ការវាយប្រហារផ្លូវអាកាសសំដៅលើទីក្រុងគៀវ និងអូដេសា ពេទ្យសម្ភពមួយរង ផលប៉ះពាល់

អាជ្ញាធរតំបន់ បានប្រកាសឲ្យដឹងថា គ្មានភាពធូរស្រាលទេនៅអ៊ុយក្រែន។ ការវាយប្រហារ ថ្មី​ខាង​អាកាសដ៏សម្បើមរបស់រុស្ស៊ី បានសំដៅលើទីក្រុងគៀវ និងទីក្រុងអូដេសា កាលពីរាត្រីថ្ងៃ​ចន្ទ ទី៩ ឆ្លងចូលថ្ងៃអង្ការទី១០ ខែមិថុនា ដែលបានសម្លាប់មនុស្សម្នាក់ និងជា​ពិសេស​ប៉ះពាល់​ដល់មន្ទីរពេទ្យសម្ភពមួយ។

លោកអន់ឌ្រីអ៊ី យើម៉ាក ប្រមុខទីស្តីការប្រធានាធិបតីអ៊ុយក្រែន ​បាន​ប្រតិកម្មថា ៖ “ប្រទេស​រុស្ស៊ី​ភូត​ភរ​រហូតរឿងចង់បានសន្តិភាពរបស់ខ្លួន និង​វាយប្រហារ​មនុស្ស​ជារៀងរាល់ថ្ងៃ។ វា​ដល់​ពេលវេលាដាក់ទណ្ឌកម្ម។ វាជាពេលវេលាគាំទ្រអ៊ុយក្រែន​ជាមួយ​នឹងសព្វាវុធ។ វាជា​ពេល​វេលាបង្ហាញថា ប្រជាធិបតេយ្យមានអំណាច”។

យោងតាមអភិបាលតំបន់ លោកអូឡេហ្គ គីភើ បានឲ្យដឹងថា នៅទីក្រុងអូដេសា បុរសវ័យ ៥៩ឆ្នាំ បានស្លាប់ដោយសារការវាយប្រហារនៅលើអគារលំនៅដ្ឋាននៅកណ្តាលទីក្រុង និង​យ៉ាងហោចណាស់ មនុស្ស ៤នាក់ទៀត រងរបួស ហើយមន្ទីរពេទ្យសម្ភពមួយត្រូវ​រងផល​ប៉ះពាល់។ លោកបានរៀបរាប់ថា​ ៖ “សត្រូវបានវាយប្រហារយ៉ាងសម្បើមមកលើទីក្រុង​អូដេសា ដោយប្រើប្រាស់ដ្រូន។ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បានទទួលរងការខូចខាត និង​មាន​អគ្គីភ័យ។ រុស្ស៊ីបានបាញ់លើមន្ទីរពេទ្យសម្ភព ឃ្លាំងថ្នាំពេទ្យ និងអគារលំនៅដ្ឋាន។ លោក​បញ្ជាក់​​ទៀត​ថា មន្ទីរសម្ភពមួយត្រូវបានជម្លៀសទាន់ពេលវេលា។

នៅរដ្ឋធានីគៀវ មនុស្ស ៤នាក់ បានរងរបួសនៅក្នុងការវាយប្រហារផ្លូវអាកាស។ លោកវីតាលី គ្លីតកូ អភិបាលរដ្ឋធានីគៀវ បានវាយតម្លៃថា នេះគឺជាការវាយប្រហារផ្លូវអាកាស​ដ៏សម្បើម​មួយ​ទៀត ដែលធ្វើបានធ្វើឲ្យអគារជាច្រើនឆាបឆេះ។

ចំណែកប្រមុខរដ្ឋបាលយោធារដ្ឋធានី លោកទីមួរ ត្កាចេនកូ បានប្រាប់ឲ្យដឹងថា មានមនុស្ស​ម្នាក់​រងរបួស​នៅ​ខណ្ឌស្ហ៉េវចិនគីវស្គី ហើយអគារមួយក៏រងអគ្គីភ័យផងដែរ។

នៅកណ្តាលរដ្ឋធានីគៀវ មានការផ្ទុះយ៉ាងហោចណាស់ ១២កន្លែង និងការបាញ់​ពីប្រព័ន្ធ​ការពារ​អាកាស ព្រមទាំងសម្លេងយ៉ាងទ្រហឹងនៃដ្រូនប្រមាណជាង ១០។

លោកវីតាលី គ្លីតកូ បានព្រមានថា ការវាយប្រហារនឹងបន្តជាមួយនឹងការមកដល់នៃដ្រូនថ្មីៗ។

ទីក្រុងនានារបស់អ៊ុយក្រែនត្រូវរងការវាយប្រហារស្ទើរតែជារៀងរាល់ថ្ងៃដោយការ​វាយប្រហារ​ផ្លូវអាកាស ជិតបីឆ្នាំកន្លះ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ​២០២២។

យោងតាមកងទ័ពអាកាស បានឲ្យដឹងថា កាលពីយប់ថ្ងៃអាទិត្យឆ្លងចូលថ្ងៃចន្ទ រុស្ស៊ី បាន​បាញ់​​ដ្រូន​ក្នុងចំនួនឯកតកម្ម ៤៧៩ដ្រូន បំផ្ទុះលើអ៊ុយក្រែន។

ចំណែកនៅរុស្ស៊ី អ៊ុយក្រែនក៏បង្កើនច្រើនដងនូវចំនួនការវាយប្រហារដោយដ្រូនដែលសំដៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធយុទ្ធសាស្រ្ត មានព្រលានយន្តហោះចំនួន ១៣ ត្រូវបានបិទនៅអំឡុង​ពេល​​យប់​ក្នុងហេតុផលសន្តិសុខ ក្នុងនោះរួមទាំងព្រលានយន្តហោះចំនួន ៤ នៅទីក្រុងមូស្គូ និង​ព្រលាន​​យន្តហោះ​មួយនៅទីក្រុងសាំង ប៉េតេស្បួហ្ស៍ផងដែរ។

ទោះបីជាមានវិធានការរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ដែលចង់ភ្ជាប់​ឡើង​វិញ​​នូវទំនាក់ទំនងជាមួយសមភាគីរុស្ស៊ីរបស់លោក លោកវ្លាឌីមៀ ពូទីន កិច្ចចរចា​សន្តិភាព​នៅ​តែស្ថិតនៅក្នុងភាពទាល់ច្រក។

ការឈានទៅមុខមានតែមួយ គឺទីក្រុងគៀវ និងទីក្រុងមូស្គូ បានថ្លែងកាលពីថ្ងៃចន្ទ អំពី​ការ​ចាប់​​ផ្តើម​​នៃការផ្លាស់ប្តូរថ្មីនៃអ្នកទោសសង្រ្គាម​ដែលនឹងបន្តធ្វើនៅប៉ុន្មានថ្ងៃខាងមុខ។ រុស្ស៊ី និង​​អ៊ុយក្រែន បានព្រមព្រៀងដើម្បី​ដោះលែង​រាល់អ្នកទោសសង្រ្គាមដែលរងរបួសធ្ងន់ ឈឺ ឬ​អ្នក​ដែលមាន​អាយុក្រោម ២៥ឆ្នាំ។

 

Daily Program

Livesteam thumbnail