ការវាយប្រហារដោយដ្រូន និងមីស៊ីលនៅអំឡុងពេលរីករាលដាលខ្លាំងនៃជម្លោះ រុស្ស៊ី អ៊ុយក្រែន

កាលពីថ្ងៃចន្ទ ទី២៥ វិច្ឆិកា រុស្ស៊ី និងអ៊ុយក្រែនបានវាយប្រហារគ្នាទៅវិញទៅមកដោយប្រើ​ដ្រូន និងមីស៊ីល ដែលជាការរីករាលដាលនៃជម្លោះភាពតានតឹងពេញទំហឹង ការគំរាម​កំហែង​របស់​លោកវ្លាឌីមៀ ពូទីន ប្រឆាំងនឹងលោកខាងលិច និងការប្រើប្រាស់មីស៊ីល​បាលីស្ទីក​រុស្ស៊ី​ជំនាន់​ចុងក្រោយមកលើដែនដីអ៊ុយក្រែន។

កាលពីថ្ងៃចន្ទ ទីក្រុងមូស្គូ បានបញ្ជាក់ថា បានបាញ់ទម្លាក់មីស៊ីលចំនួន ៨ ដែលបាញ់មកពី​អ៊ុយក្រែន ព្រមទាំងគ្រាប់បែកអាកាសដែលជាផលិតផលរបស់អាម៉េរិក។ ក្រសួងការពារជាតិ​រុស្ស៊ី បានបង្ហាញថា ៖ “ប្រព័ន្ធការពារអាកាស បានវាយប្រហារមីស៊ីលបាលីស្ទីកចំនួន ៨ និង គ្រាប់បែកអាកាសទូរគបញ្ជា JDAM ដែលជាផលិតផលរបស់អាម៉េរិក ព្រមទាំងដ្រូនចំនួន ៤៥”។ ប៉ុន្តែ ក្រសួងនេះ មិនបានបញ្ជាក់អំពីប្រភេទនៃមីស៊ីល និងគោលដៅរបស់ពួកវាទេ។

ប្រទេសរុស្ស៊ី បានវាយប្រហារកាលពីសប្តាហ៍មុនទៅលើអ៊ុយក្រែនជាមួយនឹងមីស៊ីល បាលីស្ទីក ដែលអាចរត់ចម្ងាយរហូតដល់ ៥៥០០ គម និងជាមីស៊ីលជំនាន់ចុងក្រោយ តែមិន​មាន​ដាក់បន្ទុកនុយក្លេអ៊ែរ គឺហៅថា មីស៊ីល អូរ៉េចនីក។ រុស្ស៊ីបានសន្យានឹងបង្កើនការវាយ​ប្រហារ​របៀបនេះ​ទៀត ប្រសិនបើទីក្រុងគៀវ​បន្ត​ប្រើប្រាស់មីស៊ីលលោកខាងលិចប្រឆាំង​នឹង​ដែន​ដីរុស្ស៊ី។

មន្រ្តីជាន់ខ្ពស់នានារួមទាំង​ប្រធានាធិបតីរុស្ស៊ី ក៏បានរំឭកថា អាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ បន្ទាប់ពីទីក្រុងគៀវ បានវាយប្រហារគោលដៅយោធានៅក្នុងដែនដីរុស្ស៊ីជាមួយនឹង​មីស៊ីល ATACMS របស់អាម៉េរិក និងមីស៊ីល Storm Shadow របស់អង់គ្លេស។  មីស៊ីលទាំងនេះ អាច​រត់​បានចម្ងាយប៉ុន្មានរយគីឡូម៉ែត្រ។ ច្បាប់លិទ្ធិរបស់រុស្ស៊ីពាក់ព័ន្ធនឹងនុយក្លេអ៊ែរ ក៏ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ដើម្បីសម្រួលដល់ការប្រើប្រាស់គ្រាប់បែកអាតូមិក។

ចំណែកអ៊ុយក្រែន ដែលបានអំពាវនាវឲ្យលោកខាងលិចឆ្លើយតបខ្លាំងប្រឆាំង​នឹងរុស្ស៊ី បាន​និយាយ​ថា ខ្លួនបានវាយប្រហារគោលដៅយោធាជាច្រើន​នៅក្នុងដែនដីរុស្ស៊ី ដោយ​មិនបាន​បញ្ជាក់​ថា ជាអាវុធប្រភេទណាដែលត្រូវបានប្រើប្រាស់នោះទេ។

យោងតាមអាជ្ញាធរតំបន់ ជនស៊ីវិលម្នាក់ត្រូវបានសម្លាប់​នៅក្នុងតំបន់រុស្ស៊ី បេលហ្គារ៉ូដ នៅក្នុង​ការ​​វាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន។

បើតាមប្រភពមួយនៅក្នុងចារកម្មយោធារុស្ស៊ី បានអះអាងថា ដ្រូនបំផ្ទុះមួយចំនួនរបស់​អ៊ុយក្រែន ក៏​បាន​វាយប្រហារនាពេលរាត្រី​ទៅលើដេប៉ូឥន្ទនៈនៅក្នុងតំបន់រុស្ស៊ី កាលូហ្គ៉ា និង​បាន​អះអាង​អំពី​ការខូចខាតខ្លាំងក្លាផងដែរ។

ចំណែកការវាយប្រហារថ្មីរបស់រុស្ស៊ីប្រឆាំងនឹងតំបន់ទីក្រុងអ៊ុយក្រែន បានធ្វើឲ្យមានមនុស្ស ជាង ១០នាក់ រងរបួស កាលពីថ្ងៃចន្ទ មានជាអាទិ៍នៅក្នុងតំបន់កណ្តាលក្រុងខាកគៀវ និង​អូដឺសា។

យោងតាមតុល្យការចុងក្រោយដែលប្រកាសដោយអភិបាលតំបន់ បានឲ្យដឹងថា នៅទីក្រុង​ខាកគៀ ទីក្រុងទី២ របស់អ៊ុយក្រែន មានរងការទម្លាក់គ្រាប់បែកខ្លាំងក្លាដោយ​ទាហាន​រុស្ស៊ី​ចាប់​តាំង​ពីការចាប់ផ្តើមនៃការឈ្លានពាន​ជិត ៣ឆ្នាំ។ មនុស្ស ២៣នាក់ បានរងរបួស ដែល ១៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅអំឡុងការវាយប្រហារពេលព្រឹក ដែលបានបង្ក​ការ​ខូច​ខាត​អគារជាង ៤០។

នៅអឺរ៉ុប ក៏ដូចជា នៅអ៊ុយក្រែន ការភ័យខ្លាចគឺមើលឃើញសហរដ្ឋអាម៉េរិកបង្ខំឲ្យទីក្រុងគៀវ ទទួលការផ្តល់សម្បទានដី ដែលនឹងបង្កបានជាជ័យជម្នះយោធា និងភូមិសាស្រ្តនយោបាយ​នៃវិមានក្រឹមឡាំង ដែលក្រោយមកនឹងមានសេរីភាពដាក់ការគំរាមកំហែង និងការគ្រប់គ្រង​លើ​ប្រទេស​​ជិត​ខាងដទៃៗ ទៀត។ គឺនៅក្នុងបរិបទនេះហើយ ដែលមានកិច្ចប្រជុំបន្ទាន់​នៃ​អង្គការ​ណាតូ-អ៊ុយក្រែន និងដែលរៀបចំធ្វើឡើង​ កាលពី​ថ្ងៃអង្គារ ទី២៦ វិច្ឆិកា។

 

Daily Program

Livesteam thumbnail