ក្រសួងប្រៃសណីយ៍ ឲ្យពលរដ្ឋប្រយ័ត្នការឆបោកដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា AI

ក្រសួងប្រៃសណីយ៍ នៅថ្ងៃ ៤ ខែកុម្ភៈ បានចេញសេចក្ដីជូនដំណឹងដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ចំពោះការឆបោកដែលប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត(AI) ក្នុងការបោកប្រាស់តាមប្រព័ន្ធទូរសព្ទ និងប្រព័ន្ធទូរគមនាគមន៍ផ្សេងៗ ដើម្បីឱ្យផ្ទេរប្រាក់ ឬចែករំលែកទិន្នន័យមួយចំនួន ដោយក្រុមជនឆបោក បានក្លែងបន្លំការសន្ទនាជាសំឡេង រូបភាព ឬវីដេអូ ដែលមានមុខមាត់ពិតរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា ដែលធ្វើឱ្យមានការពិបាកក្នុងការកំណត់អត្តសញ្ញាណថាពិត ឬក្លែងក្លាយ។

យោងតាមក្រសួងប្រៃសណីយ៍ បានរកឃើញថា ឧបាយកលឆបោកតាមរយៈការក្លែងបន្លំជាសំឡេង រូបភាព ឬវីដេអូរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា ដោយទម្រង់ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត(AI) ដើម្បីបង្កើតជាការសន្ទនាសំឡេង រូបភាព ឬវីដេអូ ដែលសឹងតែដូចទាំងស្រុងនឹងម្ចាស់ដើម មានលក្ខណៈស្វ័យប្រវត្តិ និង ពិបាកសម្គាល់ថាពិត ឬក្លែងក្លាយ ដែលធ្វើឱ្យងាយចាញ់បោក និងធ្លាក់ចូលក្នុងឧបាយកលរបស់ជនទុច្ចរិត។

បើតាមក្រសួង ក្រុមឆបោក អាចទាមទារស្នើសុំ ឬខ្ចីប្រាក់ ដែលតម្រូវឱ្យអ្នកផ្ទេរប្រាក់តាមប្រព័ន្ធអនឡាញតែម្តង និង ការស្នើសុំឱ្យចែករំលែកទិន្នន័យផ្ទាល់ខ្លួន មានដូចជា លេខកូដសម្ងាត់គណនីធនាគារ លេខកូដបណ្តាញទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗ។

ក្រសួង បានណែនាំវិធីសាស្រ្តការពារខ្លួនពីការឆបោកខាងលើ តាមរយៈការ ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គលនោះឱ្យបានច្បាស់លាស់ ដោយពិនិត្យលេខទូរសព្ទ ឬរូបភាពគណនី និងតម្រូវឱ្យបុគ្គលនោះបើកកាំមេរ៉ាវីដេអូបង្ហាញមុខភ្លាមៗ។ ទន្ទឹមនឹងនេះ ត្រូវពិនិត្យផ្ទៀងផ្ទាត់អាកប្បកិរិយារបស់បុគ្គលនោះថា ដូចប្រក្រតី ឬប្លែកពីអ្នកដែលយើងស្គាល់ ហើយត្រូវសួរសំណួរផ្ទាល់ខ្លួន ឬសកម្មភាពដែលបានទាក់ទងគ្នាចុងក្រោយដែលគិតថាត្រូវតែដឹង៕

Daily Program

Livesteam thumbnail