កិច្ចប្រជុំបួនភាគីនៅម៉ាឡេស៊ីបញ្ជាក់ជាថ្មី នូវបំណងប្រាថ្នារួមដើម្បី សន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ
កិច្ចប្រជុំពិសេសមួយដែលមានការចូលរួមចំនួន ៤ភាគី គឺមានកម្ពុជា ថៃ ម៉ាឡេស៊ី និង សហរដ្ឋអាម៉េរិក បានរៀបចំឡើង កាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា នៅម៉ាឡេស៊ី តាមការស្នើសុំ លោក Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី។អង្គប្រជុំបានបង្ហាញពីបំណងប្រាថ្នារួម ដើម្បីសន្តិភាព និង ស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។នេះបើយោងតាមនេះបើតាមលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា។
យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំនោះថា កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ការមិនប្រើកម្លាំង និងការគោរពច្បាប់អន្តរជាតិ និង បានបញ្ជាក់ពីសារៈសំខាន់នៃការធានាការអនុវត្តឱ្យបានពេញលេញ និង មានប្រសិទ្ធិភាព លើលក្ខខណ្ឌបទឈប់បាញ់ និង កិច្ចព្រមព្រៀងទាំងអស់ ដែលសម្រេចបានក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងគណៈកម្មាការចម្រុះព្រំដែន (JBC) ដោយបានសង្កត់ធ្ងន់ថា ភាពសុទ្ធចិត្ត ត្រូវតែបង្ហាញតាមរយៈសកម្មភាពពិតប្រាកដនៅទីកន្លែង។
លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលមានស្លាកស្នាមបង្កដោយជម្លោះជាច្រើនទសវត្សរ៍ ឬអាចថារាប់សតវត្ស ប្រទេសកម្ពុជាដឹងយ៉ាងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាម។ «ការណ៍នេះបង្ហាញយ៉ាងច្បាស់ថាហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើង» ...។
បើតាមលោក ប្រាក់ សុខុន «កម្ពុជាបានប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី អនុលោមយ៉ាងពេញលេញតាមច្បាប់អន្តរជាតិ។ យើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ។ អ្វីដែលយើងស្វែងរកគឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និងផ្អែកលើច្បាប់ ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង។»
ប្រមុខការទូតកម្ពុជា បានលើកឡើងពីការងារអាទិភាពសំខាន់ៗមួយចំនួន ដែលភាគីទាំងពីរបានឯកភាពនាពេលថ្មីៗនេះ ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ ពង្រឹងកិច្ចសហប្រតិបត្តិការ រួមមានការដកទៅវិញនូវអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងការតាំងទីលំនៅរបស់ជនស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិត ជាដើម។ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយប្រទេសថៃក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ក្នុងការបំពេញនូវការទទួលខុសត្រូវរួមដើម្បីស្តារប្រក្រតីភាព សន្តិភាព ស្ថិរភាព និងវិបុលភាពរវាងប្រទេស និងប្រជាជនទាំងពីរ៕



Daily Program
