ការវាយប្រហារនៅក្នុងដែនដីរុស្ស៊ី ល្បែងប្រថុយរបស់អ៊ុយក្រែនដើម្បីផ្លាស់ប្តូរ លទ្ធផល
លោកស្តេហ្វាន អូដ្រង់ អ្នកប្រឹក្សាសម្រាប់ហានិភ័យអន្តរជាតិ បានបញ្ជាក់់ថា ៖ “នេះមិន លំបាកណាស់ណាទេ ដែលអ៊ុយក្រែនវាយចូលរុស្ស៊ី។” លោកអះអាងដែរថា ចាប់តាំងពីនិទាឃរដូវឆ្នាំ២០២២ ព្រំដែនដែលស្ថិតនៅភាគខាងជើងដុនបាស ស្ថិតក្នុងសភាពស្ងប់ស្ងាត់។ វាមានតែខ្សែត្រង់សេពីរសាមញ្ញ ចំការមីនខ្លះ មនុស្សតិចតួច សមាជិកសន្តិសុខសហព័ន្ធរុស្ស៊ីប៉ុន្មានរយអ្នក និងឆ្នាំជាតិរបស់រុស្ស៊ី”។ ព្រំដែនមិនត្រូវបានការពារ។ នៅឆ្ងាយចំនុចក្តៅពីការប្រយុទ្ធ តំបន់គូស្ក៍របស់រុស្ស៊ី ក្លាយជាផ្ទាំងស៊ីបងាយស្រួលក្នុងការវាយប្រហាររបស់អ៊ុយក្រែនជាងតំបន់ដទៃៗទៀតនៅលើព្រំដែនចំងាយ ៩៦០គម នៅភាគខាងកើត និងខាងត្បូងរបស់អ៊ុយក្រែន។
ប្រឈមមុខទៅនឹងការឈានទៅមុខដ៏រហ័សរបស់ទាហានអ៊ុយក្រែន ការវាយបករបស់រុស្ស៊ី ក៏កើតឡើងយឺតយ៉ាវ។ នៅខណៈដែលកម្លាំងរបស់ខ្លួនត្រូវបានប្រមូលផ្តុំតាំងពីច្រើនខែមកហើយនៅក្នុងភាគខាងកើតរបស់អ៊ុយក្រែន ការបើកសមរភូមិថ្មីនេះតម្រូវឲ្យទីក្រុងមូស្គូចល័តទាហានបម្រុងជាបន្ទាន់ដើម្បីការពារ។
លោកហ្ស៉ង់ប៉ូល ប៉ាឡូម៉េរ៉ូស អ្នកជំនាញយោធាបារាំង កត់សម្គាល់ថា ៖ “នេះពិតជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់អ៊ុយក្រែន។” តាមរយៈប្រតិបត្តិការនេះ ទាហានអ៊ុយក្រែនបង្ខំរុស្ស៊ីឲ្យបង្ហាញសមត្ថភាពយោធាពិតរបស់ពួកគេ និងរៀបចំឡើងវិញនូវទាហានដើម្បីចល័តទៅតំបន់គូស្គ៍ ដែលទាហានទាំងនេះ មិនគួរត្រូវប្រចាំនៅតំបន់នេះផងទេ”។
លោកស្រីតេទីយ៉ាណា អូហ្គ៉ាកូវ៉ា អ្នកកាសែត និងជាមន្រ្តីទទួលខុសត្រូវនៅនាយកដ្ឋានអន្តរជាតិនៅអ៊ុយក្រែន មជ្ឈមណ្ឌល Crisis Media បានអធិប្បាយថា ៖ “គ្មាននរណាម្នាក់ដឹងអំពីគោលដៅពិតប្រាកដរបស់ទាហានអ៊ុយក្រែនទេ។ ខ្សែត្រៀមអ៊ុយក្រែនលែងកម្រើកសោះតាំងពីច្រើនខែមកហើយ។ ដោយវាយប្រហាររុស្ស៊ី ទាហានអ៊ុយក្រែនបង្ខំឲ្យរុស្ស៊ីបង្វែការយកចិត្តទុកដាក់លើតំបន់ដទៃទៀត និងផ្លាស់ប្តូរថាមភាព។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាពស្ថិតនៅស្រពិចស្រពិលនៅទីកន្លែងផ្ទាល់។ កាលពីថ្ងៃពុធ អាជ្ញាធររុស្ស៊ីបានបញ្ជាក់ថា បានបញ្ឈប់ការរុលទៅមុខរបស់អ៊ុយក្រែន បន្ទាប់បានពីបានប្រញាប់ប្រញាល់ពង្រឹងកម្លាំង អាវុធ បាញ់រ៉ូកែត កាំភ្លើងធំ និងប្រើរថក្រោះ។
សម្រាប់ឧត្តមសេនីយ៍ ហ្ស៉ង់ប៉ូល ប៉ាឡូម៉េរ៉ូស បានឲ្យដឹងថា ប្រតិបត្តិការរបស់អ៊ុយក្រែនប្រើប្រាស់ជាដំបូងសម្រាប់ហេតុផលនយោបាយ។ លោកអះអាងថា ៖ “ការជ្រៀតចូលលើកនេះលើដែនដីរុស្ស៊ី គឺជាល្បែងដែលអ៊ុយក្រែនធ្វើឡើងដើម្បីបង្ហាញកណ្តាប់ដៃ”។
“អ្នកគ្រប់គ្នាដឹងថា ប៉ុន្មានខែខាងមុន មុនរដូវរងា គឺមានសារៈសំខាន់ណាស់។ ដូច្នេះ អ៊ុយក្រែនមានប្រយោជន៍នឹងស្ថាបនាឡើងវិញនូវខ្សែសមរភូមិសព្វថ្ងៃ ដើម្បីដាក់ឲ្យមានស្ថានភាពកាន់តែអនុគ្រោះដោយធ្វើឲ្យទន់ខ្សោយដល់ទាហានរុស្ស៊ីនៅលើសមរភូមិខាងកើត។
សម្រាប់អ្នកជំនាញរូបនេះ វាមិនមែនជាបញ្ហានៃការការពារទីតាំងក្នុងពេលណាមួយនោះទេ។ អ៊ុយក្រែនក៏ចង់គូសខែ្សដូចអ្វីដែលរុស្ស៊ីធ្វើដែរ។
លោកហ្ស៉ង់ប៉ូល ប៉ាឡូម៉េរ៉ូស អធិប្បាយដែរថា ៖ “ទាហានរុស្ស៊ីនឹងដណ្តើមទឹកដីមកគ្រប់គ្រងវិញមុននឹងក្រោយ។ គោលដៅគឺទាញការផ្តោចអារម្មណ៍ក្រៅពីតំបន់ដូណេត និងខឺសុន ហើយវាក៏ឈានទៅសម្រេចបានមួយផ្នែកដែរ។
ក្រោយបីថ្ងៃបន្ទាប់ពីប្រតិបត្តិការ ប្រធានាធិបតីវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានទទួលស្គាល់ថា នេះគឺជាការបញ្ជូនសង្រ្គាមឲ្យទៅក្នុងទឹកដីរុស្ស៊ីវិញ។ ចំណែករដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានបន្ថែមថា ការវាយប្រហាររបស់អ៊ុយក្រែន គឺស្របច្បាប់ ហើយនឹងឈប់នៅពេលដែលទីក្រុងមូស្គូយល់ព្រមជាមួយសន្តិភាពដែលមានយុត្តិធម៌ និងបញ្ចប់ការលុកលុយរបស់ខ្លួនមកលើទឹកដីអ៊ុយក្រែន។