ការវាយប្រហារនៅសមុទ្រក្រហម ៖ សហគមន៍អឺរ៉ុបបញ្ជេញបេសកកម្មផ្ទាល់ខ្លួនប្រឆាំងនឹងក្រុមហ៊ូទី
កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីការបរទេសសហគមន៍អឺរ៉ុប បង្កើតបេសកកម្ម Aspides រយៈពេល ១ឆ្នាំ នៅសមុទ្រក្រហមដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយប្រហាររបស់ក្រុមហ៊ូទី។ បេសកកម្មនេះនឹងប្រតិបត្តិការនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។
លោកយ៉ាហា សារី អ្នកនាំពាក្យយោធា បានថ្លែងថា ៖ “ការវាយប្រហារបន្ថែមទៀត កាលពីថ្ងៃ ទី១៧ ខែកុម្ភៈ ក្រុមបះបោរយ៉េមេន ហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង បានអះអាងថា បានឈាន ទៅវាយប្រហារនាវាប្រេង ប៉ូលលុច ជាមួយនឹងមីស៊ីលជាច្រើនបាញ់ចេញពីនាវា។”
យោងតាមទីបញ្ជាការកណ្តាលរបស់អាម៉េរិក នាវាប្រេងនេះ ដែលដោតទង់ជាតិ ប៉ាណាម៉ា និងជាកម្មសិទ្ធរបស់ប្រទេសដាណឺម៉ាក ត្រូវទទួលរងការវាយប្រហារពីមីស៊ីលបាលីស្ទីកប្រឆាំងនាវាចំនួន ៣ គ្រាប់ ដែលបាញ់ចេញពីតំបន់របស់ប្រទេសយ៉េមេន ដែលគ្រប់គ្រងដោយក្រុមហ៊ូទី។ មិនមានការរងរបួស ឬការខូចខាតត្រូវបានប្រាប់ឲ្យដឹងទេ។
ចាប់តាំងពីខែវិច្ឆិកា ចលនាបះបោរនេះ ដែលគាំទ្រដោយអ៊ីរ៉ង បានដឹកនាំការវាយប្រហារជាបន្តបន្ទាប់ ប្រឆាំងនឹងនាវាទំនិញនៅសមុទ្រក្រហម និងនៅឈូងសមុទ្រអេដេន ដោយរួមសាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីននៃតំបន់ហ្គាហ្សា ដែលអ៊ីស្រាអែលកំពុងមានសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសបន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលា។ ការវាយប្រហារតាមសមុទ្របានបង្ខំឲ្យក្រុមហ៊ុនដើរសមុទ្រជាច្រើនត្រូវវាងផ្លូវយុទ្ធសាស្រ្តនេះ ដែលភ្ជាប់អាស៊ីទៅអឺរ៉ុប ដោយផ្លូវនេះជាច្រកឆ្លងកាត់ពាណិជ្ជកម្មពិភពលោក ១២%។ កប៉ាលកាន់តែច្រើនឡើងៗ សម្រេចចិត្ត ជ្រើសយកផ្លូវផ្សេងដោយវាងទៅជ្រោយអាហ្វ្រិកខាងត្បូង ដែលជាប្រវែងផ្លូវឆ្ងាយ និងចំណាយថ្លៃ។
សម្ព័ន្ធមិត្តទី១ របស់អ៊ីស្រាអែល ទីក្រុងវ៉ាស៊ីនតុន បានដាក់ដំណើរការកាលពីខែធ្នូ នូវសម្ព័ន្ធមិត្តពហុជាតិ ជាមួយនឹងចក្រភពអង់គ្លេស ដើម្បីដាក់គោលដៅវាយប្រហារទីតាំងឈជើងរបស់ពួកហ៊ូទី ជាពិសេសនៅរដ្ឋធានីសាណា ប៉ុន្តែមិនបានឈានសម្រេចបញ្ឈប់ការវាយប្រហារនៅសមុទ្រក្រហមនោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតយ៉េមេន នៅបារាំង លោករ៉ឺយ៉ាដ យ៉ាស៊ីន អាបដុយឡា ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ដើម្បីបញ្ចប់សកម្មភាពរបស់ក្រុមហ៊ូទី។
យោងតាមប្រភពការទូតមួយ បានឲ្យដឹងថា ដើម្បីធ្វើឲ្យមានសុវត្ថិភាពដល់ទំនិញដើរតាមផ្លូវសមុទ្រ សហភាពអឺរ៉ុប ក៏បានដាក់ចេញនូវបេសកកម្មមួយនៅសមុទ្រក្រហម យ៉ាងហោចណាស់មួយឆ្នាំ។
ប្រទេសជាច្រើនបានរួមចំណែកប្រាថ្នាចូលរួមសម្រាប់បេសកកម្មនេះ ដែលដាក់ឈ្មោះថា Aspides ឬខែល ជាភាសាក្រិកបុរាណ នៅក្នុងចំណោមនោះ មានប្រទេស ប៊ែលហ្ស៊ីក អ៊ីតាលី អាឡឺម៉ង និងបារាំង។
អ្នកការទូតអឺរ៉ុបម្នាក់ បានវាយតម្លៃថា បេសកកម្មនេះបង្កើតឡើងដោយរដ្ឋមន្រ្តីកិច្ចការបរទេសនៃសហភាពអឺរ៉ុប ដែលរួមប្រជុំនៅប៊្រុចសែល កាលពីថ្ងៃចន្ទ ប៉ុន្តែរឿងនេះមិនមែនមានន័យថា វាត្រូវបានប្រតិបត្តិការភ្លាមៗនោះដែរ។ ប្រតិបត្តិការគឺនៅពេលបញ្ជាការកំណត់ថា នៅពេលណាខ្លួនមានធនធានគ្រប់គ្រាន់ ដែលនេះត្រូវការពេលប៉ុន្មានសប្តាហ៍ទៅមុខ។
នាវាពិឃាតអាឡឺម៉ង់ ហេសេន បានចាកចេញកាលពីថ្ងៃទី៨ ខែកុម្ភៈ នៅក្នុងទិសដៅឆ្ពោះទៅកាន់សមុទ្រក្រហម ជាមួយនឹងក្រុមនាវិកប្រមាណ២៤០នាក់។ វានឹងត្រូវស្ថិតនៅក្នុងសភាពប្រុងជើងការជាអចិន្រ្តៃយ៍ និងអាចឆ្លើយតបការវាយប្រហារជាយថាហេតុពីមីស៊ីល ដ្រូន និងនាវាអត្តឃាតដែលមានតេឡេបញ្ជា។ ប្រទេសប៊ែលហ្ស៊ិច បានប្រកាសអំពីក្តីប្រាថ្នាបញ្ជូននាវាពិឃាត ម៉ារី ល្វីស។ ចំណែកបារាំង បាននិយាយថា ត្រៀមខ្លូនបញ្ជូននាវាពិឃាតដែលស្ថិតនៅលើសមុទ្រក្រហមស្រាប់សម្រាប់បេសកកម្ម Aspides។ ប្រទេសក្រិកនឹងធានាអំពីការដឹកនាំបញ្ជាការ ហើយអ៊ីតាលីដឹកនាំបញ្ជាការប្រតិបត្តិនៅសមុទ្រ។