ការិយាល័យសិទ្ធិមនុស្សUNកងទ័ពកម្ពុជា១៨នាក់ដែលឃុំខ្លួននៅថៃទទួលការថែទាំល្អ និងជំរុញឱ្យថៃគោរពបទឈប់បាញ់

ការិយាល័យសិទ្ធិមនុស្សUN នាថ្ងៃទី១០ តុលា បានបញ្ជាក់មកកាន់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា កងទ័ពរបស់កម្ពុជាទាំង១៨នាក់ ដែលត្រូវបានឃុំខ្លួន ត្រូវបានទទួលការថែទាំយ៉ាងពេញលេញ ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន ព្រមទាំងអំពាវនាវដល់រាជរដ្ឋាភិបាលថៃ ពាក់ព័ន្ធនឹងកងទ័ពកម្ពុជាដែលកំពុងស្ថិតក្រោមការឃុំឃាំងរបស់យោធាថៃ និងជំរុញឱ្យថៃគោរពបទឈប់បាញ់។

ការិយាល័យសិទ្ធិមនុស្សUN បានបញ្ជាក់ចំពោះកងទ័ពកម្ពុជាទាំង១៨នាក់ដែលត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ បានទទួលការមើលថែយ៉ាងពេញលេញ ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌ អន្តរជាតិជាធរមាន ព្រមទាំងអំពាវនាវ ដល់រាជរដ្ឋាភិបាលប្រទេសថៃ ពាក់ព័ន្ធនឹងកងទ័ពកម្ពុជាដែល កំពុងស្ថិតក្រោមការឃុំឃាំងរបស់យោធាថៃ។

OHCHR ចាត់ទុកកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងអនុវត្តន៍ ១៣ចំណុច នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ គឺជាក្របខណ្ឌសំខាន់មួយ ដែលឆ្ពោះទៅរកការបន្ថយភាពតានតឹងជាអចិន្ត្រៃយ៍ និងការទប់ស្កាត់ការប៉ះពាល់ដល់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។

ក្នុងន័យនេះ OHCHR អំពាវនាវចំពោះរាជរដ្ឋាភិបាលទាំងពីរប្រទេស គោរពកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ឱ្យបាន ពេញលេញ និងប្រកបដោយភាពស្មោះត្រង់ ព្រមទាំងចាត់វិធានការធានាការពារប្រជាពលរដ្ឋ។ OHCHR អំពាវនាវឱ្យមានការអនុវត្តវិធានការកសាងទំនុកចិត្ត រួមបញ្ចូលទាំងយន្តការទ្វេភាគីនិងកម្រិតតំបន់ ដែលមានស្រាប់។ ចំពោះការបន្តទំនាក់ទំនងជាមួយប្រទេសទាំងពីរ OHCHR នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្ររាជរដ្ឋាភិបាលប្រទេសកម្ពុជានិងប្រទេសថៃ ក្នុងការប្រកាន់ខ្ជាប់កាតព្វកិច្ចសិទ្ធិមនុស្ស៕

Daily Program

Livesteam thumbnail