជាមុនក្នុងពេលនេះ៕


Daily Program
