ការវាយប្រហារមានមនុស្សស្លាប់របស់ដ្រូនរុស្ស៊ីនៅចំកណ្តាលទីក្រុងគៀវ​ ប្រទេស​អ៊ុយក្រែន

កាលពីថ្ងៃពុធ មនុស្សយ៉ាងហោចណាស់ ២នាក់ បានស្លាប់ នៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន នៅ​អំឡុងការវាយ​ប្រហារដែលធ្វើឡើងដោយប្រទេសរុស្ស៊ី។ រលកនៃការវាយប្រហារ​ដោយ​ដ្រូន​ចំនួន ១១១ គ្រឿង កើតមានឡើងនៅថ្ងៃទី១ ឆ្នាំថ្មី។

ភ្លៀងគ្រឿងផ្ទុះថ្មីធ្លាក់មកលើរដ្ឋធានីនៃប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃពុធ ទី១ ខែមករា មនុស្សយ៉ាងហោចណាស់​ ២នាក់បានស្លាប់ និង ៦នាក់​ បានរងរបួស នៅទីក្រុងគៀវ ដោយសារ​ការវាយប្រហារដ៏សម្បើមពីដ្រូនរបស់រុស្ស៊ីសម្រាប់ថ្ងៃចូលឆ្នាំថ្មី។

ការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃដំបូងនៃឆ្នាំ២០២៥នេះ កើតមាននៅពេលប្រធានាធិបតី អ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងមុន ១ថ្ងៃ អំពីបំណងប្រាថ្នារបស់លោក ថា ឆ្នាំ​នេះ គឺជាឆ្នាំនៃការចរចាដែលនឹងបញ្ចប់សង្រ្គាម។

កាលពីដំណាច់ខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន បានគំរាមវាយប្រហារកណ្តាល ទីក្រុងគៀវ ឆ្លើយតបនឹងការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អាម៉េរិក និងអង់គ្លេសមក លើរុស្ស៊ី។

នៅលើបណ្តាញសង្គមតេឡេក្រាម សេវាកម្មសង្រ្គោះបន្ទាន់អ៊ុយក្រែន បានបង្ហាញថា បន្ទាប់ពី​ការ​វាយប្រហារពេលព្រឹក មានមនុស្សស្លាប់ ២នាក់ ៦នាក់ រងរបួស និងមនុស្ស ៤នាក់ ត្រូវ បាន​ជួយសង្រ្គោះ។

ក្រុមអ្នកជួយសង្រ្គោះ បានប្រាប់ថា បានគ្រប់គ្រងនូវអគ្គីភ័យ ដែលបានធ្វើឲ្យខូចខាត​អគារ​លំនៅ​ដ្ឋាន និងអគាររដ្ឋបាល នៅក្នុងសង្កាត់ ប៉េតជែរ នៅភាគកណ្តាលរដ្ឋធានីជាទីតាំង​ប្រវត្តិសាស្រ្ត។ មានអគ្គីភ័យមួយ​ដែលបង្កឡើងដោយសារធ្លាក់កំទេចកំទីដ្រូន ដែលត្រូវបាន​បាញ់​ទម្លាក់ដោយប្រព័ន្ធការពារអាកាស។ យោងតាមប្រភពនេះដែរ អគារនេះគឺជារបស់ ធនាគា​រជាតិអ៊ុយក្រែន ដែលស្ថិតនៅប្រមាណ ៣០០ម ពីការិយាល័យប្រធានាធិបតី។

នៅលើបណ្តាញសង្គម តេឡេក្រាម លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រតិបកម្ម​ថា ទោះបីជា នៅរាត្រីចូលឆ្នាំថ្មី ប្រទេសរុស្ស៊ីមិនបារម្ភពីការធ្វើឲ្យអ៊ុយក្រែនឈឺចាប់ទេ។

យោងតាមក្រុមអ្នកជួយសង្រ្គោះអ៊ុយក្រែន បានឲ្យដឹងទៀតថា អគ្គីភ័យមួយទៀតដោយសារ កំទេចកំទីដ្រូនរុស្ស៊ី ត្រូវបានពន្លត់នៅសង្កាត់ ស្វីយ៉ាតូជីន នៅជាយទីក្រុងគៀវ។ ប្រភពនេះ បានបន្តថា អគារលំនៅដ្ឋាន ១ រថយន្ត ៩គ្រឿង រថភ្លើងទីក្រុង ១ និងខ្សែរថភ្លើងទីក្រុង ១ ត្រូវ រង​ការខូចខាត នៅតំបន់នេះ។

ចំណែកកងទ័ពអាកាសអ៊ុយក្រែន បញ្ជាក់ថា បានបាញ់ទម្លាក់ ដ្រូន ៦៣គ្រឿង ក្នុងចំណោម ១១១ ដែលរុស្ស៊ីវាយប្រហារមកលើអ៊ុយក្រែន។ ដ្រូនទាំងនេះ ជាសំខាន់ គឺប្រភេទ សាហ៊ីដ របស់​អ៊ីរ៉ង និងក៏មានដ្រូនប្រភេទផ្សេងៗ ទៀតដែរ។

យោងតាមកងទ័ពអាកាសអ៊ុយក្រែន ការវាយប្រហារនេះ បានធ្វើឲ្យរបួសរដ្ឋធានី​អ៊ុយក្រែន។ ការ​វាយប្រហារគឺសំដៅ​លើផ្នែកដ៏ធំនៃប្រទេស។ ប៉ុន្តែ​ដ្រូនត្រូវបានបាញ់ទម្លាក់​នៅ​ភាគខាង​ឥសាន ខាងជើង និងអាគ្នេយ៍ និងខាងត្បូងនៃប្រទេសដែរ។

ប្រធានាធិបតីវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានព្រមានថា សម្រាប់ឆ្នាំ២០២៥ អ៊ុយក្រែន នឹងត្រូវ​ប្រយុទ្ធ​នៅលើសមរភូមិ ប៉ុន្តែក៏នៅលើតុចរចាសម្រាប់សន្តិភាពដែរ។ លោកវាយតម្លៃថា ឆ្នាំ​នេះ​​ដែល​​នឹងមក នឹងជាឆ្នាំរបស់អ៊ុយក្រែនហើយ។

កាលពីថ្ងៃអង្គារ នៅក្នុងសេចក្តីថ្លែងសន្ទរកថា លោកវ្លាឌីមៀ ពូទីន មិនបានអធិប្បាយច្បាស់​អំពី​សង្រ្គាមនៅអ៊ុយក្រែនទេ ប៉ុន្តែប្រកាសថា គំនិត និងក្តីសង្ឃឹមរបស់ពុកម៉ែ មិត្តភក្តិ និង​មនុស្ស​​រាប់លាននាក់នៅទូទាំងប្រទេសរុស្ស៊ី គឺស្ថិតនៅជាមួយអ្នកប្រយុទ្ធ និងមេបញ្ជាការ​របស់​ខ្លួន។

 

Daily Program

Livesteam thumbnail