ការអធិស្ឋានប្រចាំខែវិច្ឆិការបស់សម្តេចប៉ាប គឺការបង្ការអំពើអត្តឃាត
សម្តេចប៉ាបឡេអូទី១៤បានប្រកាសចេញនូវគោលបំណងអធិស្ឋានរបស់ទ្រង់សម្រាប់ខែវិច្ឆិកា ដោយអញ្ជើញគ្រីស្តបរិស័ទ ឱ្យអធិស្ឋានសម្រាប់ «ការបង្ការការធ្វើអត្តឃាត» និងសម្រាប់អ្នកដែលរស់នៅក្នុងភាពងងឹត និងភាពអស់សង្ឃឹម។
វ៉ាទីកង់ញូវបានរាយការណ៍ថា តាមរយៈសារជាវីដេអូ សម្តេចប៉ាបឡេអូ បានមានបន្ទូលថា អ្នកដែលកំពុងតស៊ូជាមួយនឹងគំនិតធ្វើអត្តឃាតអាចរកឃើញការគាំទ្រ ការថែទាំ និងសេចក្តីស្រឡាញ់ដែលពួកគេត្រូវការនៅក្នុងសហគមន៍របស់ពួកគេ ហើយយើងគួរតែបង្ហាញពីសម្រស់នៃជីវិតដល់ពួកគេ។
សម្តេចប៉ាបឡេអូ បានមានបន្ទូលថា អ្នកដែលហត់នឿយ និងមានបន្ទុកធ្ងន់ តែងតែចង់បាន និងស្វែងរកការសម្រាកនៅក្នុងចិត្ត ដូច្នេះ មនុស្សទាំងអស់ដែលរស់នៅក្នុងភាពងងឹត និងភាពអស់សង្ឃឹម ជាពិសេសអ្នកដែលកំពុងតែតស៊ូជាមួយនឹងគំនិតចង់ធ្វើអត្តឃាតវាចាំបាច់ត្រូវការការជួយពីយើងទាំងអស់គ្នា។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ជីវិតគឺពោរពេញដោយការ យកចិត្តទុកដាក់ និងមានចិត្តមេត្តាករុណាដូច្នេះសូមយើងរៀនរស់ដោយការគោរព និងភាពទន់ភ្លន់ ជួយព្យាបាលរបួស បង្កើតចំណង និងបើកជើងមេឃដើម្បីជួយគ្នា។ សម្តេចប៉ាបមានបន្ទូលទៀតថា សូម្បីតែអ្នកដែលដើរតាមព្រះយេស៊ូក៏មានទុក្ខព្រួយនិងអស់សង្ឃឹមផងដែរ ដូច្នេះសូមយកចិត្តទុកដាក់ចំពោះពួកគេ៕