ក្រសួងសុខាភិបាលរកឃើញការកើនឡើង «ជំងឺកញ្ជ្រឹល» នៅកម្ពុជាប្រមាណ៣៧៥ករណីក្នុងខេត្ត១៧
ក្រសួងសុខាភិបាល បានប្រកាសថា ករណីនៃជំងឺកញ្ជ្រឹលមានការកើនឡើង ជាបន្តបន្ទាប់ជាពិសេសនៅតាមសាលារៀន និងខេត្តមួយចំនួននៅតាមព្រំដែន ចាប់តាំងពី ខែតុលា ឆ្នាំ២០២៤ មក។ ក្នុងនោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ នេះ ប្រទេសកម្ពុជា បានរកឃើញករណីវិជ្ជមានជំងឺកញ្ជ្រោលសរុប ៣៧៥ករណី ក្នុងខេត្តចំនួន១៧។ នេះបើយោងតាមលិខិតរបស់ក្រសួង ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
ប្រទេសកម្ពុជា រួមជាមួយនឹងប្រទេសជិតខាងកម្ពុជា កំពុងតែប្រឈមនឹងហានិភ័យ នៃការផ្ទុះរាលដាលជំងឺកញ្រ្ជឹល ឡើងវិញ ជាពិសេសប្រជាជនដែលងាយរងគ្រោះ ដូចជាកុមារ ជនចំណាកស្រុក ប្រជាជនចល័ត និងសហគមន៍ នៅតាមព្រំដែនជាដើម។ ដូចនេះហើយទើបក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធនាការផ្តល់វ៉ាក់សាំងបន្ថែម បង្ការជំងឺកញ្រ្ជឹល-ស្ទូច នៅទូទាំងប្រទេសដល់កុមារដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ននេះ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍។ កម្មវិធីជាតិ ផ្តល់ថ្នាំបង្ការ របស់ក្រសួងសុខាភិបាល បាននិងកំពុងបន្តតាមដាន ស្រាវជ្រាវយ៉ាងសកម្ម ជាប្រចាំ ដើម្បីស្វែងរក និងឆ្លើយតបជាបន្ទាន់។
ក្រសួងសុខាភិបាល បញ្ជាក់ថា ជំងឺកញ្រ្ជឹល គឺជាជំងឺបង្កដោយវីរុស មានលក្ខណៈឆ្លងខ្លាំង ហើយរាលដាលលឿនតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ជាពិសេសលើកុមារតូចៗដែលខ្វះអាហារូបត្ថម្ភ។ របាយការណ៍របស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៣ មក មានការផ្ទុះរាលដាលនៃជំងឺកញ្ជ្រឹលនៅបណ្តាប្រទេសជាច្រើនក្នុងតំបន់ និងលើពិភពលោក ដោយសារអត្រាគ្របដណ្តប់វ៉ាក់សាំងបង្ការជំងឺកញ្រ្ជឹលបានធ្លាក់ចុះ ក្នុងអំឡុងពេលផ្ទុះរាតត្បាតជំងឺកូវីដ-១៩។
ជាទូទៅរោគសញ្ញាជំងឺកញ្ជ្រឹលចាប់ផ្តើមចេញក្នុងចន្លោះពី ១០ថ្ងៃ ទៅ១៤ថ្ងៃ បន្ទាប់ពីឆ្លងវីរុស។ រោគសញ្ញាដំបូងច្រើន កើតមានក្នុងរយៈពេល ៤ ទៅ ៧ថ្ងៃ ដោយមានអាការៈហៀរសំបោរ ក្អក ភ្នែកក្រហម ហូរទឹកភ្នែក មានចំណុចពណ៌សតូចៗនៅខាងក្នុងថ្ពាល់ កន្ទួលក្រហមលើស្បែក គឺជារោគសញ្ញាចម្បង មានលើមុខ ផ្នែកខាងលើនៃក រោគសញ្ញានេះកើត មាន ៧ទៅ ១៨ថ្ងៃ បន្ទាប់ពីឆ្លង រួចរាលដាលពេញរាងកាយរហូតដល់ដៃជើងក្នុងរយៈពេល ៣ថ្ងៃ។ កន្ទួលក្រហម និងរលុបបាត់ក្នុងអំឡុង ៥ទៅ ៦ថ្ងៃ។
ប្រសិនជួបករណីសង្ស័យជំងឺកញ្ជ្រឹល ដូចជាមានរោគសញ្ញា ក្តៅខ្លួនខ្លាំង ក្អក ហៀរសំបោរ និងកន្ទួល ក្រហម សូមនាំកុមារមកពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព និង មន្ទីរពេទ្យ ដែលនៅជិតផ្ទះរបស់លោកអ្នក៕