កិច្ចសន្ទនាអំពីអ៊ុយក្រែន លោកពូទីនមិនទៅរដ្ឋធានី អ៊ីស្តង់ប៊ូល លោកត្រាំក៏មិនទៅ


វិមានក្រឹមឡាំង កាលពីថ្ងៃទី១៤ ខែឧសភា បានបង្ហាញសមាជិកនៃគណប្រតិភូដែលនឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសទួរគី ដើម្បីធ្វើកិច្ចសន្ទនាផ្ទាល់ជាមួយអ៊ុយក្រែន ដោយមិនមានឈ្មោះលោកវ្លាឌីមៀ ពូទីន ដែលត្រូវបានអញ្ជើញឲ្យទៅកាន់ទីនោះដើម្បីជួបសមភាគី លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី នោះទេ។
យោងតាមបញ្ជីមួយដែលផ្សព្វផ្សាយដោយវិមានក្រឹមឡាំង គណប្រតិភូរុស្ស៊ី នឹងត្រូវបានដឹកនាំដោយទីប្រឹក្សារបស់លោកប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ម៉េឌីនស្គី អនុរដ្ឋមន្រ្តីក្រសួងការបរទេស លោកម៉ីខៃអ៊ីល ហ្គាលូហ្ស៊ីន និងអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ លោកអាឡិចហ្ស៉ង់ ហ្វ៉ូមីន។
យោងតាមតំណាងអាម៉េរិក បានឲ្យដឹងថា ខាងសហរដ្ឋអាម៉េរិក លោកប្រធានាធិបតីដូណាល់ ត្រាំ ក៏នឹងអវត្តមានសម្រាប់កិច្ចសន្ទនានេះដែរ។ លោកដូណាល់ ត្រាំ បានរំឭកកាលពីដើមសប្តាហ៍នូវការសន្និដ្ឋានអាចទៅទីក្រុងអ៊ីស្តង់ប៊ូល ប្រសិនបើលោកវ្លាឌីមៀ ពូទីនចូលរួម ជាលក្ខណៈផ្ទាល់ខ្លួនផ្ទាល់សម្រាប់កិច្ចចរចាសន្តិភាពជាមួយទីក្រុងគៀវ។
ប៉ុន្មានសប្តាហ៍មុន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានហៅលោកវ្លាឌីមៀ ពូទីន មកជួបផ្ទាល់សម្រាប់កិច្ចពិភាក្សាទាំងនេះ ដែលថ្លែងដោយប្រមុខវិមានក្រឹមឡាំង និងត្រូវមើលឃើញថា ចង់បើកដំណើរការការទូតដើម្បីស្វែងរកដំណោះស្រាយសម្រាប់ការវាយប្រហារបង្ហូរឈាមរយៈពេលច្រើនជាង ៣ឆ្នាំ មកលើអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ី ដែលបង្ហាញខ្លួនជាសាធារណៈជាច្រើនដង បានរក្សាការស្ងៀមស្ងាត់លើប្រធានបទនេះ ចាប់តាំងពីមានសំណើររបស់លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី។ ប៉ុន្តែនេះគឺជាលើកទី១ ដែលអ្នកតំណាងរុស្ស៊ីនឹងពិភាក្សាគ្នាផ្ទាល់ជាមួយអ្នកតំណាងអ៊ុយក្រែន អំពីច្រកចេញនៃជម្លោះចាប់តាំងពីការបរាជ័យនៃកិច្ចពិភាក្សាដំបូងដែលរៀបចំឡើងមិនយូរប៉ុន្មាន បន្ទាប់ពីការចាប់ផ្តើមការវាយប្រហាររបស់រុស្ស៊ីក្នុងទ្រង់ទ្រាយធំមកលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។
លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងថា អ៊ុយក្រែនត្រូវត្រៀមគ្រប់ទម្រង់នៃការចរចា ក្នុងគោលដៅបញ្ចប់សង្រ្គាមដែលបញ្ឆេះឡើងនៅឆ្នាំ២០២២ ដោយរុស្ស៊ី។
ទីប្រឹក្សាការទូតរបស់លោកវ្លាឌីមៀ ពូទីន លោកលូរី អ៊ូចាកូវ បានបញ្ជាក់តាមទូរទស្សន៍រុស្ស៊ី ថារំពឹងអំពីកិច្ចប្រជុំដែលនឹងកើតមានឡើងនៅពេលព្រឹក ដែលនៅក្នុងនោះបញ្ហានយោបាយនិងបច្ចេកទេសនឹងត្រូវលើកយកមកនិយាយគ្នា។
រុស្ស៊ី និងអ៊ុយក្រែន ស្ថិតនៅលើជំហរប្រឆាំងគ្នា។ លោកវ្លាឌីមៀ ពូទីន ទាមទារជានិច្ចថា អ៊ុយក្រែនត្រូវតែបដិសេធ ការចូលរួមជាមួយណាតូ ហើយធានាតំបន់ដែលទីក្រុងមូស្គូ បានភ្ជាប់ជាឧបសម្ព័ន្ធនោះ ឲ្យរុស្ស៊ីថែរក្សា។
ចំណែកអ៊ុយក្រែនចង់បានការធានាសន្តិសុខរឹងម៉ាំដើម្បីបញ្ចៀសរាល់ការវាយប្រហារថ្មីពីរុស្ស៊ី និងថា ទាហានរុស្ស៊ី ដែលគ្រប់គ្រងប្រមាណ ២០% នៃទឹកដីរបស់ខ្លួន ត្រូវដកចេញពីទីនោះ ទោះបីជាមានការអំពាវនាវរបស់ទីក្រុងមូស្គូឲ្យទទួលសច្ចៈភាពថ្មីនៃដែនដីជាក់ស្តែងក៏ដោយ។
ចំណែកប្រទេសអឺរ៉ុបដែលជាសម្ព័ន្ធមិត្តអ៊ុយក្រែន ក៏លំបាកនឹងធ្វើដឹងធ្វើឮ និងគម្រាមរុស្ស៊ីថានឹងដាក់ទណ្ឌកម្មដ៏សម្បើមបន្តទៀត ប្រសិនបើរុស្ស៊ីមិនទទួលយល់ព្រមបទឈប់បាញ់ នៅប៉ុន្មានថ្ងៃខាងមុខ។ ដោយការរងចាំ សហគមន៍អឺរ៉ុប កាលពីថ្ងៃពុធ បានអនុម័តកញ្ចប់ទណ្ឌកម្មទី១៧ ជាវិធានការឆ្លើយតប។ នៅក្នុងបរិបទប្រែប្រួលនេះ លោកអធិការបតីអាឡឺម៉ង់ លោកហ្វី្រឌ្រីដ មឺហ្សបានជំរុញឲ្យរដ្ឋអឺរ៉ុបដទៃទៀត និងអាម៉េរិក រក្សាការរួបរួមឲ្យខ្លាំងក្លាបំផុត និងបដិសេធចោលសន្តិភាពដែលដឹកដៃឲ្យសរសេរដោយទីក្រុងមូស្គូ។
Daily Program
