ក្រពើភ្នំពូជសុទ្ធចំនួន១០ក្បាល ត្រូវបានលែងជាលើកដំបូងទៅក្នុងតំបន់ដាច់ស្រយាលឧទ្យានជាតិវីរៈជ័យ

អង្គការសត្វព្រៃ និងរុក្ខជាតិ Fauna And Flora ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលថ្នាក់ក្រោមជាតិបានលែងក្រពើភ្នំពូជសុទ្ធចំនួន១០ក្បាលជាលើកដំបូង ទៅក្នុងតំបន់ដាច់ស្រយាលឆ្ងាយពីមនុស្សក្នុងឧទ្យានជាតិវីរៈជ័យនៃប្រទេសកម្ពុជា បន្ទាប់ពីប្រភេទនេះបានបាត់វត្តមានពីឧទ្យានជាតិនេះក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក។

ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ យើងបានសិក្សាវាយតម្លៃអំពីប្រភេទទីជម្រកសមស្របហើយបានរកឃើញតំបន់ដាច់ស្រយាលជាមួយនឹងលក្ខខណ្ឌជម្រកដ៏ល្អបំផុតសម្រាប់ប្រភេទក្រពើភ្នំនៅឧទ្យានជាតិវីរៈជ័យ ហើយឧទ្យានជាតិវីរៈនេះធ្លាប់មានវត្តមានក្រពើភ្នំធម្មជាតិរស់នៅតាំងពីយូរយារណាស់មកហើយ ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារវត្តមានប្រភេទនេះ នៅក្នុងតំបន់នេះ អាចនឹងទទួលបានជោគជ័យ។ ជាមួយនឹងការលែងនេះយើងបានប្រើបច្ចេកវិទ្យាចុងក្រោយ ដោយប្រើ ឧបករណ៍កត់ត្រា សំឡេង ដើម្បីតាមដានការបំផ្លាស់ទី និងការរស់រានមានជីវិតរបស់សត្វក្រពើភ្នំ ដែលជាការផ្តល់នូវទិន្នន័យដ៏មានសារសំខាន់ក្នុងការងារអភិរក្ស និងស្តារវត្តមានក្រពើភ្នំប្រភេទនេះ។

រហូតមកដល់បច្ចុប្បន្ននេះ ក្រពើភ្នំពូជសុទ្ធជិត២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា និងមានសំបុកពងកូនក្រពើភ្នំចំនួន៦០ក្បាល  ត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញនេះផងដែរ៕

 

Daily Program

Livesteam thumbnail