ក្រមា បានចុះ​ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​

​«ក្រមា» ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ដោយគណៈកម្មការអន្តររដ្ឋាភិបាល។

នេះបើយោងតាមសេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នាយប់ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ២០២៤។​

«ក្រមា» គឺជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាចាប់តាំងពីពេលកើតរហូតដល់ពេលស្លាប់ ដោយប្រជាជននិយមប្រើប្រាស់តាមតម្រូវការផ្សេងៗដូចជា គ្របដណ្តប់ខ្លួន តុបតែងលម្អ ច្នៃជាសម្លៀកបំពាក់ គ្រប់ទម្រង់ បាំងកម្ដៅព្រះអាទិត្យ ចងជាអង្រឹងក្មេង សម្រាប់ជូតខ្លួន និងប្រើប្រាស់ក្នុងពិធីផ្សេងៗទៅតាមប្រពៃណីសាសនាជាដើម​។ល។

ក្រសួងបានបញ្ជាក់ទៀតថា កន្លងមកកម្ពុជាបានដាក់បញ្ចូលមរតកវប្បធម៌ជាតិផ្នែកអរូបីក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូជាបន្តបន្ទាប់ សរុបចំនួន៦មរតករួចមកហើយ។

«ក្រមា គឺជា មរតកវប្បធម៌អរូបីទី៧ ដែលកម្ពុជាបានដាក់បញ្ចូលដោយជោគជ័យទៅក្នុងប​ញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ»។

ទាំងអស់នេះ គឺជា សមិទ្ធផលដ៏ត្រចះត្រចង់មួយរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការអភិរក្សថែរក្សា ការពារ មរតកវប្បធម៌ជាតិ និងផ្សព្វផ្សាយ វប្បធម៌ខ្មែរទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។​​

ជាមួយគ្នានេះដែរ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចេញសារលិខិត​បង្ហាញពីមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានសម្រេចនូវសមិទ្ធផល សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។

សម្តេចបាន​លើកឡើងតាមរយៈសារលិខិតផ្ញើជូនជនរួមជាតិថា ការចុះបញ្ជីនេះបានផ្តល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើង គុណតម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។

សម្តេចបវរធិបតី​ថា ៖ «​ខ្ញុំក៏សូមឆ្លៀតក្នុងឱកាសនេះ សម្តែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌ ជាមួយនឹងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍តម្បាញក្រមា សមា​គមន៍ក្រមា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តារាជធានី-ខេត្តនានា រហូតសម្រេចបានជោគជ័យក្នុងការចុះក្រមា ក្នុងបញ្ជី តំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាពេលនេះ»។ ​

ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខ្ញុំសម្តេចនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងបណ្តាញព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយព្រឹ​ត្តិការណ៍ដែលជាមោទនភាពជាតិដ៏មាន សារៈសំខាន់នេះឱ្យបានទូលំទូលាយបំផុត។

សូមបញ្ជាក់ថា ការសម្រេច​ដាក់បញ្ចូល «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូនេះ​នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ដោយគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌ អរូបីរបស់អង្គការយូណេស្កូ ដែលបានអនុម័តជាឯកច្ឆន្ទតាមរយៈសេចក្ដីសម្រេច19.COM 7.b.27៕

 

Daily Program

Livesteam thumbnail