កិច្ចប្រជុំកំពូល Brics នៅកាហ្ស៉ង់ លោកវ៉ាឌីមៀ ពូទីន ចង់បង្ហាញថា រុស្ស៊ី មិននៅ​ឯកាទេ

មេដឹកនាំបរទេស ប្រមាណ ២០រូប ដែលជាសម្ព័ន្ធមិត្ត ឬដៃគូ ប្រទេសរុស្ស៊ី នឹងត្រូវបានទទួល​ស្វាគម៍ចាប់តាំងពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ដោយប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ក្នុង​កិច្ចប្រជុំកំពូលប្រចាំឆ្នាំ Brics នៅទីក្រុងកាហ្ស៉ង ប្រទេសរុស្ស៊ី។ នេះគឺជាសម្ព័ន្ធមិត្តនៃ​ប្រទេស​ដែលទើបលេចឡើង ដែលវិមានក្រឹមឡាំង ប្រាថ្នាប្រជែងនឹងអនុត្តរភាពរបស់លោក​ខាង​លិច។

កិច្ចប្រជុំកំពូល Brics កើតមាននៅ​ខណៈ​​ដែល​ទីក្រុងមូស្គូ ទទួលជ័យជម្នះចំណេញខាង​យោធា​​បានទឹកដីនៅអ៊ុយក្រែន។ ទីក្រុងមូស្គូក៏​ស្ថាបនា​​សម្ព័ន្ធមិត្តជិតស្និទ្ធជាមួយនឹង​គូប្រជែង​ដ៏​ធំរ​បស់សហរដ្ឋអាម៉េរិក មានដូចជា ចិន អ៊ីរ៉ង និង​កូរ៉េ​ខាង​ជើងជាដើម។

វិមានក្រឹមឡាំង បានអួតអំពីការរៀបចំព្រឹត្តិការណ៍ការទូត​ដែលមានសារសំខាន់បំផុត​ដែល​មិន​ដែល​ធ្លាប់មាននៅប្រទេសរុស្ស៊ី និងបានចម្អកឲ្យលោកខាងលិចអំពីការបរាជ័យនៃនយោបាយ​របស់​​ពួកគេក្នុងការធ្វើឲ្យលោកវ្លាឌីមៀ ពូទីន នៅឯកា ចាប់តាំងពីការវាយប្រហារលើ​អ៊ុយក្រែន នៅខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងកណ្តាលក្រុង កាហ្ស៉ង ប្រទេសរុស្ស៊ី នៅលើច្រាំងទន្លេ វ៉ុលហ្គា វិធានការសន្តិសុខ​ត្រូវ​បាន​ពង្រឹងយ៉ាងខ្លាំងក្លា។ ប្រជាជនត្រូវបានបង្គាប់ឲ្យស្ថិតនៅក្នុងផ្ទះរបស់ពួកគេ។

ទីក្រុងកាហ្ស៉ង ដែលមានចម្ងាយ ១០០០ គម ពីព្រំដែនអ៊ុយក្រែន បានទទួលរងជាច្រើនសា​នូវ​ការ​វាយប្រហារដោយដ្រូនដែលមកពីប្រទេសអ៊ុយក្រែន និងដែលសំដៅ​ទៅលើមជ្ឈមណ្ឌល​ឧស្សាហកម្ម​​ដែលពាក់ព័ន្ធនឹងយោធា។

​យោងតាមវិមានក្រឹមឡាំង បានឲ្យដឹងថា លោកវ្ល៉ាឌីមៀ ពូទីន ត្រូវចាប់ផ្តើមមានជំនួប​ទ្វេភាគី​ជា​បន្តបន្ទាប់ចាប់តាំងពីថ្ងៃអង្គារ ទី២២ ខែតុលា រហូតដល់ថ្ងៃព្រហស្បតិ៍ ជាមួយមេដឹកនាំជាង ១០ប្រទេស។

​នេះគឺជាសញ្ញាដ៏មានសារសំខាន់នៃរបត់យុទ្ធសាស្រ្តដែលប្រកាន់យកដោយទីក្រុងមូស្គូ ឆ្ពោះ​មក​កាន់អាស៊ី។ ប្រមុខវិមានក្រឹមឡាំង នៅថ្ងៃទី១ ចាប់ផ្តើមកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តចិន​របស់​លោក គឺលោកស៊ី ជីនពីង។

​បើយោងតាមវិមានក្រឹមឡាំង បានឲ្យដឹងទៀតថា បន្ទាប់មក លោកវ្ល៉ាឌីមៀ ពូទីន នឹងជួប​លោក​នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌី។

​ប្រមុខរដ្ឋរុស្ស៊ី នឹងជួបសន្ទនា​នៅថ្ងៃពុធ ជាមួយសមាភាគីទួរគី លោករ៉ឺសេព តៃយីប អៀដូ​ហ្គ៉ង់ ដែលប្រទេសទួរគី គឺជាសមាជិកអង្គការណាតូ ហើយបានសុំចូលរួមជាមួយ Brics រួមជាមួយ​នឹងប្រធានាធិបតីអ៊ីរ៉ង លោកម៉ាស៊ូដ ប៉េហ្សេស្ហ្គៀន។

​បន្ទាប់មកនៅថ្ងៃព្រហស្បតិ៍ លោកវ្លាឌីមៀ ពូទីន ក៏មានជំនួបប្រជុំទល់មុខ ជាមួយ​អគ្គលេខា​អង្គការ​សហប្រជាជាតិ លោកអន់តូនីញ៉ូ ហ្គូទែរ៉េសផងដែរ។ នេះគឺជាជំនួបរបស់ឥស្សរជន​ទាំង​ពីរចាប់តាំងពីខែមេសា ឆ្នាំ២០២២។

​ចំណែកជម្លោះនៅអ៊ុយក្រែន និងការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា ត្រូវបានលើកឡើង ហើយក៏ដូចជាការរៀបចំ​អនាគតនៃប្រព័ន្ធទូទាត់អន្តរជាតិដែលរៀបចំដើម្បីប្រជែងជាមួយ​ប្រព័ន្ធ Swift ដែលធនាគាររបស់រុស្ស៊ីភាគច្រើនត្រូវបានផាត់ចេញ​បន្ទាប់ពីការឈ្លានពាន​របស់​រុស្ស៊ី​នៅអ៊ុយក្រែន។

លោកវ្ល៉ាឌីមៀ ពូទីន នឹងធ្វើសន្និសីទកាសែត​នៅចុងបញ្ចប់នៅកិច្ចប្រជុំកំពូល។

​អ្នកវិភាគនយោបាយរុស្ស៊ី លោកកូនស្តាន់ទីន កាឡាតឆេវ បញ្ជាក់ថា កិច្ចប្រជុំកំពូល Brics នេះ​សំដៅបង្ហាញថា រុស្ស៊ី​មិនគ្រាន់តែនៅឆ្ងាយពីការឯកា ប៉ុន្តែរុស្ស៊ីមានដៃគូ និងសម្ព័ន្ធ​មិត្ត​ផង​ដែរ។

 

Daily Program

Livesteam thumbnail