ការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១២នឹងប្រព្រឹត្តទៅនៅថ្ងៃ២៩ មិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ
ព្រឹត្តិការណ៍នៃការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១២ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃ២៩ មិថុនា ២០២៥ ក្នុងសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ។ ការប្រកួតនឹងត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិ ទទក (TVK) និង ផេកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា។
យោងតាមគេហទំព័រ Robocon Cambodia 2025 បានឱ្យដឹងថា ការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១២ នឹងប្រព្រឹត្តទៅនាថ្ងៃទី ២៩ មិថុនា ២០២៥ ដែលមានការចូលរួមប្រកួតពីនិស្សិតមកពីបណ្តាសាកលវិទ្យាល័យផ្សេងៗ រួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។
កម្មវិធីប្រកួតរ៉ូបូតលើកទី១១ កាលពីឆ្នាំមុនបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៤ ក្រុមដែលជាជ័យលាភីលេខ ១ គឺក្រុម ITC 02 ដែលជាក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំណែកឯជ័យលាភីលេខ ២ និងលេខ ៣ បានទៅលើនិស្សិតពីរក្រុមដែលមកពី វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ( NPIC)។
ការប្រកួតប្រជែង ABU Robocon ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 2002 ដោយ ABU មានគោលបំណងលើកកម្ពស់មិត្តភាពក្នុងចំណោមអ្នកដែលស្រលាញ់វិស័យរ៉ូបូតជំនាន់ក្រោយ និងជំរុញឱ្យមានការជឿនលឿនផ្នែកវិស្វកម្ម និងការផ្សព្វផ្សាយទូទាំងតំបន់៕



Daily Program
