ការវាយចូលរបស់យោធាអ៊ុយក្រែនក្នុងទឹកដីរុស្ស៊ីបង្កកំហឹងសម្រាប់លោកពូទីន

យោងតាមប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន នេះគឹជាការបង្កហេតុថ្មីក្នុងកម្រិតធំធេង។ កាលពីថ្ងៃអង្គារ៍ ទី៦ ខែសីហា រុស្ស៊ីបានប្រកាសប្រឆាំងនឹងការជ្រៀតចូលរបស់យោធា អ៊ុយក្រែននៅក្នុងតំបន់ក្បែរព្រំដែនអ៊ុយក្រែន គូស្ក៍។

យោងតាមក្រសួងការពារជាតិរុស្ស៊ី កងកម្លាំងអ៊ុយក្រែន បានជ្រៀតចូលក្នុងតំបន់របស់រុស្ស៊ី នេះ ជាមួយនឹងរថក្រោះ ១០គ្រឿង និងរថពាសដែកជាង ២០គ្រឿង។ យោងតាមសារព័ត៌មាន Financial Times អគ្គមេបញ្ជាការយោធារុស្ស៊ី លោកឧត្តមសេនីយ៍វ៉ាឡេរី​ ហ្គេរ៉ាស៊ីម៉ូវ បាន​បញ្ជាក់ក្រោយមកថា ទាហានអ៊ុយក្រែនរហូតដល់ ១០០០នាក់ ត្រូវបានចល័តក្នុងពេល​ប្រតិបត្តិការ។ ចំណែកទីក្រុងគៀវ រក្សាភាពស្ងៀមស្ងាត់សម្រាប់បេសកកម្មនេះ។

អាជ្ញាធរតំបន់ បាននិយាយថា មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីតំបន់នេះ ដោយ​សារ​​តែការប្រយុទ្ធ និងការទម្លាក់​គ្រាប់បែក ដែលធ្វើឲ្យជនស៊ីវិលយ៉ាងហោចណាស់ ៥នាក់​ស្លាប់ និង២៨នាក់ទៀតរងរបួស។ ហើយគ្រប់សកម្មភាពសាធារណៈត្រូវបានលុបចោល។

នៅអ៊ុយក្រែន នៅក្នុងតំបន់ស៊ូមី ដែលទល់មុខនឹងតំបន់ គូស្ក៍រុស្ស៊ី អាជ្ញាធរបានបញ្ជាឲ្យ ជម្លៀសជាដាច់ខាតចេញពីទីប្រជុំជនចំនួន ២៣។ យោងតាមអាជ្ញាធរតំបន់នេះ លោក វ៉ូឡូឌីមៀ អាកទីយ៉ុខ បានឲ្យដឹងថា នេះគឺជាវិធានការ​ដែលពាក់ព័ន្ធនឹងមនុស្ស ៦០០០នាក់ ក្នុងនោះមានកុមារ ៤២៥នាក់។

យោងតាមក្រសួងសុខាភិបាលរុស្ស៊ី មនុស្ស ១៣នាក់ ដែលមានក្មេង ៣នាក់ ត្រូវបានបញ្ជូន​ទៅ​កាន់មន្ទីរពេទ្យនៅក្នុងតំបន់បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន បានចោទប្រកាន់កងកម្លាំងអ៊ុយក្រែន​ថា​បាន​បាញ់​ដោយ​​មិនមើលជាមួយនឹងអាវុធផ្សេងៗ និងរ៉ូកែត ទៅលើអគារជនស៊ីវិល លំនៅដ្ឋាន និង​ឡាន​​ពេទ្យ​ផង។ ក្រោយមកលោកជួបពិភាក្សាជាមួយមន្រ្តីកងកម្លាំងសន្តិសុខ និងយោធា និង​បញ្ជា​​ឲ្យ​អាជ្ញាធរតំបន់ផ្តល់ជំនួយចាំបាច់ទៅដល់ប្រជាជន។

ក្រសួងការពារជាតិ​រុស្ស៊ីអះអាងថា ទាហានរុស្ស៊ី បានរារាំងសត្រូវចូលជ្រៅនៅក្នុងដែនដីរុស្ស៊ី និង​ហាក់ដូចជាទទួលស្គាល់ថា ទាហានអ៊ុយក្រែនបានដណ្តើមដីគ្រប់គ្រង​នៅក្នុងពេលជ្រៀត​ចូលនេះ។

អគ្គមេបញ្ជាការកងទ័ពរុស្ស៊ី ឧត្តមសេនីយ៍ វ៉ាឡេរី​ ហ្គេរ៉ាស៊ីម៉ូវ ក៏បានអះអាងប្រាប់​លោក​ពូទីន​ថា ៖ ”ការរុលទៅមុខរបស់សត្រូវនៅក្នុងជម្រៅនៃដែនដីរុស្ស៊ី ត្រូវបានបញ្ឈប់ដោយការវាយ​ប្រហារ​​តាមផ្លូវអាកាស និងកាំភ្លើងធំ។”

យោងតាមបណ្តាញ តេឡេក្រាម រីបា ដែលមានមនុស្សតាមដានជាង ១លាននាក់ និងស្និទ្ធនឹង​​យោធារុស្ស៊ី បានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែន ដណ្តើមបានភូមិ៣ នៅក្នុងតំបន់ គូស្ក៍។ ចំណែក​។​ប្រភពមួយនៅក្នុងសេវាកម្មសន្តិសុខអ៊ុយក្រែន SBU បានអះអាងថា ការបំផ្លាញ តាម​ផ្លូវ​​អាកាសដោយប្រើដ្រូនតូច កំទេច ឧទ្ធម្ភាចក្ររុស្ស៊ី Mi-28 គឺជាប្រវត្តិសាស្រ្ត​ទី១ នៅក្នុង​សង្រ្គាម។

អាជ្ញាធរអ៊ុយក្រែនត្រូវបានគេពិនិត្យឃើញនូវភាពស្ងៀមស្ងាត់ស្ទើតែទាំងស្រុង​នៅក្នុងតំបន់ គូស្ក៍។ មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនជាច្រើន បានបដិសេធមិនធ្វើការអធិប្បាយ។

អ្នកជំនាញយោធាអ៊ុយក្រែន លោកសឺហ្គ៊ីអ៊ី ហ្គូរ៉េ បានថ្លែងថា គោលដៅមួយក្នុងចំណោម​គោលដៅជាច្រើនរបស់ទីក្រុងគៀវ គឺទាញធនធានបម្រុងរបស់រុស្ស៊ី ធ្វើឲ្យងាយស្រួលដល់​សកម្ម​ភាពយោធារបស់អ៊ុយក្រែននៅក្នុងតំបន់ខាកគៀវ និងអាចជាតំបន់ដទៃៗ ទៀតដែរ។ លោកវាយតម្លៃថា ទាហានអ៊ុយក្រែនហាក់ព្យាយាម​បង្វែរកងកម្លាំងរុស្ស៊ីចេញពីតំបន់ផ្សេងៗ នៃសមរភូមិផងដែរ។

 

Daily Program

Livesteam thumbnail