ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប
ព្រះសហគមន៍កាតូលិក រួមជាមួយសាសនា នានា ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ២០ សីហា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស សម័យឌីជីថល» នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ (OCIC) ដោយមានពិធីសូត្រធម៌ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។
ជំជួបរវាងសាសនាក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស នៅថ្ងៃនេះ មានអ្នកចូលរួមប្រមាណជាង២០០០នាក់ ដែលមានមេដឹកនាំសាសនា និងសាសនិកជាច្រើនដែលមានវត្តមានក្នុងប្រទេសកម្ពុជាចូលរួម អាជ្ញាធរដែនដី មន្ត្រីរាជការ សិស្សានុស្សិស និងអង្គការក្រៅរដ្ឋាភិបាល ដែលជាមោទកភាពជាតិខ្មែរ រស់នៅក្នុងសុខុដុមនីយកម្មសាសនា រួមគ្នាជាធ្លុងមួយក្នុងការចូលរួមបង្ការទប់ស្តាត់ និងប្រឆាំងអំពើជួញដូរមនុស្ស ដែលកំពុងក្លាយជាឧក្រិដ្ឋកម្មដ៏ក្តៅគគុក និងក្លាយជាទាសភាពសម័យទំនើប នាសម័យដែលមានវិទ្យាសាស្រ្ត បច្ចេកវិទ្យាជឿនលឿន ដែលហៅថាសម័យឌីជីថល។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិប្រយុប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា វិទ្យាសាស្រ្តដែលខ្វះគុណធម៌អាចនាំមកនូវគ្រោះមហន្តរាយដោយចៀសមិនរួចហើយរឹតតែសាហាវឃោឃៅ និងជះឥទ្ធិពលបានកាន់តែលឿនពិបាកទប់ទល់។ ហេតុនេះហើយការអប់រំកាយ វាចា ចិត្តទៅតាមគន្លងនៃសាសនា ពិតជាមានសារៈសំខាន់ណាស់។
លោកបន្តថា មេដឹកនាំសាសនាគប្បីបង្កើនល្បឿននៃការអប់រំនេះ ឱ្យបានឆាប់រហ័ស និងឱ្យបានច្រើន ដើម្បីទប់ស្កាត់ការភ្លេចខ្លួនដែលនាំឱ្យអន្តរាយ តាំងពីវ័យកុមារតូច រហូតដល់វ័យចាស់ នៅគ្រប់ស្រទាប់នៃមហាជនគ្រប់ច្រកល្ហក មន្ត្រីរាជការស៊ីវិលគ្រប់ថ្នាក់ និងសមត្ថកិច្ចគ្រប់ផ្នែកទូទាំងប្រទេស។
ឯកឧត្តមក៏បានរំលេចអំពីការអប់រំផ្លូវចិត្ត បញ្ញា ស្មារតី តាមបែបសាសនា ពិតជាមានប្រសិទ្ធភាពខ្ពស់ដែលឲ្យការរស់នៅរបស់សាសនិកប្រកបដោយសីលធម៌ សេចក្តីថ្លៃថ្នូរ ចេះគោរពឱ្យតម្លៃគ្នា មិនតាំងចេតនាបំផ្លាញគ្នា និងមិនងាយត្រូវបានគេបោកបញ្ឆោតឲ្យធ្លាក់ចូលក្នុងភាពរងគ្រោះដោយមិនដឹងខ្លួន។
ឯកឧត្តម ស សុខា បន្តទៀតថា កន្លងមក មានប្រជាជនកម្ពុជា ជាច្រើនដែលបានធ្វើអន្តោប្រវេសន៍ ស្វែងរកការងារ ដោយប្រថុយប្រថាន ខ្លះបានធ្លាក់ខ្លួនពិការ បាត់បង់សមត្ថភាពពលកម្ម បែកបាក់ព្រាត់ប្រាស់គ្រួសារ បាត់ដំណឹង ឬជាប់ពន្ធនាគារ ឬស្លាប់ ខ្លះកំពុងស្ថិតក្នុទម្រង់នៃការងារបង្ខំ និងរងអំពើកេងប្រវ័ញ្ច និងអំពើជួញដូរមនុស្ស។
ឆ្លើយតបនឹងបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើ ១.សង្គ្រោះជនរងគ្រោះឱ្យទាន់ពេលវេលា ២.ស៊ើបអង្កេតរកជនប្រព្រឹត្តបទល្មើស ៣.ត្រួតពិនិត្យប្រមូលភស្តុតាង ដើម្បីបិទអាជីរកម្មខុសច្បាស់ពាក់ព័ន្ធ ៤.ពន្លាតការស៊ើបអង្កេតរកសកម្មភាពបទល្មើសសម្អាតប្រាក់របស់ជនល្មើស។
លោកបូជាចារ្យ គង់ វៀល បូជាចារ្យជំនួយនៅមណ្ឌលសកម្មភាពកំពង់សោម និងកោះកុង ដែលបានចូលរួមក្នុងកម្មវិធីនេះ បានឲ្យដឹងថា ដំបូងខ្ញុំគិតថា គួរថ្លែងអំណរគុណដល់គ្រីស្តបរិស័ទ បងប្រុស បងស្រី លោកពុក អ្នកស្ម័គ្រចិត្ត ពិសេសអង្គកាការីតាស ដែលជាដៃគូដ៏សំខាន់របស់រដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ជួយជនរងគ្រោះ និងទប់ស្កាត់ការជួញដូរមនុស្ស ។
លោកបូជាចារ្យបន្ថែមថា មួយវិញទៀតដូចព្រះតេជគុណ យ៉ន សេងយៀត បានមានសង្ឃដីកាថា យើងត្រូវតែទទួលជនរងគ្រោះដោយចិត្តអាណិតអាសូរ ដែលនេះជាចំនុចមួយដ៏សំខាន់ យើងគឺជាកន្លែងសាសនា គួរតែក្លាយជាទីជម្រក ដូចពេលដែលមានសង្គ្រាម កន្លែងសាសនាត្រូវទទួលជនរងគ្រោះដោយគ្មានការវិនិច្ឆ័យ និងការរើសអើង ព្រមទាំងផ្តល់នូវសុវត្ថិភាពដល់ជនរងគ្រោះ។ ប្រសិនបើមានស្រ្តីរកស៊ីផ្លូវភេទដែលរងគ្រោះ គឺត្រូវតែទទួលគេ ដោយក្តីស្រឡាញ់ និងគោរពសិទ្ធមនុស្ស។
លោក រ័ត្ន ចន្ថា ប្រធានកុមារកាយឫទ្ធិនៃការិយាល័យកុមារជំទង់និងយុវជនរបស់ភូមិភាគភ្នំពេញ បាននិយាយថា បច្ចុប្បន្នខ្ញុំមើលឃើញថា រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយខ្លាំងមែនទែន ដោយបង្កើតសិក្ខាសាលា ការអប់រំផ្សេងៗ ដើម្បីធ្វើយ៉ាងណា កុំអោយពលរដ្ឋធ្លាក់ទៅជាជនរងគ្រោះ។ រីឯព្រះសហគមន៍វិញ គួរតែចូលរួមពេញទំហឹង ក្នុងការផ្សព្វផ្សាយពិសេសដល់យុវជន ដើម្បីចូលរួមទប់ស្កាត់ និងមានវិធានការការពារខ្លួនបានល្អ។
គួររំលឹកដែលថា នេះជាលើកទី៨ហើយ ដែលកម្ពុជាប្រារព្ធនូវទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ដែលទិវានេះប្រារព្ធលើកតំបូង នៅឆ្នាំ២០១៧ ក្រោមការផ្តួចផ្តើមពីគណៈកម្មការជាតិប្រឆាំងនិងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រសួងធម្មការនិងសាសនា និងអង្គការរីតាសកម្ពុជា ដែលមានមេដឹកនាំសាសនាធំៗទាំងបីចូលរួម៕
សុខ កែវរតនា