ការប្រកួតកីឡា«យុទ្ធគុនចម្រុះខ្មែរបុរាណ»ចាប់ផ្តើម ដើម្បីរំលឹកឡើងវិញយុទ្ធគុនបុរាណដូនតាខ្មែរ

ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» នៅថ្ងៃទី ១៨ តុលានេះ បានប្រកាសចាប់ផ្តើមជាផ្លូវការហើយ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ជាការប្រកួត ដើម្បីគាស់រំលេចឡើងវិញនូវយុទ្ធគុនបុរាណ ក្បួនយុទ្ធគុន យុទ្ធសិល្ប៍ យុទ្ធោបករណ៍បុរាណ និងយុទ្ធសាស្ត្រសង្គ្រាម របស់ព្រះមហាវីរក្សត្រ និង វីរបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់។

ការប្រកួតកីឡា«យុទ្ធគុនចម្រុះខ្មែរបុរាណ»មានកីឡាយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ចូលរួមប្រមាណជិត៥០០នាក់ ទាំងប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ស្រង៉ែពែន និង ក្រុមយុទ្ធគុនកងយោធពលខេមរភូមិន្ទ។ក្រៅពីនេះ ក៏មានការរៀបចំពិព័ណ៌អាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ នៅមុខវិមានពហុកីឡដ្ឋានជាតិ ការតាំងបង្ហាញសិលាចារឹក ចារប្រវត្តិមហាយុទ្ធគុនបុព្វបុរសដូនតាខ្មែរ។ 

លោក ថោង ខុន ប្រធានគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ បានបង្ហាញពីមោទនភាព ចំពោះព្រះមហាវីរក្សត្រ និងវីរបុព្វបុរសដូនតាខ្មែរ ដែលបានខិតខំបង្កើតវប្បធម៌ អរិយធម៌ និង រតនសម្បត្តិមហាសាល ទាំងរូបី ទាំងអរូបី ឱ្យកូនខ្មែរគ្រប់ជំនាន់។លោកសង្ឃឹមជឿជាក់ថា តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់ សម្តេចបវរធិបតី» នាពេលនេះ នឹងក្លាយជាកាលានុវត្តភាពដ៏សំខាន់ក្នុងការធ្វើទំនើបកម្ម និង អភិវឌ្ឍយុទ្ធគុនចម្រុះ ខ្មែរបុរាណឱ្យមានការរីកចំរើន ស្របតាមស្តង់ដាកីឡាអន្តរជាតិ និងគោលការណ៍ចលនាអូឡាំពិកឈានឆ្ពោះទៅទទួលស្គាល់ជាអន្តរជាតិ និង អាចបញ្ចូលទៅក្នុងការប្រកួតកីឡាកម្រិតតំបន់ និងកម្រិតអន្តរជាតិ នាពេលអនាគត៕

Daily Program

Livesteam thumbnail