ការរាប់ថយក្រោយបានចាប់ផ្តើមហើយសម្រាប់បូជនីយេសក៍ឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យនៅប៉េណាំង
ទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ដែលមានភាពរស់រវើក កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ បូជនីយេសក៍ឆ្ពោះទៅក្តីសង្ឃឹម ដែលជាការជួបជុំសំខាន់របស់មេដឹកនាំកាតូលិកនៅទូទាំងទ្វីបអាស៊ី ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះប្រមូលផ្តុំនូវអភិបាល បូជាចារ្យ បព្វជិត-ជិតា និងមេដឹកនាំជាគ្រហស្ថ ដោយមានគោលបំណងពិចារណា ជជែកគ្នា ប្រារព្ធ និងគូសបង្ហាញផ្លូវដែលពោរពេញដោយក្តីសង្ឃឹមសម្រាប់ព្រះសហគមន៍កាតូលិកនៅអាស៊ី។
ឯកឧត្តម លោក Datuk Aaron Agu Dagang រដ្ឋមន្ត្រីក្រសួងឯកភាពជាតិ ប្រទេសម៉ាឡេស៊ី នឹងផ្តល់កិត្តិយសក្នុងពិធីបើកសម្ពោធនៅថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងប៉េណាំង ហើយនឹងថ្លែង សុន្ទរកថាបើកព្រឹត្តិការណ៍នេះ។
ប្រធានបទ និងគោលបំណង
ធម្មយាត្រានឹងឆ្លុះបញ្ចាំងលើប្រធានបទ “ការធ្វើដំណើររួមគ្នាជាសហគមន៍នៃប្រជាជាតិអាស៊ី” ដោយគូសបញ្ជាក់ពីបំណងប្រាថ្នារបស់ព្រះសហគមន៍កាតូលិកដើម្បីរួមគ្នាក្នុងជំនឿ និងប្រារព្ធភាពសម្បូរបែបនៃទ្វីបនេះ។ កម្មវិធីនេះ រៀបចំដោយការិយាល័យផ្សាយដំណឹងល្អនៃសភាអភិបាលកាតូលិកអាស៊ី(FABC) និងធ្វើជាម្ចាស់ផ្ទះដោយភូមិភាគប៉េណាំង ហើយគាំទ្រដោយសមាគមបេសកកម្មនៃសន្តអន្តអាសនៈសម្រាប់ទ្វីបអាស៊ី (Pontifical Mission Societies – Asia) និងសហការជាមួយសភាអភិបាលកាតូលិកនៃប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រ៊ុយណេ។
គណៈប្រតិភូ និងកម្មវិធី
ធម្មយាត្រា នឹងប្រមូលផ្តុំគណៈប្រតិភូចំនួន៧៧៣នាក់ មកពី ២៣ ប្រទេស រួមមាន ឥណ្ឌា (១២២) ហ្វីលីពីន (១២៨) ម៉ាឡេស៊ី (១៤៤) ថៃ (៣៤) វៀតណាម (៣០) និងប្រទេសដទៃទៀត។ ការជួបជុំនេះនឹងចូលរួមពីមេដឹកនាំព្រះសហគមន៍កាតូលិកសំខាន់ៗដូចជា កាឌីណាល់ លូវីស អាន់តូនីញ៉ូ តាគ្លេ (Cardinal Luis Antonio Cardinal Tagle) អ្នកទទួលខុសត្រូវលើក្រសួងសម្រាប់ប្រកាសដំណឹងល្អសម្រាប់ប្រជាជាតិទាំងឡាយ កាឌីណាល់ ប៉ាប៉្លូ វើគីលីអូ ដាវីឌ (Cardinal Pablo Virgilio David) អភិបាលនៃភូមិភាគកាលូកាន-ហ្វីលីពីន លោកអគ្គអភិបាល ស៊ីមូន ផូ (Archbishop Simon Poh) អភិបាលនៃភូមិភាគគូឈីង-ម៉ាឡេស៊ី កាឌីណាល ដាតូ ស៊ើរី សេបាស្ទៀន ហ្វ្រាន់ស៊ី (Cardinal Dato’ Seri Sebastian Francis) អភិបាលនៃភូមិភាគប៉េណាំង និងអភិបាល ចច ប៉ាលីពប៉ារ៉ាមបីល (Bishop George Pallipparambil, SDB) ប្រធានគណៈកម្មការនៃការិយាល័យសម្រាប់ប្រកាសដំណឹងល្អរបស់សភាលោកអភិបាលអាស៊ី។
អនុលោមតាមទម្រង់នៃការប្រជុំតាមបែបស៊ីណូដាល (Synodal Format) ធម្មយាត្រានឹងលើកទឹកចិត្តដល់ឱ្យ ចែករំលែក ធ្វើកិច្ចសន្ទនា និងស្តាប់គ្នាទៅវិញទៅមកក្នុងចំណោមអ្នកចូលរួម។ កម្មវិធីនឹងរាប់បញ្ចូលទាំងសុន្ទរកថាគន្លឹះ និងវគ្គសិក្សាដែលមានឥទ្ធិពល ដោយឈ្វេងយល់ពីប្រធានបទនានា ដូចជា កិច្ចបម្រើយុវជន សន្តិភាព និងការផ្សះផ្សា កិច្ចសន្ទនាអន្តរសាសនា និងការថែរក្សាផ្ទះរួមរបស់យើង។
ពិធីបុណ្យអភិបូជា និងទិដ្ឋភាពវប្បធម៌សំខាន់ៗ
ធម្មយាត្រា នឹងរាប់បញ្ចូលទាំងពិធីបុណ្យអភិបូជាឱឡារិកជាសាធារណៈ នៅបាស៊ីលីកានៃព្រះវិហារតូចសន្តីហាណា (Minor Basilica of St. Anne) ក្រោមអធិបតីភាពរបស់កាឌីណាល់ លូវីស អាន់តូនីញ៉ូ តាគ្លេ។ នេះគឺជាព្រះវិហារប្រវត្តិសាស្ត្រ និងត្រូវបានគោរពបូជាបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បន្ទាប់ពីពិធីបុណ្យអភិបូជា ការជួបជុំនឹងមានប្រគំតន្ត្រីពិសេស ដោយលោកឪពុករ៉ុប ហ្គាលៀ (Fr. Rob Galea) មកពីប្រទេសអូស្ត្រាលី ដែលជាអ្នកចម្រៀង អ្នកនិពន្ធបទចម្រៀង អ្នកនិពន្ធ និងស្ថាបនិកនៃក្រុមអាយខនមីនីស្ទ្រី (ICON Ministry) ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលំដាប់អន្តរជាតិ។
ព្រឹត្តិការណ៍នេះក៏នឹងមានកម្មវិធីវប្បធម៌ផ្សេងទៀត រួមទាំងការប្រគំតន្ត្រីពីក្រុម ឌឹ រ៉េចប៊េន (The Rexband) ដោយគូសបញ្ជាក់ពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់អាស៊ី។
ការផ្សព្វផ្សាយព័ត៌មាន
វិទ្យុវើរីតាសអាស៊ី គឺជាដៃគូប្រព័ន្ធផ្សព្វផ្សាយផ្លូវការនៃព្រឹត្តិការណ៍បូជនីយេសក៍ឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យនេះ។ ទស្សនិកជនអាចតាមដានព័ត៌មានផ្សាយបន្តផ្ទាល់ ចំណុចសំខាន់ៗ និងរឿងរ៉ាវនានានៅលើទំព័រហ្វេសបុក អ៊ីស្តាក្រាម យូរធូប អ៊ិច និងទិកតុក ដែលមានឈ្មោះ @VeritasAsia ឬតាមរយៈគេហទំព័ររបស់យើង www.rvasia.org។
ធម្មយាត្រានេះ សន្យាថានឹងក្លាយជាពេលវេលាកំណត់សម្រាប់ព្រះសហគមន៍កាតូលិកនៅអាស៊ី – ដែលជាការធ្វើដំណើរនៃជំនឿ ឯកភាព និងក្តីសង្ឃឹម ដែលបំផុសគំនិតដល់មនុស្សជំនាន់ក្រោយឱ្យរស់នៅក្នុងជំនឿកាតូលិក ខណៈពេលដែលផ្តល់កិត្តិយសដល់ភាពសម្បូរបែបនៃវប្បធម៌របស់ទ្វីបនេះ៕