ការហោះឡើងជាថ្មីនៃយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី អ៊ុយក្រែនប្រកាសអាសន្ន​ស្ទើ​ទូទាំងប្រទេស

យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីហោះឡើង។ សេចក្តីប្រកាសអាសន្ន​ធ្វើឡើងក្នុងមួយផ្នែក​ធំ​នៃ​ប្រទេសអ៊ុយក្រែន។

កាលពីព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា កងកម្លាំងការពារអាកាសនៃទីក្រុងគៀវ បានប្រកាស​អាសន្ន​ថា យន្តហោះទម្លាក់គ្រាប់បែក និងដ្រូនរុស្ស៊ីហើរឆ្ពោះសំដៅមកអ៊ុយក្រែន។ ក្រោយ​មួយ​​ថ្ងៃ​នៃការវាយប្រហារដ៏សម្បើមរបស់រុស្ស៊ីនៅ​លើមជ្ឈមណ្ឌល​ថាមពលជាច្រើនរបស់​អ៊ុយក្រែន  បើយោង​តាមអាជ្ញាធរតំបន់នានា បានឲ្យដឹងថា ការប្រកាសអាសន្ន​ផ្លូវអាកាស​កើត​មាន​ឡើង​ជា​​ធរមាន​​នៅក្នុងមួយផ្នែកធំនៃប្រទេស​។

នៅលើបណ្តាញសង្គមតេឡេក្រាម ទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់អំពីការហោះឡើងនៃ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ជាច្រើន Tu-95ms ចេញ​ពីមូលដ្ឋានទ័ពអាកាស អន់ហ្ស៉េល នៅក្នុង​តំបន់ សារ៉ាតូវ ភាគខាងនិរតីនៃប្រទេស​រុស្ស៊ី។ មីស៊ីលនានានឹងអាចបាញ់ចូលមកក្នុងដែន​អាកាស​អ៊ុយក្រែនក្នុងប្រមាណជា ២​ម៉ោង។ មុននេះក៏មានសេចក្តីរាយការណ៍ថា មានដ្រូន​វាយ​ប្រហារផងដែរមកក្នុងប្រទេស។ មន្រ្តីទទួលខុសត្រូវក្នុងតំបន់ស្រុក គ្រីវីអ៊ី រីច នៅភាគ​កណ្តាល​អ៊ុយក្រែន លោកអេវហេន ស៊ីតនីចិនកូ បានឲ្យដឹងថា មនុស្សពីរនាក់បានស្លាប់​នៅ​ក្នុង​រាត្រីពីថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារ។

យ៉ាង​ហោចណាស់មានមនុស្ស ៣នាក់ បានស្លាប់​នៅក្នុងរាត្រីថ្ងៃចន្ទ ឆ្លងចូលថ្ងៃអង្គារ នៅ​អ៊ុយក្រែន​នៅក្នុងការវាយប្រហារថ្មីៗ របស់រុស្ស៊ី ក្រោយមួយថ្ងៃនៃការវាយប្រហារដ៏សម្បើម​ចាប់​​តាំងពីការចាប់ផ្តើមនៃជម្លោះ។

នៅលើបណ្តាញតេឡេក្រាម មន្រ្តីក្នុងតំបន់ លោកអេវហេន ស៊ីតនួចិនកូ បានប្រាប់ថា មនុស្ស ២នាក់ ត្រូវបានសម្លាប់នៅក្នុងស្រុក គ្រីវីអ៊ី រីច នៅភាគកណ្តាលប្រទេសអ៊ុយក្រែន។ អភិបាល​តំបន់លោកអ៊ីវ៉ាន ហ្វ៉េដូរ៉ូវ បានប្រាប់ថា បុរសម្នាក់ក៏ត្រូវបានស្លាប់​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន ស្ហ៉ាហេដ នៅក្នុងតំបន់ ហ្សាប៉ូរីស្យា។ ការព្រមានអំពីការវាយ​ប្រហារ​តាម​ផ្លូវ​អាកាស​បានចូលជាធរមាន​នៅក្នុងប្រទេសទាំងមូល។

កាលពីថ្ងៃចន្ទដែរ ប្រធានាធិបតីអាម៉េរិក បានថ្កោលទោស​ការវាយប្រហារដ៏អាស្រូវ​របស់រុស្ស៊ី​ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅអ៊ុយក្រែន ដែលបានធ្វើឲ្យមនុស្សយ៉ាងហោច​ណាស់ ៤នាក់ បានស្លាប់ និងនិយាយថា បន្តគាំទ្រដល់ទីក្រុងគៀវ។

នៅក្នុងសេចក្តីប្រកាសមួយប្រធានាធិបតីមកពីគណបក្ស​ប្រជាធិបតេយ្យ បានថ្លែងថា លោក​ថ្កោល​ទោស​ក្នុងភាសាដ៏ខ្លាំងក្លាបំផុតចំពោះសង្រ្គាម​ដែលដឹកនាំដោយរុស្ស៊ីប្រឆាំងអ៊ុយក្រែន និងសកម្មភាពរបស់រុស្ស៊ី​ដែលសំដៅបន្តធ្វើឲ្យអ៊ុយក្រែនស្ថិតនៅក្នុងភាពអន្ធកាល។ លោកចូ បាយឌិន បានរំឭកអំពីការគាំទ្រដោយមិនងាករ៉េរបស់សហរដ្ឋអាម៉េរិកសម្រាប់អ៊ុយក្រែន ព្រម​ទាំង​ជំនួយោធាអាម៉េរិកដល់ទីក្រុងគៀវផងដែរ។ លោកបានបន្ថែមថា សហរដ្ឋអាម៉េរិកក៏​ប្រញ៉ាប់​ផ្តល់ឧបករណ៍ដល់អ៊ុយក្រែនដើម្បីជុសជុល​ប្រព័ន្ធថាមពល និងពង្រឹងភាពធន់នៃ​បណ្តាញ​អគ្គីសនីរបស់អ៊ុយក្រែនផងដែរ។

ប្រមុខទីភ្នាក់ងារអន្តរជាតិនៃថាមពលអាតូមិច AIEA បានទៅដល់រោងចក្រនុយក្លេអ៊ែរ គូស្ក៍

ប្រទេសរុស្ស៊ី។ អគ្គនាយកនៃ AIEA លោករ៉ាហ្វ៉ាអែល ហ្គ្រូស៊ី បានទៅដល់រោងចក្រអគ្គីសនី​នុយក្លេអ៊ែរ​រុស្ស៊ី គូស្ក៍​ដើម្បីវាយតម្លៃអំពីស្ថានភាព បន្ទាប់ពីការវាយបករបស់អ៊ុយក្រែនដ៏គួរឲ្យ​ភ្ញាក់ផ្អើល​​នៅ​ក្នុង​តំបន់​នេះ។

លោករ៉ាហ្វ៉ាអែល ហ្គ្រូស៊ី បានបញ្ជាក់កាលពីថ្ងៃចន្ទថា ចង់វាយតម្លៃដោយឯករាជ្យ​នូវអ្វីដែល​កំពុង​​​កើតមានឡើង ដោយធ្វើទស្សនកិច្ចរោងចក្រនុយក្លេអ៊ែរនេះ។ “សន្តិសុខនៃរាល់​រោងចក្រ​អគ្គីសនី​​នុយក្លេអ៊ែរទាំងអស់គឺជាបញ្ហាចម្បង និងជាគ្រឹះ សម្រាប់ទីភ្នាក់ងារ​អន្តរជាតិ​នៃ​ថាមពលអាតូមិច AIEA។

 

 

Daily Program

Livesteam thumbnail